ក្នុងពេលដែលមេដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា ឬបក្សកុំមុយនីស្តកម្ពុជា ឬក៏គណបក្សប្រជាជនកម្ពុជា មានយួន ហូ ជីមិញ និងអ្នកនយោបាយយួនជាច្រើននាក់ធ្វើជាគ្រូបង្វឹកនយោបាយនោះ មេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ក៏គួរតែរៀនសូត្រពីគំរូដឹកនាំនយោបាយ និងយុទ្ធសាស្រ្តនយោបាយពីអ្នកដឹកនាំនៃប្រទេសដ៏ទៃផងដែរ បើមិនហ៊ានរៀនតាមគំរូនយោបាយរបស់អ្នកនយោបាយអាមរិកាំងទេក៏គួរតែរៀនសូត្រនយោបាយពីមេដឹកនាំនៃប្រទេសជិតខាងខ្មែរ គឹពួកមេដឹកនាំសៀមដែរ ។
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ នេះ ទីប្រឹក្សាច្បាប់របស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ ជាអតីតៈនាយករដ្ឋមន្រ្តីសៀម ដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ បានប្រកាស់ថា គេបានជួលមេធាវីអន្តរជាតិមួយរូបគឹលោក គឺលោក អាឡិចសង់ដ័រ ខេ ណុប (Alexander K Noops) និងក្រុមមេធាវីអន្តរជាតិរបស់លោក រ៉ូប៊ើត អាំ ស្ល៊ើដាំ (Robert Am-Slerdam) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ អោយបើកការស៊ើបអង្កេតករណីសម្លាប់រង្គាល់ទៅលើសមាជិកក្រុមអាវក្រហមនៅក្នុងបាងកក និងរៀបចំសំណុំរឿងប្តឹងប្រឆាំងរដ្ឋាភិបាលសៀម នៅតុលាការឧក្រិដ្ឋកម្ម និងវិច្ឆេទកម្មអន្តរជាតិ ។
ព្រឹត្តិការណ៍ដែលរដ្ឋាភិបាលក្រុងបាងកក បានបើកយុទ្ធនាការយោធា បង្រ្កាបទៅលើក្រុមបាតុករនៅក្នុងទីក្រុងបាងកក នាពេលបច្ចុប្បន្ននេះ គឹមិនខុសគ្នានឹងព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន បានបញ្ជាយោធា និងប៉ូលីស អោយបង្រ្កាបក្រុមបាតុករ ជាក្រុមចលនានិស្សិត ចលនាពលរដ្ឋនិងចលនាសមណនិស្សិត ដែលបានងើបឡើងបះបោរធ្វើបាតុកម្មតវ៉ាប្រឆាំងកាលពីឆ្នាំ ១៩៩៨ – ៩៩ នោះទេ ។ កាលណោះដោយសារពលរដ្ឋ និស្សិត និងព្រហសង្ឈ គាំទ្រលោក សម រង្ស៊ី និងគាំទ្រសម្តេចនរោត្តម រណឬទ្ធិ ទើបមានបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោតដែលលួចបន្លំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន និងទាមទារអោយលោកហ៊ុន សែន ចុះចេញពីអំណាច ។ តែនៅទីបំផុត នៅពេលដែលក្រុមពួកអ្នកនយោបាយប្រឆាំង ហ៊ុន សែនដែលដឹកនាំដោយ នរោត្តម រណឬទ្ធិ និង សម រង្ស៊ី ស្តាប់ការឱវ៉ាទរបស់ សម្តេច នរោត្តម សីហនុ ព្រមចូលរួមប្រជុំរដ្ឋសភា ដើម្បីស្បថចូលកាន់ដំណែងជាតំណាងរាស្រ្តនោះបានធ្វើអោយក្រុមបាតុករ រាប់ម៉ឺននាក់ ដែលចេញមកគាំទ្ររងនូវការវាយប្រហា ត្រូវគេតាមចាប់ និងសម្លាប់ អស់រាប់រយនាក់ទាំងចំហរ និងទាំងលាក់កំបាំង តែ សម រង្ស៊ី និង នរោត្តម រណឬទ្ធិ មិនបានរកមេធាវីអន្តរជាតិណាម្នាក់អោយជួយស្រាវជ្រាវរឿងឧក្រិដ្ឋកម្មទាំងអស់នេះហើយប្តឹងរកយុត្តធម៌អោយជនរងគ្រោះជាសមាជិកក្រុមបាតុករ ឬជាសមាជិកក្រុមគ្រួសារ នៃជនរងគ្រោះដែលត្រូវគេសម្លាប់ ចាប់វាយធ្វើបាប ទាំងអស់នោះឡើយ ។
ក្រុមអ្នកនយោបាយខ្មែរ ដែលពួកគេភាគច្រើនធ្វើនយោបាយបានដោយសារតែឱកាស់ហុចអោយ និងដោយគ្មានការតាំងចិត្តច្បាស់លាស់ពីដើមទីមកនោះ គឺសុទ្ធតែជាក្រុមមនុស្សដែលចូលចិត្តបោកទឹក ចិត្ត ពលរដ្ឋ និងបំផ្លាញការជឿជាក់របស់ពលរដ្ឋ ។ ពួកក្រុមអ្នកនយោបាយទាំងអស់នេះយល់ស្មានៗថា គេអាចបន្តធ្វើនយោបាយតាមរបៀប សម្តេច នរោត្តម សីហនុ ឬក៏បន្តនូវរូបមន្តនយោបាយដ៏ឆ្កួត លេលា របស់ សម្តេច នរោត្តម សីហនុ បានតទៅទៀត ហើយប្រជាពលរដ្ឋមិនដឹងខ្យល់អ្វីទាល់តែសោះ ចាំតែ ស្តាប់តាមការហែហៃរបស់ពួកគេ ។
គួរំលឹកថា សម្តេច នរោត្តម សីហនុ កាលពីកំឡុងឆ្នាំ១៩៦០ ក្រោយពេលត្រឡប់មកពីបំពេញទស្សនៈកិច្ចនៅអាកេរិក ធ្លាប់បានកុហក់ពលរដ្ឋខ្មែរថា សហរដ្ឋអាមេរិក វាគ្មានអ្វីជឿនលឿន ឬអស្ចារ្យ ជាងប្រទេសខ្មែរដែលកំពុងតែដឹកនាំដោយព្រះអង្គនោះទេ ។ សម្តេច នរោត្តម សីហនុ ថែមទាំងបាននិយាយបញ្ចើចថែមទៀតថា នៅប្រទេសអាមេរិកធ្វើដំណើរមួយថ្ងៃមិនប្រទះឃើញបង្គោលគីឡូមួយផង ។
មកដល់ពេលបច្ចុប្បន្ននេះ ក្រុមអ្នកនយោបាយខ្មែរ ដែលស្ថិតនៅក្រោមផ្លាកអ្នកប្រជាធិបតេយ្យ ឬនៅក្រោមផ្លាកគណបក្សប្រឆាំង ក៏កំពុងតែព្យាយាមដើរនយោបាយ កុហក់ បោកប្រាស់ពលរដ្ឋ តាមតែរបៀប សម្តេច នរោត្តម សីហនុ បានបោកប្រាស់ពលរដ្ឋខ្មែរ កាលពីកំឡុងឆ្នាំ១៩៦០ ដែរ ។
លោក សម រង្ស៊ី និង លោក ស៊ាង ប៉េង សែ ដែលបានមកដល់ទឹកដីអាមេរិក ដើម្បីធ្វើការបង្ហាញពីឯកសារព្រំដែនដែលរដ្ឋាភិបាលយួន និងរដ្ឋាភិបាលក្រុងភ្នំពេញ បានព្យាយាមបោះបង្គោលពុះចែក ដែនដីខ្មែរកម្ពុជាក្រោមអោយក្លាយទៅជាមានព្រំដែនជាមួយប្រទេសខ្មែរនោះបាននិយាយថា «មានតែរដ្ឋាភិបាលទេ ដែលមានសិទ្ធ និងអំណាចប្តឹងតវ៉ាទៅអង្គការសហប្រជាជាតិ ឬប្តឹងទៅតុលាការអន្តរជាតិ ស្តីពីការរំលោភសន្ធិសញ្ញា នៃកិច្ចព្រមព្រៀង ក្រុងប៉ារីស ២៣ តុលា ១៩៩១ បាន» ពួកអ្នកទាំងពីរនាក់នេះបន្តថា «ប្រសិនបើគណបក្សំសម រង្ស៊ី ជាប់ឆ្នោត បង្កើតជារដ្ឋាភិបាលទើបមានសិទ្ធិ ប្តឹងបាន»។
ការពោល និងរៀបរាប់ខាងលើនេះ គឺជាសុទ្ធតែជាពាក្យសម្តីបោកប្រាស់ ឬក៏ជាសម្តីរបស់ពួកអ្នកដែល មិនដែលធ្វើការសិក្សាស្រាវជ្រាវ ពីច្បាប់អន្តរជាតិ និងឬក៏ជាសម្តីរបស់ពួកក្រុមអ្នកនយោបាយ ដែលមិនចង់អោយពលរដ្ឋដឹងការពិតនិងមានចេតនាធ្វើប្រជាភិថុរ ក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដែលគ្រាន់តែចង់ទៅកាន់អំណាចតែប៉ុណ្ណោះ តែតាមពិតគឺពួកគេគ្មានបំណងចង់ជួយដោះស្រាយបញ្ហាជាតិ និងទុក្ខលំបាករបស់ពលរដ្ឋពិតប្រាកដនោះទេ ។
ច្បាប់អន្តរជាតិ មិនបាននិយាយថា មានតែរដ្ឋាភិបាលទើបមានសិទ្ធិប្តឹងតវ៉ា នៅតុលាការវិច្ឆេទកម្មអន្តរជាតិ ឬក៏មិនបាននិយាយថា ពលរដ្ឋ និអ្នកតំណាងពលរដ្ឋ គ្មានសិទ្ធិប្តឹងតវ៉ានោះទេ ។ តែច្បាប់នេះបាននិយាយយ៉ាងច្បាស់ថា សូម្បីតែប្រជាពលរដ្ឋម្នាក់ ដែលរងនូវការរំលោភពិតប្រាកដពីរដ្ឋាភិបាល នៃប្រទេសណាមួយក៏មានសិទ្ធិធ្វើជាដើមបណ្តឹងដើម្បីប្តឹងតទល់ជាមួយនិងរដ្ឋាភិបាល នៃប្រទេសនោះដែរ ។
ចំពោះប្រទេសខ្មែរ កិច្ចព្រមព្រៀងក្រុងប៉ារីស គឹជាសន្ធិសញ្ញាអន្តរជាតិ ដែលទទួឡស្គាល់ដោយអន្តរជាតិ មានប្រទេសជាងត្ថលេខីចំនួន ១៨ ប្រទេស បានចុះហត្ថលេខា និងមានអង្គការសហប្រជាជាតិ ជាអ្នកផ្តួចផ្តើម និងទទួលខុសត្រូវ ។ កិច្ចព្រមព្រៀងនេះមិនស្លាប់ជាដាច់ខាត ហើយមានជីវិត និងសុពលភាពជានិច្ចនិរន្ត ប៉ុន្តែការអនុវត្តន៍ ឬការរំលោភកិច្ចព្រមព្រៀងនេះ វាជាភារកិច្ចរបស់ក្រុមអ្នកនយោបាយខ្មែរ ឬក្រុមអ្នកតំណាងពលរដ្ឋខ្មែរដែលមានតួរនាទិឃ្លាំមើល រួចហើយរាយណ៍ ឬប្តឹងតវ៉ា ដើម្បីអោយប្រទេសជាហត្ថលេខី និងអន្តរជាតិ គេមកជួយអន្តរាគមន៍ ។
ក្នុងរយៈកាលកន្លងមក មិនមានអ្នកនយោបាយណាម្នាក់ ឬក៏មានក្រុមតំណាងពលរដ្ឋណាមួយបានធ្វើពាក្យបណ្តឹង ដើម្បីប្តឹងទៅកាន់តុលាការវិច្ឆេទកម្មអន្តរជាតិ ស្តីពីការរំលោភកិច្ចព្រមព្រៀនេះទេ ពោលគឹមានត្រឹមតែអ្នករាយការណ៍ទៅអន្តរជាតិ ថាកិច្ចព្រមព្រៀងត្រូវបានគេរំលោភតែប៉ុណ្ណោះ ។
ការធ្វើសេចក្តីរាយការណ៍ និងធ្វើការប្តឹងតវ៉ា គឺមានន័យខុសគ្នាស្រឡះ និងមានសកម្មភាពខុសគ្នាដូចជាមេឃ និងដី ។ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានបំភ្លៃ និងបន្លំពាក្យនិយាយកុហក់ពលរដ្ឋខ្មែរនៅអាមេរិកាំង កាណាដា និង អឺរ៉ុបថា ខ្លួនបានដាក់ពាក្យប្តឹងទៅប្រទេសហត្ថលេខី ទៅសភាសហគមន៍អឺរ៉ុប និងប្តឹងទៅប្រទេសនានាហើយ ។ តាមន័យនេះគឺពួកគេមានចេតនានិយាយកុហក់ ឬក៏ពួកគេមិនយល់ពីភាសាច្បាប់ព្រោះតែពួកគេបានធ្វើត្រឹមតែសេចក្តីរាយការណ៍តែពួកគេនិយាយថា ពួកគេបានប្តឹងទៅវិញ ។
ដើម្បីកំអោយពលរដ្ឋខ្មែរមានមន្ទិលសង្ស័យ និងចាញ់បោកសម្តីរបស់ក្រុមអ្នកនយោបាយទាំងនោះបន្តទៅទៀតដែលចូលចិត្តយកបញ្ហាជាតិ មកធ្វើជាលេសរៃអង្គាសយកថវិកា ឬប្រាក់ឧប្បត្ថម្ភ ចូលក្នុងហោប៉ៅឯកជននោះ ពលរដ្ឋខ្មែរតោងយល់ថា «ការប្តឹង វាលុះត្រាណាតែមានមេធាវី ឬក្រុមអ្នកច្បាប់ ធ្វើការកសាងសំណុំរឿង រួចហើយដាក់ពាក្យប្តឹងទៅតុលាការ» ចំណែកឯសេចក្តីរាយការណ៍គឺថា «គ្រាន់តែសរសេររបាយការណ៍ ដោយនណាម្នាក់ឬដោយក្រុមណាមួយ រួចហើយទៅធ្វើសេចក្តីថ្លែងការណ៍ ឬក៏ផ្ញើររបាយការណ៍ជូនសក្សីណាម្នាក់ ឬក៏អោយទៅក្រុមអ្នកយកព៍ត៌មាន ប៉ុណ្ណោះ» ។
ការដែលហៅថា «ប្តឹង» គឺធ្វើដូចលោក សម រង្ស៊ី ធ្លាប់បានប្តឹងលោក ហ៊ុន សែន កាលពីឆ្នាំ២០០៤ នៅតុលាការក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ឬក៏ដូចជាពេលនេះ អតីតៈនាយករដ្ឋបន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួលមេធាវីអន្តរជាតិគឺលោក Alexander Knoops និងក្រុមមេធាវីអន្តរជាតិលោក Robert Am-Slerdam អោយធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីការបង្រ្គាប និងសម្លាប់ក្រុមបាតុករ អាវក្រហម ដែលរដ្ឋាភិបាលសៀមបច្ចុប្បន្នបានអនុវត្តន៍ក្នុងទីក្រុងបាងកក នាពេលនេះអញ្ចឹង ។
ប៉ុន្តែករណី ព្រំដែនខ្មែរដែលប្រទេសជិតខាងរំលោភ និងការមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ពីសំណាក់រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលនៃប្រទេសជិតខាងកម្ពុជា តើ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានជួល ឬមានក្រុមមេធាវីអន្តរជាតិ កាន់សំណុំរឿងនេះហើយឬនៅ? បើមិនទាន់មានទេ ហេតុអ្វីក៏ហ៊ានដើរនិយាយប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសថា ពួកខ្លួនបានប្តឹងរួចហើយ? តើអ្នកនយោបាយ និងអ្នកបច្ចេកទេស ទាំងពីរនាក់នេះយល់ពីភាសាច្បាប់ និងគន្លឹះនៃនីតិវិធីច្បាប់ដែរឬទេ? ប្រសិនបើ ស៊ាន ប៉េង សែ មិនយល់នោះ តែ សម រង្ស៊ី ដែលជាអ្នកដឹកនាំបក្សនយោបាយម្នាក់ត្រូវតែយល់រឿងនេះអោយបានច្បាស់ ព្រោះខ្លួនលោកធ្លាប់មានបទពិសោធន៍ ប្តឹង លោក ហ៊ុន សែន នៅក្នុងតុលាការក្រុង ញូវយ៉ក រួចម្តងមកហើយ ។ កាលណោះប្រសិនបើសម រង្ស៊ី និងលោក Ron Abney គ្មានលោក Morton Sklar ធ្វើជាមេធាវី ដើម្បីរៀបចំកសាងសំណុំរឿងដើម្បីដាក់ពាក្យប្តឹងទៅតុលាការទេ តើតុលាការគេព្រមទទួលក្តី និងបើកការស៊ើបអង្កេតសំណុំរឿងបោកគ្រាប់បែកនៅមុខរដ្ឋសភា កាលពីខែមិនា ឆ្នាំ១៩៩៧ នោះទេ?
ជំហ៊ានមួយទៀតដែលលោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួលមេធាវីអន្តរជាតិ អោយស៊ើបអង្កេតសំណុំរឿងបង្រ្កាបក្រុមបាតុករអាវក្រហមនៅក្នុងទីក្រុងបាងកក គឺបានឆ្លើយតប និងបង្ហាញអោយពលរដ្ឋខ្មែរ ដឹងជាសាធារណៈថា«មិនមែនមានតែរដ្ឋាភិបាល ដែលកំពុងតែកាន់អំណាចទេ ដែលមានសិទ្ធិ ប្រើប្រាស់សិទ្ធិធ្វើការប្តឹងតវ៉ាក្តីនៅក្នុងតុលាការវិច្ឆេទកម្មអន្តរជាតិនោះ» ។ ដូច្នោះ សម រង្ស៊ី និង ស៊ាន ប៉េង សែ ត្រូវតែរៀនសូត្រតាមគំរូរបស់អតីតៈនាយករដ្ឋមន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ ដែលគេព្យាយាមរកយុត្តិធម៌អោយជនរងគ្រោះ ដែលជាពលរដ្ឋរបស់គេ និងជាក្រុមអ្នកគាំទ្រនយោបាយរបស់គេ នៅក្នុងឆាកតុលាការអន្តរជាតិ ។
មិនមែនមានតែសំណុំរឿងព្រំដែន និងករណីដែលរដ្ឋាភិបាលក្រុងភ្នំពេញ ព្រមទាំងរដ្ឋាភិបានៃប្រទេសជិតខាងខ្មែររំលោភកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ប៉ុណ្ណោះទេដែលកំពុងតែស្ថិតនៅក្នុងដៃរបស់ សម រង្ស៊ី ប៉ុន្តែតាំងពីចាប់ផ្តើមក្នុងឆាកនយោបាយមក សម រង្ស៊ី បានកាន់សំណុំរឿងជាច្រើននៅក្នុងដៃ ហើយបានផ្អិបសំណុំរឿងទាំងអស់នោះទុកមិនព្រមធ្វើការប្តឹងផ្តល់ លោក ហ៊ុន សែន ។ ក្នុងចំណោមសំណុំរឿងឃាតកម្មធំៗដូចជា ការគប់គ្រាប់បែកលើហ្វូងបាតុករ នៅថ្ងៃទី៣០ មិនា ១៩៩៧, រឿងបង្រ្កាប់បាតុករជានិស្សិត ពលរដ្ឋ និងព្រះសង្ឈ កាលពីក្រោយបោះឆ្នោតឆ្នាំ១៩៩៨, រឿងសម្លាប់សកម្មជនសហជីព អ្នកសារព័ត៌មាន និងសកម្មជននយោបាយជាច្រើន ដែលអ្នកទាំងអស់គ្នានោះសុទ្ធតែស្លាប់ដោយសារមូលហេតុ គាំទ្រសកម្មភាពនយោបាយរបស់ សម រង្ស៊ី ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែសំណុំរឿងមួយករណីគាត់ដែល សម រង្ស៊ី បានប្តឹងនៅក្នុងតុលាការក្រុង ញូវយ៉ក នៃសហរដ្ឋងាមេរិក ហើយដែលក្រោយមក សម រង្ស៊ី បានដកពាក្យបណ្តឹងចេញមកវិញ ដើម្បីផលប្រយោជន៍នៃការដោះដូរនយោបាយជាមួយ ហ៊ុន សែន ។
នេះជាទម្លាប់មិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរ ដែលយកជីវិតខ្មែរអោយទៅស្លាប់ដើម្បីភាពភ្លឺចញ្ចាចនៃជីវិតនយោបាយរបស់ខ្លួន និងដើម្បីលើកដំកើងខ្លួនឯងអោយទៅជាតួរអង្គនៃព្រះអទិទេព ដែលចូលចិត្តតែហុតឈាមពលរដ្ឋនោះគឺមានវប្បធម៌បន្តមកតាំងពី សម្តេច នរោត្តម សីហនុ លោក សឺន សាន ទ្រង់ នរោត្តម រណឬទ្ធិ និងរហូតមកដល់លោក សម រង្ស៊ី នាពេលបច្ចុន្ននេះ ។ ដើម្បីប្រឆាំងកុំមុយនីស្ត គឺគេយកពលរដ្ឋអោយទៅដើជួរមុខ ដល់ពេលបានភោគផលលាភសក្ការៈដែលពួកកុំមុយនីស្ត បែងចែកនិងផ្តល់អោយគឺលែងរវល់ពីដំណក់ឈាមរបស់ពលរដ្ឋ និងជីវិតរបស់ពលរដ្ឋដែលបានពលីកម្ម និងបានស្លាប់ដើម្បីពួកគេ ។ ដោយស្តាប់តាមបង្គាប់ សម្តេច នរោត្តម សីហនុ នោះអ្វីៗទាំងអស់ដែលពួកអ្នកយោបាយនៃក្រុមប្រឆាំង ហ៊ុន សែន បានធ្វើសកម្មភាពសព្វថ្ងៃនោះ មិនមានឃើញសកម្មណាមួយធ្វើអោយបានពិតប្រាកដ និងបានចប់ចុងចប់ដើមទាល់តែសោះ ។ ពោលគឺគេនាំគ្នាធ្វើត្រឹមតែពាក់កណ្តាលអោយពលរដ្ឋអរ និងរំភើប តែនៅចុងបំផុត គឺពួកគេធ្វើអោយពលរដ្ឋអស់សង្ឈឹម និងមិនទទួលបានអ្វីទាំងអស់បន្ទាប់ពីពួកគេបានចូលទៅអង្គុយតុចចារជាមួយ ហ៊ុន សែន ដើម្បីដោះដូរផលប្រយោជន៍នយោបាយជាមួយពួកកុំមុយនីស្ត ។
អ្នកនយោបាយជាតិនិយមគឺជាអ្នកនយោបាយដែលធ្វើកិច្ចការដើម្បីជាតិនិងដើម្បីពលរដ្ឋ មិនមែនធ្វើយោបាយដើម្បីតែបក្សពួកនិងក្រុមគ្រួសារ ហើយស្តាប់តាមតែសម្តីរបស់មនុស្សម្នាក់ដែល ធ្លាប់បានធ្វើអោយពលរដ្ឋស្លាប់រាប់លាននាក់ និងធ្វើអោយប្រទេសជាតិធ្លាក់ចូលទៅរណ្តៅមហន្តរាយនោះទេ ។
តែអ្នកនយោបាយខ្មែរគ្រាបច្ចុប្បន្ននេះគឺគ្មានជំហរនយោបាយជាតិខ្មែរនិយមទាល់តែសោះ គឺមានតែពួកអ្នកនយោបាយអាយ៉ងយួន ហូ ជីមិញ និយម និងពួកអ្នកនយោបា អាយ៉ងសក្តិភូមិ សីហនុ និយមមានន័យថាពួកក្រុមបក្សកុំមុយនីស្តដែលបានលើកបន្តុបដោយប្រទេសយួន ក្រុងហាណូយ តាំងពីក្រោយថ្ងៃ០៧ មករា ១៩៧៩ គឹគោរពតាមលទ្ធិ ហូ ជីមិញ និយម និងពួកអ្នកនយោបាយដែលមានអតីតៈភាពជាអ្នកតស៊ូរប្រឆាំងយួនមកពីជាយដែន គឺគោរពតាមលទ្ធិ សីហនុ និយម ដែលតាមពិតគម្ពីនយោបាយរបស់ ហូ ជីមិញ ក្តី និងគម្ពីនយោបាយរបស់ សីហនុ ក្តី គឺសុទ្ធជាគម្ពីកុំមុយនីស្តទាំងអស់ ។
ដូច្នោះបើ សម រង្ស៊ី ពិតជាធ្វើនយោបាយដើម្បីជាតិ និងពលរដ្ឋ ដូចដែលសម្តីរបស់ សម រង្ស៊ី បានបង្ហោះចេញមកអោយគេស្តាប់ពិតមែន ហើយបើនយោបាយរបស់ សម រង្ស៊ីមិននៅក្រោមចំហាយក្បិនរបស់ សម្តេច នរោត្តម សីហនុ ទេនោះសួរថា តើ សម រង្ស៊ី ហ៊ានរកមេធាវីអន្តរជាតិ ស្រាវជ្រាវស៊ើបអង្កេតនិងកសាងសំណុំរឿង ប្តឹង ហ៊ុន សែន, ប្តឹង រដ្ឋាភិបាលភ្នំពេញ និងប្តឹងរដ្ឋាភិបាល នៃប្រទេសជិតខាងខ្មែរទៅទៅតុលាការវិច្ឆេទកម្មអន្តរជាតិដែរឬទេ? ឬមួយក៏គ្រាន់តែរក្សាទុកសំណុំរឿង ឯកសារវត្ថុតាង្គ និងសាក្សី ទាំងអស់នៅក្នុងដៃដើម្បីជាប្រយោជន៍ចចារជាមួយ ហ៊ុន សែន នៅថ្ងៃអនាគត់ ដើម្បីបានចូលស្រុកដោះដូរប្រយោជន៍នយោបាយ? តើ សម រង្ស៊ី ហ៊ានធ្វើដូចលោក ថាក់ ស៊ីន ស៊ីណាវ៉ាត ដែរឬទេ? ៕
Posted by cheatkhmer