ក្រុមអ្នកនយោបាយខ្មែរ ដែលអួតខ្លួនថាជាក្រុមអ្នកប្រជាធិបតេយ្យជាតិនិយម បានកំពុងតែមើលងាយដែនសមត្ថកិច្ចនៃសហគមន៍អន្តរជាតិ និងក៏កំពុងតែធ្វើនយោបាយបង្គ្រប់កិច្ច ដើម្បីបម្រើ ហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជា អោយបន្តរកាន់អំណាចដោយស្របច្បាប់នៅកម្ពុជា ក្នុងរយៈពេល៥ឆ្នាំម្តងៗ ដោយពួកគេបានសប្បាយចិត្តចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការបោះឆ្នោតបង្គ្រប់កិច្ច ដែលរៀបចំឡើងដោយក្រុម គណបក្សប្រជាជនកម្ពុជា ។ ការបែងចែកអាសនៈរដ្ឋសភា ក្នុងល្បែងបោះឆ្នោតបង្គ្រប់កិច្ចនេះត្រូវបានក្រុមអ្នករៀបចំការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ដែលជាមេចំណែក ចែកអោយក្រុមបក្សនីមួយៗ តាមតែចិត្តរបស់គេចង់អោយ និងដកចេញពីក្រុមបក្សនីមួយៗវិញ តាមតែចិត្តរបស់ពួកគេចង់ដក ដោយគ្មានញញើត និងគ្មានគោរពលក្ខខន្តិកៈ នៃល្បែងបោះឆ្នោតឡើយ ។ ប៉ុន្តែក្រុម គណបក្សនយោបាយ ដែលទទួលបានសំណល់អាសនៈ ដែលគណបក្សប្រជាជន បែងចែកអោយនោះហាក់ដូចជាកំពុងមានអំណួតឆ្កួតវង្វេង ហើយដណ្តើមខាំគ្នាឯងដោយមិនចេះអៀនខ្មាស់ ។
សម រង្ស៊ី និង កឹម សុខា ដែលម្នាក់បានកាន់ផ្លាកជាមេដឹកនាំបក្សប្រឆាំង អស់រយៈពេល ១៥ឆ្នាំ និងម្នាក់ទៀតកំពុងតែប្រើស្នៀតប្រជែងដណ្តើមយកផ្លាកជាមេដឹកនាំបក្សប្រឆាំងនេះ អស់រយៈពេល ៣ឆ្នាំ មកហើយនោះ គឺប្រៀបបាននឹងត្រីក្រឹមពីរក្បាលដែល ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជាចិញ្ចឹមទុកនៅក្នុងដបដាច់ដោយឡែកពីគ្នា ដើម្បីអោយអួតគ្នា និងប្រខាំគ្នា ក្នុងពេលដែល ហ៊ុន សែន ចង់អោយអួត ឬក៏ចង់អោយខាំ ។ ថ្វីត្បិតតែត្រីក្រឹមទាំងពីរក្បាលនេះធ្លាប់រស់នៅក្នុងបឹងជាមួយគ្នា និងធ្លាប់ដើរហ្វូងជាមួយគ្នា តែត្រីក្រឹមទាំងពីក្បាលហាក់ដូចជាកំពុងពុលនឹងទឹកភ្លៀងដែលគេទើបច្រកចូលក្នុងដប ហើយក៏ភ្លេចកំណើតទឹកបឹងដែរ ។
ការបែកបាក់ជាច្រើនបក្ស ច្រើនក្រុម និងមានមេដឹកនាំច្រើននាក់ ចេញមកបង្កើតជា គណបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោត ប្រគួតបង្រ្គប់កិច្ចជាមួយនិង គណបក្សប្រជាជនកម្ពុជា គឹគ្រាន់តែជាការបំបែកគ្នាចាញ់និងចាញ់ដោយជារៀងរហូតដោយគ្មានឱកាស់ឈ្នះតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀតមេៗគណបក្សនយោបាយ នីមួយៗ ដែលមើលឃើញថា ទាល់តែខ្លួនឡើងធ្វើជានាយករដ្ឋមន្រ្តី ទើបអាចដោះស្រាយបញ្ហាខ្មែរបាននោះ ក៏ជាឧប្បសគ្គ និងជាឆ្អឹងទទឹងបំពងកររបស់ខ្មែរ ដែលមិនអាចអោយខ្មែរមានលទ្ធភាពជ្រើសរើសអ្នកមានទេពកោសល្យពិតប្រាកដ ដើម្បីទប់ទល់ និងផ្តួលរំលំរបបកុំមុយនីស្ត នាពេលបច្ចុប្បន្ននេះដែរ ។
តាំងពីក្រោយសម័យអណានិគមន៍បារាំងមក សម្តេច នរោត្តម សីហនុ និងក្រុមអ្នករណែបរណបបានចាត់ទុកប្រទេសខ្មែរជាសម្បត្តិផ្តាច់មុខរបស់ សម្តេច នរោត្តម សីហនុ និងនាំគ្នាលើកថ្វាយប្រទេសខ្មែរអោយទៅ សម្តេច នរោត្តម សីហនុ ធ្វើអ្វីស្រេចតែហ្នឹងអំពើរចិត្ត ។ គ្រប់គ្នាសុទ្ធតែអួត និងបញ្ជោ សម្តេច នរោត្តម សីហនុ ថាជាព្រះបិតាគ្រប់វិស័យ និងជាអង្គស្តេចដែលឆ្លាតវ័យជាងគេ មានទេព្យកោសល្យជាងគេ ស្នេហាជាតិជាងគេ ជាតិនិយមជាងគេ និងជាបុគ្គលអច្ឆរិយៈដ៏អស្ចារ្យជាងគេ ។ តែទីបំផុតសូម្បីតែកូនអ្នកនយោបាយយួនម្នាក់ ក៏ សម្តេច នរោត្តម សីហនុ មិនដែលបានធ្វើនយោបាយឈ្នះគេផង ។
ក្រោយសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា១៩៩១ អ្នកនយោបាយខ្មែរពីក្រុមត្រីភាគី មានពីរភាគី បានព្រមព្រៀងលើកថ្វាយជោគវាសនាជាតិខ្មែរអោយទៅ សម្តេច នរត្តម សីហនុ ជាអ្នកសម្រេចក្នុងកិច្ចការដឹកនាំសារជាថ្មីម្តងទៀត កាលណោះមានតែក្រុមខ្មែរក្រហម មួយភាគីគត់ដែលយល់ពីសភាពការណ៍នយោបាយ ហើយមិនព្រមចូលរួមក្នុងការបោះឆ្នោត ដោយបានធ្វើការវិភាគយ៉ាងច្បាស់ថា យួនក្រុងហាណូយ គឺពិតជានៅបន្តគ្រប់គ្រងប្រទេសខ្មែរ ដោយគ្រាន់តែបន្លំផ្នែកអន្តរជាតិពីអាណាគមន៍ចំហរមកជាអាណានិគមន៍ស្រមោល វិញតែប៉ុណ្ណោះ ។
ថ្វីត្បិតតែភាគីខ្មែរក្រហម មិនបានចូលរួមការបោះឆ្នោតឆ្នាំ១៩៩៣ និងមិនព្រមប្រគល់សិទ្ធថ្វាយទៅ សម្តេច នរោត្តម សីហនុ ដូចក្រុមភាគីលោក សឺន សាន តែក្រុមខ្មែរក្រហមនៅតែជាភាគីដ៏សំខាន់មួយក្នុងសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស២៣ តុលា១៩៩១ ។ ប្រសិនបើគ្មានសប្បទាននយោបាយ និងការចូលរួមរបស់ភាគីខ្មែរក្រហមទេ ក៏គ្មានសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នេះដែរ ដូច្នោះ សន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅតែមានសារៈសំខាន់ និងមានជីវិតជានិច្ចនិរន្ត មិនអាចភាគីណាមួយ ឬហត្ថលេខី ណាមួយនៃកិច្ចព្រមព្រៀង មិនគោរព ឬ រំលោភ បានដាច់ខាត ។
បច្ចុប្បន្ននេះកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានអ្នកយោបាយខ្មែរ និងសកម្មជនអង្គការសង្គមមួយចំនួន យកបមកប្រើប្រាស់ក្នុងការនិយាយយកចំណេញ នយោបាយ តែពួកគេគ្មានឆន្ទៈពិតប្រាកដចង់យកកិច្ចព្រមព្រៀងនេះមកជួយព្យាបាលជម្ងឺវិបត្តិនយោបាយខ្មែរនោះទេ ។ ពួកគេដឹងថា មានតែមន្ទីពេទ្យ ដែលមានគ្រូពេទ្យ និងមានថ្នាំព្យាបាល ទេទើបអាចសង្គ្រោះអ្នកជម្ងឺបាន តែពួកគេដាច់ខាតមិនព្រមបញ្ចូនអ្នកជម្ងឺនោះទៅមន្ទីពេទ្យឡើយ ។ ដូចគ្រប់មាត់អ្នកនយោបាយ និងសកម្មជនអង្គការសង្គម មួយចំនួនបាននិយាយថា មានតែកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា១៩៩១ ទេ ទើបអាចជួយប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននេះបាន តែគ្រប់គ្នាទាំងអស់នោះមិនដែលបានរកមេធាវី និងក្រុមអ្នកច្បាប់អន្តរជាតិ រួចហើយរៀបចំពាក្យបណ្តឹងផ្លូវការណាមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គារសហប្រជាជាតិ ប្រទេសហត្ថលេខី និងសហប្រធាន នៃកិច្ចព្រមព្រៀងនេះឡើយ ។
មកទល់ពេលនេះ អ្នកយោបាយគ្រប់បក្ស គ្រប់ក្រុម និងសកម្មជននៃអង្គការសង្គម ដែលអួតខ្លួនថាជាអ្នកប្រជាធិបតេយ្យ ឬជាអ្នកជាតិនិយម បានកំពុងធ្វើនយោបាយផ្សងព្រេងដើម្បីរងចាំអោយ សម្តេចនរោត្តម សីហនុ វិលត្រឡប់មកវិញ ដោយដោះសារយលលេសថា «មានតែ សម្តេច នរោរ្តម សីហនុ ទេដែលអាចចេញមុខប្តឹងអន្តរជាតិ អោយជួយខ្មែរបាន» ។ ទស្សនៈរបស់ក្រុមអ្នកនយោបាយ កាត់បំពង់រងចាំទឹកភ្លៀង មួយក្រុមនេះនៅតែធ្វើនយោបាយក្រោមកន្ទុយក្បិនរបស់ សម្តេច នរោត្តម សីហនុ ដដែលបើទោះបីជាដឹងហើយថា សម្តេច នរោត្តម សីហនុ មុជក្បាលជាមួយយួន កនិងអាយ៉ងយួន ក្រុងហាណូយ គ្មានថ្ងៃវិលវិញទេ ។
អ្វីដែលគួអោយសោកស្តាយបំផុតនោះគឺ ក្រុមអ្នកនយោបាយមួយចំនួនដែលមានអតីតៈភាពជាសមាជិកក្រុមប្រឹក្សាជាតិជាន់ខ្ពសើ នៃកម្ពុជា (SNC) ដូចជាលោក សឺន ស៊ូបៀរ៍ និងលោក សម រង្ស៊ី ជាដើម ដែលមានតួរនាទីប្រធានគណបក្សប្រឆាំង មានអាសនៈ២៦ កៅអី និងមានអ្នកបោះឆ្នោតអោយជាងមួយលាននាក់នោះ ក្នុងពេលនេះក៏មិនព្រមនាំមកបញ្ហាកម្ពុជា ទៅប្តឹងនៅតុលាការអន្តរជាតិដែរ ។ ពួកគេសុខចិត្តអោយរដ្ឋាភិបាលក្រុងភ្នំពេញ ប្រើប្រាស់តុលាការអាយ៉ងស្រកីដូង ប្តឹងធ្វើបាបពួកគេ តែពួកគេមិនព្រមប្រើប្រាស់តុលាការអន្តរជាតិ ដើម្បីការពារខ្លួនឯង និងរកយុត្តិធម៌អោយពលរដ្ឋខ្មែរឡើយ ។
នៅឆ្នាំ ២០០៤ លោក សម រង្ស៊ី ធ្លាប់បានប្រើប្រាស់តុលាការ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្តឹងលោក ហ៊ុន សែន ពីបទនៅពីក្រោយខ្នងនៃការគប់គ្រាប់បែកចំនួន៤ គ្រាប់នៅថ្ងៃទី ៣០ មិនា ១៩៩៧ដែលបានបណ្តាលអោយក្រុមបាតុករ ១៩ នាក់បានស្លាប់ និងជាង១០០ រងរបួស ។ តែនៅឆ្នាំ ២០០៥ លោក សម រង្ស៊ី បានដកពាក្យបណ្តឹងនេះចេញវិញ ដើម្បីដោះដូរផលប្រយោជន៍នយោបាយជាមួយនិងលោក ហ៊ុន សែន នៅក្នុងគ្រាដែលតុលាការ ក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសម្រេចជាករណីសម្រ៉ាប់កាត់ក្តី ដើម្បីបើកសាវនាកា ហើយនោះ ។
ការមើលស្រាលអំណាចយុត្ថាធិការ តុលាការ ឯករាជ្យ នៃមហាប្រទេសប្រជាធិបតេយ្យ មួយនេះហើយធ្វើការបង្វិលករណីឃាតកម្ម ដែលមានមនុស្សស្លាប់ និងរបួសរាប់រយនាក់ ទៅធ្វើការដោះដូរផលប្រយោជន៍នយោបាយ ជាមួយនិងគូរសត្រូវនយោបាយរបស់ខ្លួន យ៉ាងដូច្នោះ វាមិនត្រឹមតែមើលងាយស្ថប័ណ្ណយុត្តិធម៌អន្តរជាតិទេ តែគឹបានគំពុងមើលងាយអាយុជីវិតជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះរាប់រយនាក់ ដែលកំពុងដេលរងចាំពន្លឺយុត្តិធម៌ តាមរយៈលោក សម រង្ស៊ី ។
គណបក្ស សម រង្ស៊ី ដែលបង្កើតឡើងដោយញើស ឈាម និងជីវិត របស់កម្មករ កម្មការនីខ្មែររាប់រយនាក់បានធ្វើពលីកម្ម តាំងតែពីឆ្នាំ១៩៩៥ មកទល់ពេលនេះគេនៅមិនទាន់បានឃើញ កម្មករ ឬកម្មការនី ណាម្នាក់បានក្លាយខ្លួនទៅជាអ្នកតំណាងរាស្រ្តរបស់គណបក្សនេះទេ ។ ពោលគឹមានតែក្រុមអ្នកជំនួញ និងអ្នករកស៊ីមានលុយកាក់តែប៉ុណ្ណោះ ដែលមានលទ្ធភាពអាចឈរឈ្មោះធ្វើជាបេក្ខជនតំណាងរាស្រ្ត តាំងពីលេខរៀងទីមួយរហូតដល់លេខរៀងចុងបញ្ចប់ ។ គណបក្ស ដែលចាប់ផ្តើមដោយសកម្មភាពធ្វើបាតុកម្មជាច្រើននិងដែលមានចំនួនសុទ្ធតែជាកម្មករ កម្មការនី នៅតាមរោងចក្រនានាក្នុងទីក្រុងភ្នំពេញចូលរួមនោះ បានកសាងកេរ្តិ៍ឈ្មោះ និងទទួលបានសម្លេងចំនួន ១៥ អាសនៈ កាលពីឆ្នាំ១៩៩៨, ២៤ អាសនៈ នៅឆ្នាំ ២០០៣ និង២៦ អាសនៈ នៅឆ្នាំ ២០០៨ ។
តាំងពីការបង្កើតជា គណបក្ស ជាតិខ្មែរ នៅក្នុងឆ្នាំ១៩៩៥ លោក សម រង្ស៊ី បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីសំណាក់ក្រុមខ្មែរអ្នកជាតិនិយម ដែលរស់នៅក្រៅស្រុក និងក្នុងស្រុក ដោយសារតែក្នុងគ្រានោះក្រុមខ្មែរអ្នកជាតិនិយម បានមើលឃើញត្រើយមហន្តរាយរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលត្រៀមលិចលង់ដោយមន្រ្តី និងអ្នកដឹកនាំដែលក្បត់ឆន្ទៈដើម ដែលបានចូលរួមសកម្មក្នុងអំពើរពុករលួយ ដើម្បីជួយបំភ្លេចបំផ្លាញជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយម្យ៉ាងវិញទៀត គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា របស់លោក សឺន សាន ក៏កំពុងត្រូវរងនូវកំលាំងខ្យល់ព្យុះនាពេលនោះដែរ ។ ដូច្នោះនាវា គណបក្ស ជាតិខ្មែរ របស់លោក សម រង្ស៊ី ដែលស្ថាបនាឡើងនាពេលនោះក៏បានក្លាយទៅជានាវានយោបាយថ្មី របស់ក្រុមអ្នកនយោបាយប្រជាធិបតេយ្យ ជាតិនិយម ។ ទស្សនៈនយោបាយ និងពាក្យពេចន៍ជាច្រើនដែលលោក សម រង្ស៊ី បាននិយាយទៅកាន់សាធារណ ក្នុងគ្រានោះគឹមិនត្រឹមតែប្រៀបបាននឹងដំណក់ទឹកភ្លៀងដែលអាចលាងជំរះចិត្តអ្នកនយោបាយខ្មែរស្នេហាជាតិអោយស្រួចស្រាវ ងើបស្រុះគ្នាប៉ុណ្ណោះទេ តែថែមទាំងមានទំងន់ធ្ងន់ដែលអាចចោះទំលុះចិត្តប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយម រាប់សែននាក់ ដែលកំពុងតែស្អប់កុំមុយនីស្ត អោយមានចិត្តក្លាហានចេញមុខមកទប់ទល់នឹងកុំមុយនីស្ត ។
«ពឹងលើអំណោយ រស់បានតែមួយថ្ងៃ ពឹងលើលទ្ធិប្រជាធិបតេយ្យ រស់បានមួយជីវិត» គឺជាពាក្យរបស់លោក សម រង្ស៊ី ដែលតែងតែថ្លែងទៅកាន់អ្នកគាំទ្រក្នុងវេទិការសធារណៈម្តងៗ ។ «មាន សែន អត់ ស៊ី មាន ស៊ី អត់ សែន» គឺជាការផ្តេជ្ញាចិត្តពីជំហរនយោបាយដាច់ខាតរបស់ខ្លួន ដែលលោក សម រង្ស៊ី តែងតែប្រកាស់ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ។
មកដល់ថ្ងៃនេះ គឺបន្ទាប់ពី សម រង្ស៊ី ដកបង្គោលព្រំដែន ដែលរដ្ឋាភិបាលអាយ៉ងយួន នៅភ្នំពេញ និងរដ្ឋាភិបាលយួន ក្រុងហាណូយ ព្រមព្រៀងបោះបង្គោលចែកព្រំដែនខ្មែរក្រោម និងខ្មែរកណ្តាលរួចមក តុលាករ អាយ៉ងនយោបាយនៅភ្នំពេញ បានកាត់ទោស សម រង្ស៊ី ដាក់គុកចំនួនពីរឆ្នាំ និងបានចេញដីការបង្គាប់អោយចាប់ខ្លួនរួចហើយ ។ ប៉ុន្តែនៅក្រៅប្រទេស សម រង្ស៊ី នៅតែមិនព្រមយកឯកសារជាវត្ថុតាងនិងសាក្សី ដែលខ្លួនមាននៅក្នុងដៃ រៀបចំពាក្យបណ្តឹង ប្តឹងទៅកាន់តុលាការវិច្ឆេទកម្មអន្តរជាតិ នៅឡើយ តែផ្ទុយទៅវិញ សម រង្ស៊ី និសហការីគ្រាន់តែបានត្រឹមកាន់យកឯកសារទាំងនេះ ធ្វើជាទុនដើម្បីធ្វើការរៃអង្គាសថវិកាពីសហគមន៍ខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណោះ ។
តាំងពីត្រូវតុលាការ អាយ៉ងនយោបាយ ក្រុងភ្នំពេញ កាត់ទោសអោយ សម រង្ស៊ី ជាប់គុកពីរឆ្នាំ និងដែលទើបចេញដីការចាប់ខ្លួនថ្មីៗនេះ ផ្លូវរបស់ សម រង្ស៊ី ដើម្បីចូលទៅក្នុងស្រុកគឺបានកំណត់ទុករួចទៅហើយគឺ៖ ទី១) សម រង្ស៊ី ចូលខ្លួនអោយតុលាការរបស់ ហ៊ុន សែន ចាប់ដាក់គុកចំនួនពីរឆ្នាំ អោយបានមុនឆ្នាំ ២០១៣ ដើម្បីចេញពីគុកមកវិញចូលរួមបោះឆ្នោតបង្រ្គប់កិច្ចជូន ហ៊ុន សែន នៅឆ្នាំ ២០១៣ និង ទី២) សម រង្ស៊ី ត្រូវតែសរសេរសំបុត្រទៅសុំទោស ហ៊ុន សែន ព្រមទទួលកំហុសថាខ្លួនខុស ដើម្បីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ចាំវាំងនៅភ្នំពេញតែប៉ុណ្ណោះ ។
ចំណែក គណបក្ស សិទ្ធិមនុស្ស របស់លោក កឹមសុខាដែលបង្ខំបង្កើតឡើងយ៉ាងទាន់ហន់អោយទាន់បានចូលរួមក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០៨ ក៏មានទម្រង់ប្រជាភិថុរ មិនខុសគ្នានឹងការបង្កើតគណបក្ស ជាតិខ្មែរ របស់លោក សម រង្ស៊ី ដែលមុនពេលនឹងប្រែឈ្មោះមកជា គណបក្ស សម រង្ស៊ី នេះដែរ ពីព្រោះថា កឹម សុខា បានយកពាក្យសិទ្ធិមនុស្សមកដាក់ឈ្មោះ គណបក្សរបស់ខ្លួន ក្នុងគោលបំណងទាញយកចំណេញ ពីសកម្មភាពរបស់អង្គការសិទ្ធិមនុស្សនានា ដែលកំពុងធ្វើសកម្មភាពសិទ្ធិមនុស្យ ក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ ។ ក្នុងការយកឈ្មោះសិទ្ធិមនុស្ស មកដាក់ឲ្យឈ្មោះ គណបក្សរបស់ខ្លួន ត្រូវបានក្រុមសកម្មជនសិទ្ធិមនុស្ស និងអង្គការសិទ្ធិមុស្ស រិះគន់ ហើយបានទាមទារអោយមានការកែប្រែ តែត្រូវបានលោក កឹម សុខាចចេស និងមានះ ដោយមិនស្តាប់តាមសំណូមពររបស់ក្រុមសិទ្ធិមនុស្សផង ។ ក៏ប៉ុន្តែកររំពឹងទុកដែលមានសង្ឈឹមដ៏ធំមួយនេះ ត្រូវរលាយក្រោយពីលទ្ធផលនៃការបោះឆ្នោត ឆ្នាំ ២០០៨ ដែលគណបក្សនេះទទួលបានសម្លេងត្រឹមតែ ៣ អាសនៈ នៅក្នុងរដ្ឋសភា ។
តាមពិត កឹម សុខាដែលមោទនៈភាព និងបានបង្កើតគណបក្ស សិទ្ធិមនុស្ស នៅក្នុងឆ្នាំ២០០៨ ដើម្បីបានចូលរួមក្នុងការបោះឆ្នោតបង្គ្រប់កិច្ចកាលពីឆ្នាំ ២០០៨ នោះ មានតែ កឹម សុខា ខ្លួនឯងទេដែលដឹងច្បាស់ជាងគេថា តើគណបក្សនេះ កើតឡើងដោយរបៀបណា និងនណាជាអ្នកអោយកំណើតដល់គណបក្សមួយនេះ ។ រឿងដែលលោក កឹម សុខា បានិយាយថាពលរដ្ឋខ្មែរសំណុមពរអោយលោក បង្កើតគណបក្សនយោបាយចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត គឺជាសម្តីភូតកុហក់សុទ្ធសាធ ព្រោះពលរដ្ឋខ្មែរមិនដែលសំណូមពរអោយមានការបង្កើតគណបក្សថ្មី ដែលបង្កើនចំនួននៃការបែកបាក់យាំ់ងនេះទេ តែផ្ទុយទៅវិញពលរដ្ឋខ្មែរ តែងតែសំណូមពរអោយមានការរួមគ្នាដើម្បីប្រមូលកម្លាំងប្រឆាំងកុំមុយនីស្ត ។
ករណីអំពើពុករលួយ ដែលលោក កឹម សុខា បានប្រព្រឹត្តិកាលពីធ្វើជាប្រធាននៃមជ្ឈមណ្ឌល សិទ្ធិមនុស្ស កម្ពុជា ហើយដែលត្រូវបានបុគ្គលិកធំៗមួយចំនួន ដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការភ្នំពេញគឺស្ថិតនៅក្នុងដៃរបស់ ហ៊ុន សែន និងមានវត្ថុតាងជាច្រើន ព្រមទាំងសាក្សី ដែល ហ៊ុន សែន បានចិញ្ចឹមទុកដើម្បីជាប្រយោជន៍ប្រើប្រាស់ កឹម សុខា ក្នុងកិច្ចការនយោបាយ ។ សូម្បីតែករណី កឹម សុខា ខ្ចីលុយអ្នកណា និងត្រូវការលុយប៉ុន្មានទៀតដើម្បីសង់បង្ហើយភូមគ្រឹះមួយដែលមានទឹកប្រាក់ជាងមួយលានដុល្លាក៏បានកត់ត្រាក្នុងបញ្ជីបំណុលរបស់ ហ៊ុន សែន ដែរ ។ ដូចនេះទុននយោបាយ ដែល កឹម សុខា មាន គឺគ្រាន់តែធ្លាប់ជាប់គុគ ក្នុងគុករបស់រដ្ឋាភិបាល ហ៊ុន សែននិងធ្លាប់ដឹកនាំអង្គការសិទ្ធិមនុស្ស ធ្វើវេទិការសាធារណៈចំនួន ៥ ឆ្នាំតែប៉ុណ្ណោះ ។
សរុបសេចក្តីទៅទាំង សម រង្ស៊ី និង កឹម សុខា មិនត្រឹមតែក្លាយជាំត្រីក្រឹមក្នុងដបរបស់ ហ៊ុន សែននៃគណបក្សប្រជាជនកម្ពុជានោះទេ តែថែមទាំងជាមេដឹកនាំនយោបាយប្រភេទសត្វគោមាន ដំបៅខ្នងដូចតែគ្នា ។ ដូច្នោះតើអ្នកទាំងពីនាក់នេះកំពុងធ្វើនយោបាយ ដើម្បីនណា? ដើម្បីពលរដ្ឋ ឬក៏ដើម្បីបម្រើគូរសត្រូវម្ខាងទៀតដោយមិនដឹងខ្លួន?
វាជាការងាយឆ្លើយទេ ប្រសិនបើគេធ្វើនយោបាយ ដើម្បីបពលរដ្ឋគឺគេត្រូវតែស្តាប់យោបល់ និងការចង់បានរបស់ពលរដ្ឋ ។ ក្នុងកាលៈទេសៈ នេះពលរដ្ឋចង់ឃើញអ្នកនយោបាយទាំងពីរនេះរួមគ្នានៅក្នុងក្រុមតែមួយ មុនការចូលរួមបោះឆ្នោតនាឆ្នាំ២០១៣ ខាងមុខ នោះបើពួកគេជឿជាក់លើល្បែងបោះឆ្នោតបង្គ្រប់កិច្ចដែលរៀបចំដោយ ហ៊ុន សែន ។ ហើយក្នុងរូបមន្តនៃការរួបគ្នានេះ ប្រសើនបើ សម រង្ស៊ី និង កឹម សុខា មិនអាចចចារគ្នាបានពីតួរនាទីនានាក្នុងបក្សថ្មីនោះទេ អ្នកទាំងពីរនាក់គួរគប្បីលះបង់ដំណែងជាប្រធានបក្សរៀងខ្លួន ហើយប្រគល់ដំណែងនេះទៅអោយអ្នកស្រី មួ សុខហួ ជាអ្នកដឹកនាំបន្តរការប្រយុទ្ធនឹង ហ៊ុន សែន ។ នេះមិនត្រឹមតែផ្តល់ឱកាស់អោយស្ត្រីខ្មែរមានឱកាស់ធ្វើជាអ្នកដឹកនាំនយោបាយ ក្នុងឋានៈជាមេដឹកនាំ គណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដើម្បីប្រយុទ្ធនឹងកុំមុយនីស្ត នោះទេ តែវាបានបន្ថែមនូវចលនាគាំទ្រពីសំណាក់សហគមន៍អន្តរជាតិដែលកំពុងមើលឃើញភាពលេចធ្លោរបស់លោកស្រី មួ សុខហួ ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងសង្គមនយោបាយកម្ពុជា ។ ប៉ុន្តែ សម រង្ស៊ី និង កឹម សុខា ត្រូវតែបន្តធ្វើសកម្មភាពនយោបាយជាឧត្តមទីប្រឹក្សាបក្សថ្មីដែលដឹកនាំដោយលោកស្រី មួ សុខហួ ដែលតម្រ៉ូវអោយ សម រង្ស៊ី បន្តរស់នៅក្រៅប្រទេស ដើម្បីកសាងទំនាក់ទំនងអន្តរជាតិ និង កឹម សុខា ជួយពង្រឹងនៅក្នុងប្រទេស ដើម្បីយកឈ្នះ កុំមុយនីស្ត ។
ពុំនោះទេប្រសិនបើ សម រង្ស៊ី និង កឹម សុខានៅតែបន្តធ្វើជាត្រីក្រឹមរស់ដោយ ហ៊ុន សែន និងរស់នៅក្នុងដបរបស់ ហ៊ុន សែន នោះ សម រង្ស៊ី និង កឹម សុខា ក្លាយទៅជាអ្នកដឹកនាំនយោបាយប្រឆាំងដើម្បីបង្គ្រប់កិច្ច ដែលបម្រើប្រយោជន៍នយោបាយរបស់ គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ ពោលគឺអ្នកទាំងពីរនាក់នេះមិនបានធ្វើនយោបាយដើម្បីបម្រើពលរដ្ខពិតប្រាកដទេ ៕