តើ សម រង្ស៊ី ហ៊ានធ្វើដូច ថាក់ ស៊ីន​ ស៊ីណាវ៉ាត់​ ទេ?

June 7, 2010

ក្នុងពេលដែលមេដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជា ឬបក្សកុំមុយនីស្តកម្ពុជា ឬក៏គណបក្សប្រជា​ជនកម្ពុជា មានយួន ហូ ជីមិញ និងអ្នកនយោបាយយួនជាច្រើននាក់ធ្វើជាគ្រូបង្វឹកនយោបាយនោះ មេដឹក​នាំបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ក៏គួរតែរៀនសូត្រពីគំរូដឹកនាំនយោបាយ និងយុទ្ធសាស្រ្តនយោបាយ​ពីអ្នកដឹកនាំនៃប្រទេសដ៏ទៃផងដែរ បើមិនហ៊ានរៀនតាមគំរូនយោបាយរបស់អ្នកនយោបាយអាមរិកាំងទេ​ក៏គួរតែរៀនសូត្រនយោបាយពីមេដឹកនាំនៃប្រទេសជិតខាងខ្មែរ គឹពួកមេដឹកនាំសៀមដែរ ។

 ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១០ នេះ ទីប្រឹក្សាច្បាប់របស់លោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ ជា​អតីតៈ​នាយករដ្ឋមន្រ្តីសៀម ដែលត្រូវពួកយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចនោះ បានប្រកាស់ថា គេបានជួល​មេធាវីអន្តរជាតិមួយរូបគឹលោក គឺលោក អាឡិចសង់ដ័រ ខេ ណុប (Alexander K Noops) និងក្រុម​មេធាវី​អន្តរជាតិរបស់លោក រ៉ូប៊ើត អាំ ស្ល៊ើដាំ (Robert Am-Slerdam) ដែលមានមូលដ្ឋាននៅ​ទីក្រុង​ឡាអេ​ អោយបើក​ការស៊ើបអង្កេតករណីសម្លាប់រង្គាល់ទៅលើសមាជិកក្រុមអាវក្រហមនៅក្នុងបាងកក និង​រៀបចំសំណុំរឿង​ប្តឹងប្រឆាំងរដ្ឋាភិបាលសៀម នៅតុលាការឧក្រិដ្ឋកម្ម និងវិច្ឆេទកម្មអន្តរជាតិ ។

ព្រឹត្តិការណ៍ដែលរដ្ឋាភិបាលក្រុងបាងកក បានបើកយុទ្ធនាការយោធា បង្រ្កាបទៅលើក្រុមបាតុករ​នៅក្នុងទីក្រុងបាងកក នាពេលបច្ចុប្បន្ននេះ គឹមិនខុសគ្នានឹងព្រឹត្តិការណ៍ដែលរដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន បានបញ្ជាយោធា និងប៉ូលីស អោយបង្រ្កាបក្រុមបាតុករ ជាក្រុមចលនានិស្សិត ចលនាពលរដ្ឋ​និង​ចលនាសមណនិស្សិត ដែលបានងើបឡើងបះបោរធ្វើបាតុកម្មតវ៉ាប្រឆាំងកាលពីឆ្នាំ ១៩៩៨​ – ៩៩ នោះ​ទេ ។ កាលណោះដោយសារពលរដ្ឋ និស្សិត និងព្រហសង្ឈ គាំទ្រលោក សម រង្ស៊ី និងគាំទ្រសម្តេច​នរោត្តម រណឬទ្ធិ ទើបមានបាតុកររាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវធ្វើបាតុកម្មប្រឆាំងនឹងលទ្ធផល​បោះឆ្នោតដែលលួចបន្លំដោយគណបក្សប្រជាជនកម្ពុជា​ របស់លោក ហ៊ុន សែន និងទាមទារអោយលោក​ហ៊ុន សែន ចុះចេញពីអំណាច ។ តែនៅទីបំផុត នៅពេលដែលក្រុមពួកអ្នកនយោបាយប្រឆាំង ហ៊ុន សែន​ដែលដឹកនាំដោយ នរោត្តម រណឬទ្ធិ និង សម រង្ស៊ី ស្តាប់ការឱវ៉ាទរបស់ សម្តេច នរោត្តម សីហនុ ព្រមចូល​រួមប្រជុំរដ្ឋសភា ដើម្បីស្បថចូលកាន់ដំណែងជាតំណាងរាស្រ្តនោះបានធ្វើអោយក្រុមបាតុករ រាប់ម៉ឺន​នាក់ ដែលចេញមកគាំទ្ររងនូវការវាយប្រហា ត្រូវគេតាមចាប់ និងសម្លាប់ អស់រាប់រយនាក់ទាំងចំហរ និងទាំង​លាក់កំបាំង តែ សម រង្ស៊ី និង នរោត្តម រណឬទ្ធិ មិនបានរកមេធាវីអន្តរជាតិណាម្នាក់អោយជួយស្រាវជ្រាវ​រឿងឧក្រិដ្ឋកម្មទាំងអស់នេះហើយប្តឹងរកយុត្តធម៌អោយជនរងគ្រោះជាសមាជិកក្រុមបាតុករ ឬជាសមាជិក​ក្រុមគ្រួសារ នៃជនរងគ្រោះដែលត្រូវគេសម្លាប់ ចាប់វាយធ្វើបាប ទាំងអស់នោះឡើយ ។

ក្រុមអ្នកនយោបាយខ្មែរ ដែលពួកគេភាគច្រើនធ្វើនយោបាយបានដោយសារតែឱកាស់ហុចអោយ និងដោយគ្មាន​ការតាំងចិត្តច្បាស់លាស់ពីដើមទីមកនោះ គឺសុទ្ធតែជាក្រុមមនុស្សដែលចូលចិត្តបោកទឹក ចិត្ត ពលរដ្ឋ និងបំផ្លាញ​ការជឿជាក់របស់ពលរដ្ឋ ។ ពួកក្រុមអ្នកនយោបាយទាំងអស់នេះយល់ស្មានៗថា គេអាចបន្តធ្វើនយោបាយតាម​របៀប សម្តេច នរោត្តម សីហនុ ឬក៏បន្តនូវរូបមន្តនយោបាយដ៏ឆ្កួត លេលា របស់ សម្តេច នរោត្តម សីហនុ បានតទៅ​ទៀត ហើយប្រជាពលរដ្ឋមិនដឹងខ្យល់អ្វីទាល់តែសោះ ចាំតែ ស្តាប់តាមការហែហៃរបស់ពួកគេ ។

គួរំលឹកថា សម្តេច នរោត្តម សីហនុ កាលពីកំឡុងឆ្នាំ១៩៦០ ក្រោយពេលត្រឡប់មកពីបំពេញ​ទស្សនៈកិច្ចនៅអាកេរិក ធ្លាប់បានកុហក់ពលរដ្ឋខ្មែរថា សហរដ្ឋអាមេរិក វាគ្មាន​អ្វីជឿនលឿន ឬអស្ចារ្យ ជាង​ប្រទេសខ្មែរដែលកំពុងតែដឹកនាំដោយព្រះអង្គនោះទេ ។ សម្តេច នរោត្តម សីហនុ ថែមទាំងបាន​និយាយ​បញ្ចើច​ថែមទៀតថា នៅប្រទេសអាមេរិកធ្វើដំណើរមួយថ្ងៃមិនប្រទះឃើញបង្គោលគីឡូ​មួយ​ផង ។

មកដល់ពេលបច្ចុប្បន្ននេះ ក្រុមអ្នកនយោបាយខ្មែរ ដែលស្ថិតនៅក្រោមផ្លាកអ្នកប្រជាធិបតេយ្យ ឬនៅ​ក្រោមផ្លាក​គណបក្សប្រឆាំង ក៏កំពុងតែព្យាយាមដើរនយោបាយ កុហក់ បោកប្រាស់ពលរដ្ឋ តាមតែ​របៀប សម្តេច នរោត្តម សីហនុ បានបោកប្រាស់ពលរដ្ឋខ្មែរ កាលពីកំឡុងឆ្នាំ​១៩៦០ ដែរ ។

លោក សម រង្ស៊ី និង លោក ស៊ាង ប៉េង សែ ដែលបានមកដល់ទឹកដីអាមេរិក ដើម្បីធ្វើការបង្ហាញពី​ឯកសារព្រំដែន​ដែលរដ្ឋាភិបាលយួន និងរដ្ឋាភិបាលក្រុងភ្នំពេញ បានព្យាយាមបោះបង្គោលពុះចែក ដែន​ដី​ខ្មែរកម្ពុជាក្រោមអោយ​ក្លាយទៅជាមានព្រំដែនជាមួយប្រទេសខ្មែរនោះបាននិយាយថា «មានតែរដ្ឋាភិបាល​ទេ ដែលមានសិទ្ធ និងអំណាច​ប្តឹងតវ៉ាទៅអង្គការសហប្រជាជាតិ ឬប្តឹងទៅតុលាការអន្តរជាតិ ស្តីពីការ​រំលោភ​សន្ធិសញ្ញា នៃកិច្ចព្រមព្រៀង ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ បាន» ពួកអ្នកទាំងពីរនាក់នេះបន្តថា «ប្រសិនបើគណបក្សំ​សម រង្ស៊ី ជាប់ឆ្នោត បង្កើតជា​រដ្ឋាភិបាលទើបមានសិទ្ធិ ប្តឹងបាន»។

ការពោល និងរៀបរាប់ខាងលើនេះ គឺជាសុទ្ធតែជាពាក្យសម្តីបោកប្រាស់ ឬក៏ជាសម្តីរបស់​ពួកអ្នក​ដែល មិនដែល​ធ្វើការសិក្សាស្រាវជ្រាវ ពីច្បាប់អន្តរជាតិ និងឬក៏ជាសម្តីរបស់ពួកក្រុមអ្នកនយោបាយ ដែល​មិន​ចង់អោយពលរដ្ឋ​ដឹងការពិត​និងមានចេតនាធ្វើប្រជាភិថុរ ក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយ​របស់ខ្លួន ដែលគ្រាន់តែចង់​ទៅ​កាន់អំណាចតែប៉ុណ្ណោះ តែតាមពិតគឺពួកគេគ្មានបំណងចង់ជួយ​ដោះ​ស្រាយ​បញ្ហាជាតិ និងទុក្ខលំបាករបស់​ពលរដ្ឋពិតប្រាកដនោះទេ ។

ច្បាប់អន្តរជាតិ មិនបាននិយាយថា មានតែរដ្ឋាភិបាលទើបមានសិទ្ធិប្តឹងតវ៉ា នៅតុលាការវិច្ឆេទកម្ម​អន្តរជាតិ ឬក៏​មិនបាននិយាយថា ពលរដ្ឋ និអ្នកតំណាងពលរដ្ឋ គ្មានសិទ្ធិប្តឹងតវ៉ានោះទេ ។ តែច្បាប់នេះ​បាននិយាយយ៉ាងច្បាស់​ថា សូម្បីតែប្រជាពលរដ្ឋម្នាក់ ដែលរងនូវការរំលោភពិតប្រាកដពីរដ្ឋាភិបាល នៃ​ប្រទេសណាមួយក៏មានសិទ្ធិធ្វើជា​ដើមបណ្តឹងដើម្បីប្តឹងតទល់ជាមួយនិងរដ្ឋាភិបាល នៃប្រទេសនោះដែរ ។

ចំពោះប្រទេសខ្មែរ កិច្ចព្រមព្រៀងក្រុងប៉ារីស គឹជាសន្ធិសញ្ញាអន្តរជាតិ ដែលទទួឡស្គាល់​ដោយ​អន្តរជាតិ មាន​ប្រទេសជាងត្ថលេខីចំនួន ១៨ ប្រទេស បានចុះហត្ថលេខា និងមានអង្គការសហប្រជាជាតិ ជាអ្នកផ្តួចផ្តើម និង​ទទួលខុសត្រូវ ។ កិច្ចព្រមព្រៀងនេះមិនស្លាប់ជាដាច់ខាត ហើយមានជីវិត និង​សុពលភាព​ជានិច្ចនិរន្ត ប៉ុន្តែការ​អនុវត្តន៍ ឬការរំលោភកិច្ចព្រមព្រៀងនេះ វាជាភារកិច្ចរបស់ក្រុមអ្នក​នយោបាយខ្មែរ ឬក្រុមអ្នកតំណាងពលរដ្ឋ​ខ្មែរ​ដែលមានតួរនាទិឃ្លាំមើល រួចហើយរាយណ៍ ឬប្តឹងតវ៉ា ដើម្បី​អោយ​ប្រទេសជាហត្ថលេខី និងអន្តរជាតិ គេមកជួយ​អន្តរាគមន៍ ។

ក្នុងរយៈកាលកន្លងមក មិនមានអ្នកនយោបាយណាម្នាក់ ឬក៏មានក្រុមតំណាងពលរដ្ឋណាមួយ​បានធ្វើពាក្យ​បណ្តឹង ដើម្បីប្តឹងទៅកាន់តុលាការវិច្ឆេទកម្មអន្តរជាតិ​ ស្តីពីការរំលោភកិច្ចព្រមព្រៀនេះទេ ពោល​គឹមានត្រឹមតែ​អ្នក​រាយការណ៍ទៅអន្តរជាតិ ថាកិច្ចព្រមព្រៀងត្រូវបានគេរំលោភតែប៉ុណ្ណោះ ។

ការធ្វើសេចក្តីរាយការណ៍ និងធ្វើការប្តឹងតវ៉ា គឺមានន័យខុសគ្នាស្រឡះ និងមាន​សកម្មភាព​ខុស​គ្នា​ដូចជាមេឃ និងដី ។ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានបំភ្លៃ និងបន្លំពាក្យនិយាយ​កុហក់ពលរដ្ឋខ្មែរ​នៅ​អាមេរិកាំង កាណាដា និង អឺរ៉ុប​ថា ខ្លួនបានដាក់ពាក្យប្តឹងទៅប្រទេសហត្ថលេខី ទៅសភាសហគមន៍អឺរ៉ុប និងប្តឹងទៅប្រទេសនានាហើយ ។ តាម​ន័យនេះគឺពួកគេមានចេតនានិយាយកុហក់ ឬក៏ពួកគេមិនយល់ពី​ភាសាច្បាប់ព្រោះតែពួកគេបានធ្វើត្រឹមតែ​សេចក្តី​រាយការណ៍តែពួកគេនិយាយថា ពួកគេបានប្តឹងទៅវិញ ។

ដើម្បីកំអោយពលរដ្ឋខ្មែរមានមន្ទិលសង្ស័យ និងចាញ់បោកសម្តីរបស់ក្រុមអ្នកនយោបាយទាំង​នោះបន្តទៅទៀត​ដែលចូលចិត្តយកបញ្ហាជាតិ មកធ្វើជាលេសរៃអង្គាសយកថវិកា ឬប្រាក់ឧប្បត្ថម្ភ ចូល​ក្នុង​ហោប៉ៅឯកជននោះ ពលរដ្ឋខ្មែរតោងយល់ថា «ការប្តឹង វាលុះត្រាណាតែមានមេធាវី ឬក្រុមអ្នកច្បាប់ ធ្វើការកសាងសំណុំរឿង រួចហើយ​ដាក់ពាក្យប្តឹងទៅតុលាការ» ចំណែកឯសេចក្តីរាយការណ៍គឺថា «គ្រាន់​តែ​សរសេររបាយការណ៍ ដោយនណាម្នាក់​ឬដោយក្រុមណាមួយ រួចហើយទៅធ្វើសេចក្តីថ្លែងការណ៍ ឬក៏​ផ្ញើររបាយការណ៍ជូនសក្សីណាម្នាក់ ឬក៏អោយទៅ​ក្រុមអ្នកយកព៍ត៌មាន ប៉ុណ្ណោះ» ។

ការដែលហៅថា «ប្តឹង» គឺធ្វើដូចលោក សម រង្ស៊ី ធ្លាប់បានប្តឹងលោក ហ៊ុន សែន កាលពី​ឆ្នាំ​២០០៤ នៅតុលាការ​ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ឬក៏ដូចជាពេលនេះ អតីតៈនាយករដ្ឋបន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួល​មេធាវីអន្តរជាតិគឺលោក Alexander Knoops និងក្រុមមេធាវីអន្តរជាតិ​លោក Robert Am-Slerdam អោយធ្វើការ​ស្រាវជ្រាវ និងស៊ើបអង្កេត ករណីការបង្រ្គាប និងសម្លាប់​ក្រុម​បាតុករ អាវក្រហម ដែលរដ្ឋាភិបាលសៀមបច្ចុប្បន្ន​បានអនុវត្តន៍ក្នុងទីក្រុងបាងកក នាពេលនេះអញ្ចឹង ។

ប៉ុន្តែករណី ព្រំដែនខ្មែរដែលប្រទេសជិតខាងរំលោភ និងការមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ពីសំណាក់រដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលនៃប្រទេសជិតខាងកម្ពុជា តើ សម រង្ស៊ី និង ស៊ាន ប៉េង សែ បានជួល ឬមានក្រុមមេធាវីអន្តរជាតិ កាន់សំណុំរឿងនេះហើយឬនៅ? បើមិនទាន់មានទេ ហេតុអ្វីក៏ហ៊ានដើរ​និយាយប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេសថា ពួកខ្លួនបានប្តឹងរួច​ហើយ? តើអ្នកនយោបាយ និងអ្នកបច្ចេកទេស ទាំងពីរនាក់នេះយល់ពីភាសាច្បាប់ និងគន្លឹះនៃនីតិវិធី​ច្បាប់​ដែរ​ឬទេ? ប្រសិនបើ ស៊ាន ប៉េង សែ មិនយល់នោះ តែ សម រង្ស៊ី ដែលជាអ្នកដឹកនាំបក្សនយោបាយ​ម្នាក់ត្រូវតែយល់រឿងនេះអោយបានច្បាស់ ព្រោះខ្លួនលោកធ្លាប់មាន​បទពិសោធន៍ ប្តឹង លោក ហ៊ុន សែន នៅក្នុងតុលាការក្រុង ញូវយ៉ក រួចម្តងមកហើយ ។ កាលណោះប្រសិនបើ​សម រង្ស៊ី និងលោក Ron Abney គ្មានលោក Morton Sklar ធ្វើជាមេធាវី ដើម្បីរៀបចំកសាងសំណុំរឿងដើម្បីដាក់​ពាក្យប្តឹងទៅតុលាការទេ តើតុលាការគេព្រមទទួលក្តី និងបើកការស៊ើបអង្កេតសំណុំរឿងបោកគ្រាប់បែកនៅមុខ​រដ្ឋសភា កាលពី​ខែមិនា ឆ្នាំ១៩៩៧ នោះទេ?

ជំហ៊ានមួយទៀតដែលលោក ថាក់ ស៊ីន ស៊ីណាវ៉ាត់ បានជួលមេធាវីអន្តរជាតិ អោយស៊ើបអង្កេត​សំណុំរឿងបង្រ្កាប​ក្រុមបាតុករអាវក្រហមនៅក្នុងទីក្រុងបាងកក គឺបានឆ្លើយតប និងបង្ហាញអោយពលរដ្ឋ​ខ្មែរ ដឹងជាសាធារណៈថា​«មិនមែនមានតែរដ្ឋាភិបាល ដែលកំពុងតែកាន់អំណាចទេ ដែលមានសិទ្ធិ ប្រើ​ប្រាស់សិទ្ធិធ្វើការប្តឹងតវ៉ាក្តីនៅក្នុង​តុលាការវិច្ឆេទកម្មអន្តរជាតិនោះ» ។ ដូច្នោះ សម រង្ស៊ី និង ស៊ាន ប៉េង សែ ត្រូវតែរៀនសូត្រតាមគំរូរបស់អតីតៈ​នាយករដ្ឋមន្រ្តីសៀម ថាក់ ស៊ីន ស៊ីណាវ៉ាត់ ដែលគេព្យាយាម​រក​យុត្តិធម៌អោយជនរងគ្រោះ ដែលជាពលរដ្ឋរបស់​គេ និងជាក្រុមអ្នកគាំទ្រនយោបាយរបស់គេ នៅក្នុងឆាក​តុលាការ​​អន្តរជាតិ ។

មិនមែនមានតែសំណុំរឿងព្រំដែន និងករណីដែលរដ្ឋាភិបាលក្រុងភ្នំពេញ ព្រមទាំងរដ្ឋាភិបានៃ​ប្រទេសជិតខាងខ្មែរ​រំលោភកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ ប៉ុណ្ណោះទេដែល​កំពុងតែស្ថិតនៅក្នុងដៃរបស់ សម រង្ស៊ី ប៉ុន្តែ​តាំងពីចាប់ផ្តើមក្នុងឆាកនយោបាយមក សម រង្ស៊ី បានកាន់​សំណុំរឿងជាច្រើននៅក្នុងដៃ ហើយបានផ្អិបសំណុំរឿងទាំងអស់នោះទុកមិនព្រមធ្វើការប្តឹងផ្តល់ លោក ហ៊ុន សែន ។ ក្នុងចំណោមសំណុំរឿងឃាតកម្មធំៗដូចជា ការគប់គ្រាប់បែកលើហ្វូងបាតុករ នៅថ្ងៃទី៣០ មិនា ១៩៩៧, រឿងបង្រ្កាប់បាតុករជានិស្សិត ពលរដ្ឋ និងព្រះសង្ឈ កាលពីក្រោយបោះឆ្នោតឆ្នាំ១៩៩៨, រឿងសម្លាប់សកម្មជនសហជីព អ្នកសារព័ត៌មាន និងសកម្មជននយោបាយជាច្រើន ដែលអ្នកទាំងអស់គ្នា​នោះសុទ្ធតែស្លាប់ដោយសារមូលហេតុ គាំទ្រសកម្មភាពនយោបាយរបស់ សម រង្ស៊ី ។ ប៉ុន្តែរហូតមកដល់​ពេលនេះ មានតែសំណុំរឿងមួយករណីគាត់​ដែល សម រង្ស៊ី បានប្តឹងនៅក្នុងតុលាការក្រុង ញូវយ៉ក នៃ​សហរដ្ឋងាមេរិក ហើយដែលក្រោយមក សម រង្ស៊ី បានដកពាក្យបណ្តឹងចេញមកវិញ ដើម្បីផលប្រយោជន៍​នៃការដោះដូរនយោបាយជាមួយ ហ៊ុន សែន ។     

 នេះជាទម្លាប់មិនទទួលខុសត្រូវរបស់អ្នកនយោបាយខ្មែរ ដែលយកជីវិតខ្មែរអោយទៅស្លាប់ដើម្បី​ភាព​ភ្លឺ​ចញ្ចាចនៃជីវិតនយោបាយរបស់ខ្លួន និងដើម្បីលើកដំកើងខ្លួនឯងអោយទៅជាតួរអង្គនៃព្រះអទិទេព ដែល​ចូលចិត្តតែហុតឈាមពលរដ្ឋនោះ​គឺមានវប្បធម៌បន្តមកតាំងពី សម្តេច នរោត្តម សីហនុ លោក សឺន សាន ទ្រង់ នរោត្តម រណឬទ្ធិ និងរហូតមកដល់លោក សម រង្ស៊ី នាពេលបច្ចុន្ននេះ ។ ដើម្បីប្រឆាំង​កុំមុយនីស្ត គឺ​គេយកពលរដ្ឋអោយទៅដើជួរមុខ ដល់ពេលបានភោគផលលាភសក្ការៈដែលពួកកុំមុយនីស្ត បែងចែក​និង​ផ្តល់អោយគឺលែងរវល់ពីដំណក់ឈាមរបស់ពលរដ្ឋ និងជីវិតរបស់ពលរដ្ឋ​ដែលបានពលីកម្ម និងបានស្លាប់​ដើម្បីពួកគេ ។ ដោយស្តាប់តាមបង្គាប់ សម្តេច នរោត្តម សីហនុ នោះអ្វីៗទាំងអស់ដែលពួក​អ្នកយោបាយនៃក្រុមប្រឆាំង ហ៊ុន សែន បានធ្វើសកម្មភាពសព្វថ្ងៃនោះ មិនមានឃើញសកម្មណាមួយធ្វើ​អោយបានពិតប្រាកដ និងបានចប់ចុងចប់ដើមទាល់តែសោះ ។ ពោលគឺគេនាំគ្នាធ្វើត្រឹមតែពាក់កណ្តាល​អោយពលរដ្ឋអរ និងរំភើប តែនៅចុងបំផុត គឺពួកគេធ្វើអោយពលរដ្ឋអស់សង្ឈឹម និងមិនទទួលបានអ្វីទាំង​អស់បន្ទាប់ពីពួកគេបានចូលទៅអង្គុយតុចចារជាមួយ ហ៊ុន សែន ដើម្បីដោះដូរផលប្រយោជន៍នយោបាយ​ជាមួយពួកកុំមុយនីស្ត ។

 អ្នកនយោបាយជាតិនិយមគឺជាអ្នកនយោបាយដែលធ្វើកិច្ចការដើម្បីជាតិនិងដើម្បីពលរដ្ឋ មិនមែន​ធ្វើយោបាយដើម្បីតែបក្សពួកនិងក្រុមគ្រួសារ ហើយស្តាប់តាមតែសម្តីរបស់មនុស្សម្នាក់ដែល ធ្លាប់បានធ្វើ​អោយពលរដ្ឋស្លាប់រាប់លាននាក់ និងធ្វើអោយប្រទេសជាតិធ្លាក់ចូលទៅរណ្តៅមហន្តរាយនោះទេ ។​

តែអ្នក​នយោបាយខ្មែរគ្រាបច្ចុប្បន្ននេះគឺគ្មានជំហរនយោបាយជាតិខ្មែរនិយមទាល់តែសោះ គឺមាន​​តែ​ពួកអ្នក​នយោបាយអាយ៉ងយួន ហូ ជីមិញ និយម និងពួកអ្នកនយោបា អាយ៉ងសក្តិភូមិ សីហនុ និយម​មានន័យ​ថាពួកក្រុមបក្សកុំមុយនីស្តដែលបានលើកបន្តុបដោយប្រទេសយួន ក្រុងហាណូយ តាំងពីក្រោយ​ថ្ងៃ០៧ មករា ១៩៧៩ គឹគោរពតាមលទ្ធិ ហូ ជីមិញ និយម និងពួកអ្នកនយោបាយដែលមានអតីតៈភាព​ជាអ្នក​តស៊ូរ​ប្រឆាំងយួនមកពីជាយដែន គឺគោរពតាមលទ្ធិ សីហនុ និយម ដែលតាមពិតគម្ពីនយោបាយ​របស់ ហូ ជីមិញ ក្តី និងគម្ពីនយោបាយរបស់ សីហនុ ក្តី គឺសុទ្ធជាគម្ពីកុំមុយនីស្តទាំងអស់ ។

ដូច្នោះបើ សម រង្ស៊ី ពិតជាធ្វើនយោបាយដើម្បីជាតិ និងពលរដ្ឋ ដូចដែលសម្តីរបស់ សម រង្ស៊ី​ បាន​បង្ហោះចេញមកអោយគេស្តាប់ពិតមែន ហើយបើនយោបាយរបស់ សម រង្ស៊ី​មិននៅក្រោមចំហាយក្បិន​របស់ សម្តេច នរោត្តម សីហនុ ទេនោះសួរថា​ តើ សម រង្ស៊ី ហ៊ានរកមេធាវីអន្តរជាតិ ស្រាវជ្រាវស៊ើបអង្កេត​និងកសាងសំណុំរឿង ប្តឹង ហ៊ុន សែន, ប្តឹង រដ្ឋាភិបាលភ្នំពេញ និងប្តឹងរដ្ឋាភិបាល នៃប្រទេសជិតខាងខ្មែរ​​ទៅទៅតុលាការវិច្ឆេទកម្មអន្តរជាតិដែរឬទេ? ឬមួយក៏គ្រាន់តែរក្សាទុកសំណុំរឿង ឯកសារវត្ថុតាង្គ និង​សាក្សី ទាំងអស់នៅក្នុងដៃដើម្បីជាប្រយោជន៍ចចារជាមួយ ហ៊ុន សែន នៅថ្ងៃអនាគត់ ដើម្បីបានចូលស្រុក​ដោះដូរប្រយោជន៍នយោបាយ? តើ សម រង្ស៊ី ហ៊ានធ្វើដូចលោក ថាក់ ស៊ីន ស៊ីណាវ៉ាត ដែរឬទេ? ៕


តើ សម រង្ស៊ី និង កឹម សុខា ធ្វើនយោបាយបម្រើនណា?

June 3, 2010

ក្រុមអ្នកនយោបាយខ្មែរ ដែលអួតខ្លួនថាជាក្រុមអ្នកប្រជាធិបតេយ្យជាតិនិយម បានកំពុងតែមើល​ងាយដែនសមត្ថកិច្ចនៃសហគមន៍អន្តរជាតិ​ និងក៏កំពុងតែធ្វើនយោបាយបង្គ្រប់កិច្ច ដើម្បីបម្រើ ហ៊ុន សែន​នៃគណបក្សប្រជាជនកម្ពុជា អោយបន្តរកាន់អំណាចដោយស្របច្បាប់នៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំម្តងៗ ដោយពួកគេបានសប្បាយចិត្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបោះឆ្នោតបង្គ្រប់កិច្ច ដែលរៀបចំឡើង​ដោយក្រុម គណបក្សប្រជាជនកម្ពុជា ។ ការបែងចែកអាសនៈរដ្ឋសភា ក្នុងល្បែងបោះឆ្នោតបង្គ្រប់កិច្ចនេះ​ត្រូវបានក្រុមអ្នករៀបចំការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ដែលជាមេចំណែក ចែកអោយក្រុម​បក្សនីមួយៗ តាមតែចិត្តរបស់គេចង់អោយ និងដកចេញពីក្រុមបក្សនីមួយៗវិញ តាមតែចិត្តរបស់ពួកគេ​ចង់ដក ដោយគ្មានញញើត និងគ្មានគោរពលក្ខខន្តិកៈ នៃល្បែងបោះឆ្នោតឡើយ ។ ប៉ុន្តែក្រុម គណបក្ស​នយោបាយ​ ដែលទទួលបានសំណល់អាសនៈ ដែលគណបក្សប្រជាជន បែងចែកអោយនោះហាក់ដូចជា​កំពុងមានអំណួតឆ្កួតវង្វេង ហើយដណ្តើមខាំគ្នាឯងដោយមិនចេះអៀនខ្មាស់ ។

សម រង្ស៊ី និង កឹម សុខា ដែលម្នាក់បានកាន់ផ្លាកជាមេដឹកនាំបក្សប្រឆាំង អស់រយៈពេល ១៥ឆ្នាំ និង​​ម្នាក់ទៀតកំពុង​តែប្រើស្នៀត​ប្រជែង​ដណ្តើមយកផ្លាកជាមេដឹកនាំបក្សប្រឆាំងនេះ អស់រយៈពេល ៣ឆ្នាំ មកហើយនោះ គឺប្រៀបបាននឹងត្រីក្រឹមពីរក្បាលដែល ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា​ចិញ្ចឹម​ទុកនៅក្នុងដបដាច់ដោយឡែកពីគ្នា ដើម្បីអោយអួតគ្នា និងប្រខាំគ្នា ក្នុងពេលដែល ហ៊ុន សែន ចង់អោយ​អួត ឬក៏ចង់អោយខាំ ។ ថ្វីត្បិតតែត្រីក្រឹមទាំងពីរក្បាលនេះធ្លាប់រស់នៅក្នុងបឹងជាមួយគ្នា និងធ្លាប់ដើរ​ហ្វូង​ជា​មួយគ្នា តែត្រីក្រឹមទាំងពីក្បាលហាក់ដូចជាកំពុងពុលនឹងទឹកភ្លៀងដែលគេទើបច្រកចូលក្នុងដប ហើយ​ក៏​​ភ្លេចកំណើតទឹកបឹងដែរ ។

ការបែកបាក់ជាច្រើនបក្ស ច្រើនក្រុម និងមានមេដឹកនាំច្រើននាក់ ចេញមកបង្កើតជា គណបក្ស​នយោបាយ ដើម្បីចូលរួមការបោះឆ្នោត ប្រគួតបង្រ្គប់កិច្ចជាមួយនិង គណបក្សប្រជាជនកម្ពុជា គឹគ្រាន់តែ​ជាការបំបែកគ្នាចាញ់និងចាញ់ដោយជារៀងរហូតដោយគ្មានឱកាស់ឈ្នះតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតមេៗ​គណបក្សនយោបាយ នីមួយៗ ដែលមើលឃើញថា ទាល់តែខ្លួនឡើងធ្វើជានាយករដ្ឋមន្រ្តី ទើបអាចដោះ​ស្រាយបញ្ហាខ្មែរបាននោះ ក៏ជាឧប្បសគ្គ និងជាឆ្អឹងទទឹងបំពងកររបស់ខ្មែរ ដែលមិនអាចអោយខ្មែរមាន​លទ្ធភាពជ្រើសរើសអ្នកមានទេពកោសល្យពិតប្រាកដ ដើម្បីទប់ទល់ និងផ្តួលរំលំរបបកុំមុយនីស្ត នាពេល​បច្ចុប្បន្ននេះដែរ ។

 តាំងពីក្រោយសម័យអណានិគមន៍បារាំងមក សម្តេច នរោត្តម​ សីហនុ និងក្រុមអ្នករណែបរណប​បានចាត់ទុកប្រទេសខ្មែរជាសម្បត្តិផ្តាច់មុខរបស់ សម្តេច នរោត្តម សីហនុ និងនាំគ្នាលើកថ្វាយប្រទេសខ្មែរ​អោយទៅ សម្តេច នរោត្តម សីហនុ ធ្វើអ្វីស្រេចតែហ្នឹងអំពើរចិត្ត ។ គ្រប់គ្នាសុទ្ធតែអួត និងបញ្ជោ សម្តេច នរោត្តម សីហនុ ថាជាព្រះបិតាគ្រប់វិស័យ និងជាអង្គស្តេចដែលឆ្លាតវ័យជាងគេ មានទេព្យកោសល្យជាង​គេ ស្នេហាជាតិជាងគេ ជាតិនិយមជាងគេ និងជាបុគ្គលអច្ឆរិយៈដ៏អស្ចារ្យជាងគេ ។ តែទីបំផុតសូម្បីតែកូន​អ្នកនយោបាយយួនម្នាក់ ក៏ សម្តេច នរោត្តម សីហនុ មិនដែលបានធ្វើនយោបាយឈ្នះគេផង ។

ក្រោយសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា​១៩៩១ អ្នកនយោបាយខ្មែរពីក្រុមត្រីភាគី មាន​ពីរភាគី បានព្រមព្រៀងលើកថ្វាយជោគវាសនាជាតិខ្មែរអោយទៅ សម្តេច នរត្តម សីហនុ ជាអ្នកសម្រេច​ក្នុងកិច្ចការដឹកនាំសារជាថ្មីម្តងទៀត កាលណោះមានតែក្រុមខ្មែរក្រហម មួយភាគីគត់ដែលយល់ពីសភាព​ការណ៍នយោបាយ ហើយមិនព្រមចូលរួមក្នុងការបោះឆ្នោត ដោយបានធ្វើការវិភាគយ៉ាងច្បាស់ថា យួន​ក្រុងហាណូយ គឺពិតជានៅបន្តគ្រប់គ្រងប្រទេសខ្មែរ ដោយគ្រាន់តែបន្លំផ្នែកអន្តរជាតិពីអាណាគមន៍ចំហរ​មកជាអាណានិគមន៍ស្រមោល វិញតែប៉ុណ្ណោះ ។

ថ្វីត្បិតតែភាគីខ្មែរក្រហម មិនបានចូលរួមការបោះឆ្នោតឆ្នាំ១៩៩៣ និងមិនព្រមប្រគល់សិទ្ធថ្វាយ​ទៅ សម្តេច នរោត្តម សីហនុ ដូចក្រុមភាគីលោក សឺន សាន តែក្រុមខ្មែរក្រហមនៅតែជាភាគីដ៏សំខាន់​មួយក្នុងសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស​២៣ តុលា​១៩៩១ ។ ប្រសិនបើគ្មានសប្បទាននយោបាយ និង​ការចូលរួមរបស់ភាគីខ្មែរក្រហមទេ ក៏គ្មានសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះដែរ ដូច្នោះ សន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅតែមានសារៈសំខាន់ និងមានជីវិតជានិច្ច​និរន្ត មិនអាចភាគីណាមួយ ឬហត្ថលេខី ណាមួយនៃកិច្ចព្រមព្រៀង មិនគោរព ឬ រំលោភ បានដាច់ខាត ។

បច្ចុប្បន្ននេះកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានអ្នកយោបាយខ្មែរ និងសកម្មជន​អង្គការសង្គមមួយចំនួន យកបមកប្រើប្រាស់ក្នុងការនិយាយយកចំណេញ នយោបាយ តែពួកគេគ្មានឆន្ទៈ​ពិតប្រាកដចង់យកកិច្ចព្រមព្រៀងនេះមកជួយព្យាបាលជម្ងឺវិបត្តិនយោបាយខ្មែរនោះទេ ។ ពួកគេដឹងថា មានតែមន្ទីពេទ្យ ដែលមានគ្រូពេទ្យ និងមានថ្នាំព្យាបាល ទេទើបអាចសង្គ្រោះអ្នកជម្ងឺបាន តែពួកគេដាច់​ខាតមិនព្រមបញ្ចូនអ្នកជម្ងឺនោះទៅមន្ទីពេទ្យឡើយ ។ ដូចគ្រប់មាត់អ្នកនយោបាយ និងសកម្មជនអង្គការ​សង្គម មួយចំនួនបាននិយាយថា មានតែកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា​១៩៩១ ទេ ទើប​អាចជួយប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននេះបាន តែគ្រប់គ្នាទាំងអស់នោះមិនដែលបានរកមេធាវី និងក្រុម​អ្នកច្បាប់អន្តរជាតិ រួចហើយរៀបចំពាក្យបណ្តឹងផ្លូវការណាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គារ​សហប្រជាជាតិ ប្រទេសហត្ថលេខី និងសហប្រធាន នៃកិច្ចព្រមព្រៀងនេះឡើយ ។

មកទល់ពេលនេះ អ្នកយោបាយគ្រប់បក្ស គ្រប់ក្រុម និងសកម្មជននៃអង្គការសង្គម ដែលអួត​ខ្លួន​ថាជាអ្នកប្រជាធិបតេយ្យ ឬជាអ្នកជាតិនិយម បានកំពុងធ្វើនយោបាយផ្សងព្រេងដើម្បីរងចាំអោយ សម្តេច​នរោត្តម សីហនុ វិលត្រឡប់មកវិញ ដោយដោះសារយលលេសថា «មានតែ សម្តេច នរោរ្តម សីហនុ ទេ​ដែលអាចចេញមុខប្តឹងអន្តរជាតិ អោយជួយខ្មែរបាន» ។ ទស្សនៈរបស់ក្រុមអ្នកនយោបាយ កាត់បំពង់រង​ចាំទឹកភ្លៀង មួយក្រុមនេះនៅតែធ្វើនយោបាយក្រោមកន្ទុយក្បិនរបស់ សម្តេច នរោត្តម សីហនុ ដដែលបើ​ទោះបីជាដឹងហើយថា សម្តេច នរោត្តម សីហនុ មុជក្បាលជាមួយយួន កនិងអាយ៉ងយួន ក្រុងហាណូយ គ្មានថ្ងៃវិលវិញទេ ។

 អ្វីដែលគួអោយសោកស្តាយបំផុតនោះគឺ ក្រុមអ្នកនយោបាយមួយចំនួនដែលមានអតីតៈភាពជា​សមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពសើ នៃកម្ពុជា (SNC) ដូចជាលោក សឺន ស៊ូបៀរ៍ និងលោក សម រង្ស៊ី ជា​ដើម ដែលមានតួរនាទីប្រធានគណបក្សប្រឆាំង មានអាសនៈ២៦ កៅអី និងមានអ្នកបោះឆ្នោតអោយជាង​មួយលាននាក់នោះ ក្នុងពេលនេះក៏មិនព្រមនាំមកបញ្ហាកម្ពុជា ទៅប្តឹងនៅតុលាការអន្តរជាតិដែរ ។ ពួកគេ​សុខចិត្តអោយរដ្ឋាភិបាលក្រុងភ្នំពេញ ប្រើប្រាស់តុលាការអាយ៉ងស្រកីដូង ប្តឹងធ្វើបាបពួកគេ តែពួកគេមិន​ព្រមប្រើប្រាស់តុលាការអន្តរជាតិ ដើម្បីការពារខ្លួនឯង និងរកយុត្តិធម៌អោយពលរដ្ឋខ្មែរឡើយ ។

នៅឆ្នាំ ២០០៤ លោក សម រង្ស៊ី ធ្លាប់បានប្រើប្រាស់តុលាការ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ​ប្តឹង​លោក ហ៊ុន សែន ពីបទនៅពីក្រោយខ្នងនៃការគប់គ្រាប់បែកចំនួន៤ គ្រាប់នៅថ្ងៃទី ៣០ មិនា ១៩៩៧​ដែលបានបណ្តាលអោយក្រុមបាតុករ ១៩ នាក់បានស្លាប់ និងជាង១០០ រងរបួស ។ តែនៅឆ្នាំ ២០០៥ លោក សម រង្ស៊ី បានដកពាក្យបណ្តឹងនេះចេញវិញ ដើម្បីដោះដូរផលប្រយោជន៍នយោបាយជាមួយនិង​លោក ហ៊ុន សែន នៅក្នុងគ្រាដែលតុលាការ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសម្រេចជាករណីសម្រ៉ាប់​កាត់ក្តី ដើម្បីបើកសាវនាកា ហើយនោះ ។

 ការមើលស្រាលអំណាចយុត្ថាធិការ តុលាការ ឯករាជ្យ នៃមហាប្រទេសប្រជាធិបតេយ្យ មួយនេះ​​​ហើយធ្វើការបង្វិលករណីឃាតកម្ម ដែលមានមនុស្សស្លាប់ និងរបួសរាប់រយនាក់ ទៅធ្វើការដោះដូរផល​ប្រយោជន៍នយោបាយ ជាមួយនិងគូរសត្រូវនយោបាយរបស់ខ្លួន យ៉ាងដូច្នោះ វាមិនត្រឹមតែមើលងាយ​ស្ថប័ណ្ណយុត្តិធម៌អន្តរជាតិទេ តែគឹបានគំពុងមើលងាយអាយុជីវិតជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ​រាប់រយនាក់ ដែលកំពុងដេលរងចាំពន្លឺយុត្តិធម៌ តាមរយៈលោក សម រង្ស៊ី ។

គណបក្ស សម រង្ស៊ី ដែលបង្កើតឡើងដោយញើស ឈាម និងជីវិត របស់​កម្មករ កម្មការនី​ខ្មែរ​រាប់រយនាក់បានធ្វើពលីកម្ម តាំងតែពីឆ្នាំ១៩៩៥ មកទល់ពេលនេះគេនៅមិនទាន់បាន​ឃើញ កម្មករ ឬ​កម្មការនី ណាម្នាក់បានក្លាយខ្លួនទៅជាអ្នកតំណាងរាស្រ្តរបស់គណបក្សនេះទេ ។ ពោល​គឹមានតែក្រុម​អ្នក​ជំនួញ និងអ្នករកស៊ីមានលុយកាក់តែប៉ុណ្ណោះ ដែលមានលទ្ធភាពអាចឈរឈ្មោះធ្វើជា​បេក្ខជនតំណាង​រាស្រ្ត តាំងពីលេខរៀងទីមួយរហូតដល់លេខរៀងចុងបញ្ចប់ ។ គណបក្ស ដែលចាប់ផ្តើម​ដោយសកម្មភាព​ធ្វើ​បាតុកម្មជាច្រើននិងដែលមានចំនួនសុទ្ធតែជាកម្មករ កម្មការនី នៅតាមរោងចក្រនានា​ក្នុងទីក្រុងភ្នំពេញ​ចូល​រួមនោះ បានកសាងកេរ្តិ៍ឈ្មោះ និងទទួលបានសម្លេងចំនួន ១៥ អាសនៈ​ កាលពីឆ្នាំ​១៩៩៨, ២៤ អាសនៈ នៅឆ្នាំ ២០០៣ និង២៦ អាសនៈ នៅឆ្នាំ ២០០៨ ។

 តាំងពីការបង្កើតជា គណបក្ស ជាតិខ្មែរ នៅក្នុងឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ក្រុមខ្មែរអ្នកជាតិនិយម ដែលរស់នៅក្រៅស្រុក និងក្នុងស្រុក ដោយសារតែក្នុងគ្រា​នោះក្រុមខ្មែរអ្នកជាតិនិយម បានមើលឃើញត្រើយមហន្តរាយរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលត្រៀម​លិចលង់ដោយមន្រ្តី និងអ្នកដឹកនាំដែលក្បត់ឆន្ទៈដើម ដែលបានចូលរួមសកម្មក្នុងអំពើរពុករលួយ ដើម្បី​ជួយបំភ្លេចបំផ្លាញជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយម្យ៉ាងវិញទៀត គណបក្សប្រជាធិបតេយ្យ​សេរីនិយមព្រះពុទ្ធសាសនា របស់លោក សឺន សាន ក៏កំពុងត្រូវរងនូវកំលាំងខ្យល់ព្យុះនាពេលនោះដែរ ។ ដូច្នោះនាវា គណបក្ស ជាតិខ្មែរ របស់លោក សម រង្ស៊ី ដែលស្ថាបនាឡើងនាពេលនោះក៏បានក្លាយទៅជា​នាវានយោបាយថ្មី របស់ក្រុមអ្នកនយោបាយប្រជាធិបតេយ្យ ជាតិនិយម ។ ទស្សនៈនយោបាយ និងពាក្យ​ពេចន៍ជាច្រើនដែលលោក សម រង្ស៊ី បាននិយាយទៅកាន់សាធារណ ក្នុងគ្រានោះគឹមិនត្រឹមតែប្រៀបបាន​នឹងដំណក់ទឹកភ្លៀងដែលអាចលាងជំរះចិត្តអ្នកនយោបាយខ្មែរស្នេហាជាតិអោយស្រួចស្រាវ ងើបស្រុះគ្នា​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំងមានទំងន់ធ្ងន់ដែលអាចចោះ​ទំលុះចិត្តប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយម រាប់សែន​នាក់ ដែលកំពុងតែស្អប់កុំមុយនីស្ត អោយមានចិត្តក្លាហានចេញមុខមកទប់ទល់នឹងកុំមុយនីស្ត ។

«ពឹងលើអំណោយ រស់បានតែមួយថ្ងៃ ពឹងលើលទ្ធិប្រជាធិបតេយ្យ រស់បានមួយជីវិត» គឺជា​ពាក្យ​របស់​លោក សម រង្ស៊ី ដែលតែងតែថ្លែងទៅកាន់អ្នកគាំទ្រក្នុងវេទិការសធារណៈម្តងៗ ។ «មាន សែន អត់ ស៊ី មាន ស៊ី អត់ សែន» គឺជាការផ្តេជ្ញាចិត្តពីជំហរនយោបាយដាច់ខាតរបស់ខ្លួន ដែលលោក សម រង្ស៊ី តែង​​តែ​​ប្រកាស់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ។

មកដល់ថ្ងៃនេះ គឺបន្ទាប់ពី សម រង្ស៊ី ដកបង្គោលព្រំដែន ដែលរដ្ឋាភិបាលអាយ៉ងយួន នៅភ្នំពេញ និងរដ្ឋាភិបាលយួន ក្រុងហាណូយ ព្រមព្រៀងបោះបង្គោលចែកព្រំដែនខ្មែរក្រោម និងខ្មែរកណ្តាលរួចមក តុលាករ អាយ៉ងនយោបាយនៅភ្នំពេញ បានកាត់ទោស សម រង្ស៊ី ដាក់គុកចំនួនពីរឆ្នាំ និងបានចេញដីការ​បង្គាប់អោយចាប់ខ្លួនរួចហើយ ។ ប៉ុន្តែនៅក្រៅប្រទេស សម រង្ស៊ី នៅតែមិនព្រមយកឯកសារជាវត្ថុតាង​និងសាក្សី ដែលខ្លួនមាននៅក្នុងដៃ រៀបចំពាក្យបណ្តឹង ប្តឹងទៅកាន់តុលាការវិច្ឆេទកម្មអន្តរជាតិ នៅឡើយ តែ​ផ្ទុយទៅវិញ សម រង្ស៊ី និសហការីគ្រាន់តែបានត្រឹមកាន់យកឯកសារទាំងនេះ ធ្វើជាទុនដើម្បីធ្វើការ​រៃអង្គាស​ថវិកា​ពី​សហគមន៍ខ្មែរនៅ​ក្រៅប្រទេសតែប៉ុណ្ណោះ ។

តាំងពីត្រូវតុលាការ អាយ៉ងនយោបាយ ក្រុងភ្នំពេញ កាត់ទោសអោយ សម រង្ស៊ី ជាប់គុកពីរឆ្នាំ និងដែលទើបចេញដីការចាប់ខ្លួនថ្មីៗនេះ ផ្លូវរបស់ សម រង្ស៊ី ដើម្បីចូលទៅក្នុងស្រុកគឺបានកំណត់ទុករួច​ទៅហើយគឺ៖ ទី១) សម រង្ស៊ី ចូលខ្លួនអោយតុលាការរបស់ ហ៊ុន សែន ចាប់ដាក់គុកចំនួនពីរឆ្នាំ អោយ​បាន​​មុនឆ្នាំ ២០១៣ ដើម្បីចេញពីគុកមកវិញចូលរួមបោះឆ្នោតបង្រ្គប់កិច្ចជូន ហ៊ុន សែន នៅឆ្នាំ ២០១៣ និង​ ទី២) សម រង្ស៊ី ត្រូវតែសរសេរសំបុត្រទៅសុំទោស ហ៊ុន សែន ព្រមទទួលកំហុសថាខ្លួនខុស ដើម្បី​ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ​ ចាំវាំងនៅភ្នំពេញតែប៉ុណ្ណោះ ។

ចំណែក គណបក្ស សិទ្ធិមនុស្ស របស់លោក កឹមសុខា​ដែលបង្ខំបង្កើតឡើងយ៉ាងទាន់ហន់អោយ​ទាន់បានចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨ ក៏មានទម្រង់ប្រជាភិថុរ មិនខុសគ្នានឹងការបង្កើត​គណបក្ស ជាតិខ្មែរ របស់លោក សម រង្ស៊ី ដែលមុនពេលនឹងប្រែឈ្មោះមកជា គណបក្ស សម រង្ស៊ី នេះដែរ ពីព្រោះថា កឹម សុខា បានយកពាក្យសិទ្ធិមនុស្សមកដាក់ឈ្មោះ គណបក្សរបស់ខ្លួន ក្នុងគោលបំណង​ទាញយកចំណេញ ពីសកម្មភាពរបស់អង្គការសិទ្ធិមនុស្សនានា ដែលកំពុងធ្វើសកម្មភាពសិទ្ធិមនុស្យ ក្នុង​ប្រទេសកម្ពុជាតែប៉ុណ្ណោះ ។ ក្នុងការយកឈ្មោះសិទ្ធិមនុស្ស មកដាក់ឲ្យឈ្មោះ គណបក្សរបស់ខ្លួន ត្រូវ​បាន​ក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមុស្ស រិះគន់ ហើយបានទាមទារអោយមានការកែប្រែ តែ​ត្រូវបានលោក កឹម សុខា​ចចេស និងមានះ ដោយមិនស្តាប់តាមសំណូមពររបស់ក្រុមសិទ្ធិមនុស្សផង ។​ ក៏​ប៉ុន្តែកររំពឹងទុក​ដែលមានសង្ឈឹមដ៏ធំមួយនេះ ត្រូវរលាយក្រោយពីលទ្ធផលនៃការបោះឆ្នោត ឆ្នាំ ២០០៨ ដែលគណបក្សនេះទទួលបានសម្លេងត្រឹមតែ ៣ អាសនៈ នៅក្នុងរដ្ឋសភា ។

តាមពិត កឹម សុខា​ដែលមោទនៈភាព និងបានបង្កើតគណបក្ស សិទ្ធិមនុស្ស នៅក្នុងឆ្នាំ២០០៨ ដើម្បីបានចូលរួមក្នុងការបោះឆ្នោតបង្គ្រប់កិច្ចកាលពីឆ្នាំ ២០០៨ នោះ មានតែ កឹម សុខា ខ្លួនឯងទេដែល​ដឹងច្បាស់ជាងគេថា តើគណបក្សនេះ កើតឡើងដោយរបៀបណា និងនណាជាអ្នកអោយកំណើតដល់​គណបក្សមួយនេះ ។ រឿងដែលលោក កឹម សុខា បានិយាយថាពលរដ្ឋខ្មែរសំណុមពរអោយលោក បង្កើត​គណបក្សនយោបាយចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត គឺជាសម្តីភូតកុហក់សុទ្ធសាធ ព្រោះពលរដ្ឋ​ខ្មែរមិនដែលសំណូមពរអោយមានការបង្កើតគណបក្សថ្មី ដែលបង្កើនចំនួននៃការបែកបាក់យាំ់ងនេះទេ តែ​ផ្ទុយទៅវិញពលរដ្ឋខ្មែរ តែងតែសំណូមពរអោយមានការរួមគ្នា​ដើម្បីប្រមូលកម្លាំងប្រឆាំងកុំមុយនីស្ត ។

ករណីអំពើពុករលួយ ដែលលោក កឹម​ សុខា បានប្រព្រឹត្តិកាលពីធ្វើជាប្រធាននៃមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា ហើយដែលត្រូវបានបុគ្គលិកធំៗមួយចំនួន ដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការភ្នំពេញ​គឺស្ថិតនៅក្នុងដៃរបស់ ហ៊ុន សែន និងមានវត្ថុតាងជាច្រើន ព្រមទាំងសាក្សី ដែល ហ៊ុន សែន បានចិញ្ចឹម​ទុកដើម្បីជាប្រយោជន៍ប្រើប្រាស់ កឹម សុខា ក្នុងកិច្ចការនយោបាយ ។ សូម្បីតែករណី កឹម សុខា​ ខ្ចីលុយ​អ្នកណា និងត្រូវការលុយប៉ុន្មានទៀតដើម្បីសង់បង្ហើយភូមគ្រឹះមួយដែលមានទឹកប្រាក់ជាងមួយលានដុល្លា​ក៏បានកត់ត្រាក្នុងបញ្ជីបំណុលរបស់ ហ៊ុន សែន ដែរ ។ ដូចនេះទុននយោបាយ ដែល កឹម សុខា មាន គឺ​គ្រាន់តែធ្លាប់ជាប់គុគ ក្នុងគុករបស់រដ្ឋាភិបាល ហ៊ុន សែន​និងធ្លាប់ដឹកនាំអង្គការសិទ្ធិមនុស្ស ធ្វើវេទិការ​សាធារណៈចំនួន ៥​ ឆ្នាំតែប៉ុណ្ណោះ ។

សរុបសេចក្តីទៅទាំង សម រង្ស៊ី និង កឹម សុខា មិនត្រឹមតែក្លាយជាំត្រីក្រឹមក្នុងដបរបស់ ហ៊ុន សែន​នៃគណបក្សប្រជាជនកម្ពុជានោះទេ តែថែមទាំងជាមេដឹកនាំនយោបាយប្រភេទសត្វគោមាន ដំបៅខ្នង​ដូចតែគ្នា ។ ដូច្នោះតើអ្នកទាំងពីនាក់នេះកំពុងធ្វើនយោបាយ ដើម្បីនណា? ដើម្បីពលរដ្ឋ ឬក៏ដើម្បីបម្រើ​គូរសត្រូវម្ខាងទៀតដោយមិនដឹងខ្លួន?

វាជាការងាយឆ្លើយទេ ប្រសិនបើគេធ្វើនយោបាយ ដើម្បីបពលរដ្ឋ​គឺគេត្រូវតែស្តាប់យោបល់ និង​ការចង់បានរបស់ពលរដ្ឋ ។ ក្នុងកាលៈទេសៈ នេះពលរដ្ឋចង់ឃើញអ្នកនយោបាយទាំងពីរនេះរួមគ្នានៅក្នុង​ក្រុមតែមួយ មុនការចូលរួមបោះឆ្នោតនាឆ្នាំ២០១៣ ខាងមុខ នោះបើពួកគេជឿជាក់លើល្បែងបោះឆ្នោត​បង្គ្រប់កិច្ចដែលរៀបចំដោយ ហ៊ុន សែន ។ ហើយក្នុងរូបមន្តនៃការរួបគ្នានេះ ប្រសើនបើ សម រង្ស៊ី និង កឹម សុខា មិនអាចចចារគ្នាបានពីតួរនាទីនានាក្នុងបក្សថ្មីនោះទេ អ្នកទាំងពីរនាក់គួរគប្បីលះបង់ដំណែងជា​ប្រធានបក្សរៀងខ្លួន​ ហើយប្រគល់ដំណែងនេះទៅអោយអ្នកស្រី មួ សុខហួ ជាអ្នកដឹកនាំបន្តរការប្រយុទ្ធ​នឹង ហ៊ុន សែន ។ ​ នេះមិនត្រឹមតែផ្តល់ឱកាស់អោយស្ត្រីខ្មែរមានឱកាស់ធ្វើជាអ្នកដឹកនាំនយោបាយ ក្នុង​ឋានៈជាមេដឹកនាំ គណបក្ស​ប្រឆាំងដ៏ធំនៅកម្ពុជា ដើម្បីប្រយុទ្ធនឹងកុំមុយនីស្ត នោះទេ តែវាបានបន្ថែមនូវ​ចលនាគាំទ្រពីសំណាក់សហគមន៍អន្តរជាតិដែលកំពុងមើលឃើញភាពលេចធ្លោរបស់លោកស្រី មួ សុខហួ ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងសង្គមនយោបាយកម្ពុជា ។ ប៉ុន្តែ សម រង្ស៊ី និង កឹម សុខា ត្រូវ​តែបន្ត​ធ្វើសកម្មភាពនយោបាយ​ជា​​ឧត្តមទីប្រឹក្សាបក្សថ្មីដែលដឹកនាំដោយលោកស្រី មួ សុខហួ ដែលតម្រ៉ូវ​អោយ សម រង្ស៊ី បន្តរស់នៅក្រៅប្រទេស​ ដើម្បីកសាងទំនាក់ទំនងអន្តរជាតិ និង កឹម សុខា ជួយពង្រឹងនៅ​ក្នុងប្រទេស ដើម្បីយកឈ្នះ កុំមុយនីស្ត ។

ពុំនោះទេប្រសិនបើ សម រង្ស៊ី និង កឹម សុខា​នៅតែបន្តធ្វើជាត្រីក្រឹមរស់ដោយ ហ៊ុន សែន និង​រស់​នៅក្នុងដបរបស់ ហ៊ុន សែន នោះ សម រង្ស៊ី និង កឹម សុខា​ ក្លាយទៅជាអ្នកដឹកនាំនយោបាយប្រឆាំងដើម្បី​បង្គ្រប់កិច្ច ដែលបម្រើប្រយោជន៍នយោបាយរបស់ គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ពោលគឺអ្នកទាំង​ពីរនាក់នេះមិនបានធ្វើនយោបាយដើម្បីបម្រើពលរដ្ខពិតប្រាកដទេ ៕


Follow

Get every new post delivered to your Inbox.