តើ នរោត្តម សីហនុ ជាសន្លឹកបៀរបស់អ្នកណា?

May 22, 2010

            និយាយពីក្រុមខ្មែរកុំមុយនីស្ត គឺមានតែពីរក្រុមប៉ុណ្ណោះ គឹម្ខាងកុំមុយនីស្ត និយមយួន ដែលបង្កើត​ឡើងប្រទេសយួន ក្រុងហាណូយ និងម្ឋាងទៀតជាកុំមុយនីស្ត និយមចិនដែលមានភាគច្រើនជាក្រុម​រាជានិយមរបស់ សម្តេច នរោត្តម សីហនុ ដែលគាំទ្រប្រទេចិន ក្រុងប៉េកាំង ។ ប៉ុន្តែប្រសិនបើ​និយាយ​ពី​ក្រុម​ខ្មែរអ្នកប្រជាធិបតេយ្យវិញគឹមានច្រើនបក្ស ច្រើនក្រុមរាប់ភ្លេចតាំងពី​ឆ្នាំ១៩៤១ មក ។ តែទោះយ៉ាង​ណាក៏សមាសភាពនៃក្រុមខ្មែរអ្នកជាតិនិយម តែងមានបង្កប់នៅក្នុងក្រុមខ្មែរកុំមុយនីស្ត និងក្រុមខ្មែរអ្នក​ប្រជាធិបតេយ្យ នាគ្រប់ជំនាន់ ។

          អ្នកតស៊ូរដើម្បីសេរីភាព ឬក្រុមអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ មិនមែនជាអ្នកនយោបាយទេ តែជា​ក្រុមចលនាអ្នកជាតិនិយម ដែលតែងតែចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមចលនាបក្សនយោបាយនានា​ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសឈ្លានពានទឹកដី ។ នៅក្នុងសម័យ សម្តេច នរោត្តម សីហនុ តស៊ូរ​ទានទារឯករាជ្យពីបារាំង ក៏មានក្រុមអ្នកខ្មែរជាតិនិយមចូលរួមគាំទ្រ សម្តេច សីហនុ ដើម្បីបង្ហាញជំហរ​តស៊ូរប្រឆាំងបារាំង ។ នៅក្នុងសម័យដែល​យួនយៀកកុងឈ្លានពានខ្មែរ ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូល​រួមជាមួយទាំងខាង សម្តេច សីហនុ និងទាំងខាង លោក លន់ នល់ ហើយនៅក្នុងសម័យតស៊ូរនៃចលនា​ត្រីភាគី ដែលធ្វើសង្រ្គាមប្រឆាំងយួនឈ្លានពាន ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូលរួមក្នុងចលនានីមួយៗ ទាំងបីភាគី និងក៏មានក្រុមខ្មែរអ្នកជាតិនិយម ចូលរួមជាមួយនិងក្រុមខ្មែរកុំមុយនីស្ត អាយ៉ាងយួន ចូលរួម​ប្រយុទ្ធ វាយខ្មែរអ្នកជាតិនិយមគ្នាឯងផងដែរ ។

          ខ្មែរអ្នកជាតិនិយម ប្រៀបបាននឹងគ្រាប់ពពាលខែ ដែលទុំជ្រុះហើយហើររសាត់អណ្តែតទៅធ្លាក់​នៅគ្រប់ទិសទី តាមតែកម្លាំងខ្យល់បក់ ។ គ្រាប់ពពាលខែ មានទម្ងន់ស្រាល និងមានស្លាបចាក់ស្រដៀង​និងស្លាបកង្ហារ គឺងាយរងទទួលនូវកម្លាំងខ្យល់បាក់ផាត់ និងកួចបញ្ជូនអោយរសាត់បែកខ្ញែកចាកឆ្ងាយពី​ដើមពពាលខែណាស់ ។ ចំណែកឯកម្លាំងខ្យល់ ដែលបក់កួច គឺប្រៀបបានទៅនឹងកម្លាំងមនោគមន៍វិជ្ជា​នោយបាយ របស់ក្រុមបក្ស នៃចលនានយោបាយ ទាំងខាងកុំមុយនីស្ត និងទាំងខាងសេរី ដែលព្យាយាម​ខិតខំប្រើប្រាស់គ្រប់មធ្យោយដើម្បីអូសទាញកម្លាំងអ្នកជាតិនិយម អោយចូលរួមធ្វើជាអ្នកប្រយុទ្ធរបស់​ក្រុមខ្លួន និងធ្វើការប្រយុទ្ធ ពលីកម្មដើម្បីផលប្រយោជន៍របស់ខ្លួន ។

          សង្រ្គាមខ្មែរនិងខ្មែរ ដែលឆាបឆេះក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះបានធ្វើអោយជីវិត​ខ្មែរ​អ្នកជាតិនិយម ស្លាប់រាប់សែននាក់ និងបានធ្វើអោយឈាមអ្នកជាតិនិយម ដែលហូរចេញពីរាងកាយអ្នក​ជាតិនិយម ស្ទើរ​តែ​ក្លាយទៅជាបឹងលោហិត ចំណែកឯកំនរឆ្អឹងរបស់ខ្មែរអ្នកជាតិនិយម បើយកមកផ្តុំគ្នា​ទុកមួយអន្លើ គឺស្ទើរតែក្លាយទៅជា មហាគីរី ។ ប៉ុន្តែសួរថា ជីវិតខ្មែរអ្នកជាតិនិយមដែលបានពលីកម្ម និង​ឈាមខ្មែរអ្នកជាតិនិយម ដែលបានហូរ ក្នុងរយៈកាលកន្លះសតវត្សមកនេះ បានត្រូវមេដឹកនាំនយោបាយ ទាំងនោះគោរព លើកដំកើង អោយតម្លៃ និងកម្កល់ទុកជាគំរូវីរៈភាពសម្រ៉ាប់ខ្មែរទេ?

          ស្តេចបានចូលវាំង ពាក់ម្កុដ សោយសុខស្រណុកខ្លួន លែងវិលវៃ មេទ័ព សេនា គ្រួសារមន្រ្តី បាន​ទទួលបុណ្យសក្តិ ខ្វាក់វិចារណញ្ញាណ អ្នកក្រកាន់តែក្រ ប្រទេសនៅតែក្ញុំគេ ដីកេរដូនតា នៅតែត្រូវ​បរទេស​​កំពុងឈ្លានពាន អ្នកមាន មានលើសលុប អ្នកធំមានអំណាច ងុលងុប លុបសម្លាប់តែជាតិខ្មែរ ។

          មូលហេតុអ្វីទើបមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១?

          បើគ្មានសង្រ្គាមក៏គ្មានការចចារ ហើយបើគ្មានការចចារក៏គ្មានសន្ធិសញ្ញាសញ្ញាសន្តិភាព ។ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គ្មានសង្គ្រាមណាអាចបញ្ចប់ជម្លោះនយោបាយបានទេ មានតែសន្ធិសញ្ញាសន្តិភាព ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្រ្គាមបាន ។ សហគមន៍អន្តរជាតិ ដែលមានប្រទេសសហរដ្ឋអាមេរិក ជាអ្នកដឹកនាំផ្តល់​នូវជំនួយយោធាសម្រ៉ាប់ប្រយុទ្ធ ដើម្បីសេរីភាព និងដើម្បីរំដោះ នាពេលនោះបានមើលឃើញថា នៅក្នុង​ចលនា​ត្រី​ភាគី ដែលកំពុងប្រយុទ្ធជាមួយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពនៃប្រទេសយួន​ក្រុងហាណូយ នាពេលនោះមានពីក្រុមបានចាញ់កុំមុយនីស្តបាត់ទៅហើយ នោះគឺក្រុមចលនាដែលដឹកនាំ​ដោយ សម្តេច នរោត្តម សីហនុ និងក្រុមចលនាដែលដឹកនាំដោយលោក សឺន សាន ហើយមាននៅសល់​តែក្រុមកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលផ្គត់ផ្គង់ដោយប្រទេសចិន ដែលមានកម្លាំងអ្នកប្រយុទ្ធ​ពិត​ប្រាកដ ។ របាយការណ៍សម្ង៉ាត់របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់អាមេរិក បានប្រាប់រដ្ឋបាល​ក្រុងវ៉ាស៊ីងតោនថា «ស្ថានភាពនៃចលនាអ្នកតស៊ូរខ្មែរនៅជាយដែនខ្មែរ-ថៃ ដែលកំពុងប្រយុទ្ធជាមួយនិង​កងទ័ពយួនកុំមុយនីស្ត និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺមានលទ្ធផលមិនខុសគ្នាជាមួយនិង​សង្រ្កាមដែលរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ប្រយុទ្ធគ្នាជាមួយនិងកុំមុយនីស្ត យួនយៀកកុង​កាលពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ទេ» ។ របាយការណ៍ដដែលនេះបានបន្តថា «នៅក្នុងចលនារបស់ សីហនុ និងនៅក្នុងចលនារបស់ សឺន សាន គឹមានអំពើរពុករលួយកើតឡើង ដែលអ្នកដឹកនាំនយោបាយ​ទាំងពីក្រុមនេះបានបង្កបក្សពួក កិបកេងជំនួយយោធា ដែលធ្វើអោយជំនួយយោធាជាច្រើនមិនបានធ្លាក់​ដល់ដៃកងទ័ពអ្នកប្រយុទ្ធទេ​ តែត្រូវបានពួកអ្នកដឹកនាំនយោបាយទាំងពីរក្រុមនេះលួចដោះដូរលក់អោយ​ប្រទេសថៃ ដើម្បីយកប្រាក់ចូលក្នុងហោប៉ៅរៀងៗខ្លួន» ។ ក្នុងរបាយការណ៍នោះក៏បានបញ្ជាក់បន្ថែមទៀត​ថា «ជំនួយយោធារបស់អាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលមានលក្ខខ័ណ្ឌដាច់ខាតមិនជួយដល់​កង​ទ័ពខ្មែរក្រហម ដែលមិនមែនជាចលនាសេរីនោះ ឥឡូវនេះមួយភាគតូចបានទៅដល់ដៃកងទ័ពរបស់ខ្មែរ​ក្រហមហើយ តាមរយៈល្បិចជួលកងទ័ពធ្វើសឹកសង្រ្គាម ដែលក្រុមរបស់ សម្តេច សីហនុ និងក្រុមរបស់​សឺន សាន យកសម្ភារៈនិងជំនួយមួយចំនួននេះទៅជួលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមវាយកងទ័ពយួន​អោយពួកខ្លួន ដោយសារពួកគេគ្មានកងទ័ពប្រយុទ្ធ និងគ្មានមេទ័ពខ្លាំងពូកែ ដែលចេះយុទ្ធសាស្រ្តដឹកនាំ​កងទ័ពប្រយុទ្ធ» ។

          នៅក្នុងឆ្នាំ១៩៨៤ មួយឆ្នាំកន្លះមុនចចាររកសន្តិភាពអោយកម្ពុជា សមាជិកទីភ្នាក់ងារសារព័ត៌មាន​កណ្តាលរបស់អាមេរិក បានជួបសម្ង៉ាត់ជាមួយមេទ័ពនៃចលនាតស៊ូរ ក្នុងក្រុមដែលដឹកនាំដោយ សម្តេច សីហនុ និងក្នុងក្រុមដែលដឹកនាំដោយលោក សឺន សាន ហើយបានឲ្យឱវ៉ាទថា «បើចង់បន្តការប្រយុទ្ធ​អោយឈ្នះកុំមុយនីស្ត នៅក្នុងស្រុកខ្មែរ អ្នកត្រូវហ៊ានសម្លាប់ សម្តេច សីហនុ និង សឺន សាន​ ចោល ។ ពុំនោះទេ សហគមន៍អន្តរជាតិ និងមិនផ្តល់ជំនួយយោធាអ្វីទៀតដល់ក្រុមនេះឡើយ ហើយយើងនឹង​រក​មធ្យោបាយ​ផ្សេងមកបញ្ចប់សង្រ្គាមនេះ ។ ព្រោះបើ សម្តេច សីហនុ និង សឺន​ សាន​ នៅដឹកនាំចលនានៃ​តស៊ូរនេះទៅទៀត នោះអំពើរពុករលួយ ដែលកិបកេងលួចបន្លំ ជំនួយកងទ័ពគឹកាន់តែរីកធំឡើងៗ ហើយ​សង្រ្គាមនេះមិនអាចឈ្នះកុំមុយនីស្ត ដាច់ខាត ។

          បើទោះបីជាមានភ្លើងខៀវយ៉ាងនេះក៏ដោយ ក៏គ្មានមេទ័ពណាម្នាក់ហ៊ាន ហើយដាច់ចិត្ត សម្លាប់ សម្តេច សីហនុ និងសម្លាប់លោក សឺន សាន ចោលដែរ​ ។

          សេចក្តីសម្រេចិត្តរបស់អន្តរជាតិបានប្រែប្រួល សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលី បានយកសេចក្តីសម្រចចិត្តរួមថា ត្រូវតែបញ្ចប់សង្រ្គាមនេះដោយបង្កើតអោយបាននូវសន្ធិសញ្ញាសន្តិភាព​មួយ ដើម្បីនាំយកកម្លាំងសន្តិអន្តរជាតិចូលទៅខាងក្នុងប្រទេសកម្ពុជា ជាប្រយោជន៍ការពារប្រជាពលរដ្ឋ​ខ្មែរដែលស្រលាញ់នូវលទ្ធិប្រជាធិបតេយ្យ ដើម្បីអោយបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញ​ចិត្ត​ហើយដែលងាចការពារសន្តិសុខរបស់ពលរដ្ឋបាន ។

          នេះគឺរឿងរ៉ាវដើមនិងជាលទ្ធផលដែលនាំអោយមានការចចារ និងបង្កើតអោយមានកិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣ តុលា​១៩៩១ ។

          នៅឆ្នាំ១៩៨៩ រដ្ឋមន្រ្តីការបទេសយួន ង្វៀន កឺថាច់​ បានអោយឱវ៉ាទទៅ ជា សុទ្ធ ដែលកាលនោះ​ជាអនុប្រធានប្រឹក្សារដ្ឋមន្រ្តីនៃរដ្ឋាភិបាលអាយ៉ងយួនភ្នំពេញថា «ពួកក្រុមចលនាត្រីភាគី ប្រៀបដូចជាពស់​អត់ក្បាល ម្តងយកក្រុងប៉ារីសធ្វើជាក្បាល និងម្តងយកក្រុងប៉េកាំងធ្វើជាក្បាល ចំណែកឯកន្ទុយគឺនៅឯ​ក្រុងព្យុយ៉ាងប្រទេសកូរ៉េខាងជើង» ។ កាលណោះប្រទេសយួនដឹងយ៉ាងច្បាស់ថា សម្តេច សីហនុ ដែល​បានដើរតួនាទីសំខាន់ក្នុងកិច្ចចចារជាមួយរបបក្រុងភ្នំពេញគឺគ្មានជំហរខ្លួនឯងពិតប្រាកដទេ ក្បាលរបស់​ក្រុង​ប៉ារីស និងក្បាលរបស់ក្រុងប៉េកាំង ដែលសម្តេច សីហនុ ពាក់បន្លំសហគមន៍អន្តរជាតិ និងបិទបាំង​ជាមួយ​សម្ព័ន្ធមិត្តក្នុងចលនាតស៊ូរ គឺជាលេសនយោបាយមួយ ដើម្បីស្វែងរកផ្ទះពិតប្រាកដដែល​មាន​ស្រាឆ្ងាញ់ និងគ្រឿងក្លែមដែល សម្តេច សីហនុ ខ្លួនចូលចិត្តតែប៉ុណ្ណោះ ។ ចំណែកនៅឯដំណាក់នាទី​ក្រុង​ព្យុង​យ៉ាង​ប្រទេសកូរ៉េ ខាងជើង នាងម៉ូនិក​ដែលជាប្រពន្ធបដិវត្តន៍ របស់ សម្តេច សីហនុ គឺសូម្បីផ្លែប៉ោម​ស្អុយ​ក៏គ្មាន​នៅលើចានសម្រ់ាប់ឆីផង ។ ដូច្នោះហើយបានជា ង្វៀន កឺថាច់ បានបញ្ជាក់ប្រាប់ ជា សុទ្ធ នៅ​ក្នុងជំនួប​នោះថា «យើងមានបក្ស និងរដ្ឋ ដែលបក្សជាអ្នកដឹកនាំរដ្ឋ ហើយរដ្ឋជាអ្នកបម្រើបក្ស ចំណែក​ចលនា​ត្រី​ភាគីដែលមាន សីហនុ ជាអ្នកតំណាងហើយក្បាលនោះ គឺមានកន្ទុយបក់ចុះបក់ឡើងនៅឯ​ទីក្រុង​ព្យុងយ៉ាង​ឯណោះទេ ។ ដូចនេះពោះដែលគ្មានក្បាលបែបនេះមិនបាច់រកចាប់ក្បាលទេ តែត្រូវចាប់​កន្ទុយអោយជាប់​ធ្វើយ៉ាងណាត្រូវយក សម្តេច សីហនុ អោយមកបម្រើបក្ស និងរដ្ឋ របស់យើង ហើយ​ដើម្បី​ចាប់ សីហនុ បានគឹត្រូវចាប់កន្ទុយពោះ ពោលគឺត្រូវតែចាប់នាង ម៉ូនិក អោយជាប់» ។

          ដូច្នោះហើយបានជាមុនពេលសម្រេចកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជំនួបសម្ង៉ាត់មួយបានកើតឡើងរវាង សម្តេច​ សីហនុ ហ៊ុន សែន និងអគ្គរដ្ឋទូតយួនក្រុងហាណូយ ប្រចាំ​នៅ​ទីក្រុងប៉ារីស​នៅចំពោះមុខវត្តមានរបស់ នាងម៉ូនិក និង ដែលមានក្រុមគ្រួសាររបស់ ពុង ប៉េងចេង (ក្រុម​គ្រួសារឳពុក​របស់លោកស្រី ពុង ឈីវ ហ្គេច ឬ ហ្គេច ហ្គាឡាប៊្រូ ប្រធានអង្គការ លីកាដូ នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ) ធ្វើជាអ្នកសម្របសម្រួលជំនួបសម្ង៉ាត់នោះ ។ នៅក្នុងជំនួបសម្ង៉ាត់នោះកិច្ច​ព្រមព្រៀងចំនួនបីចំណុចដែល សម្តេច សីហនុ អគ្គរដ្ឋទូតយួនប្រចាំទីក្រុងប៉ារីស តំណាងរដ្ឋាភិបាលយួន​ក្រុងហាណូយ និង ហ៊ុន សែន បានព្រមព្រងគ្នាគឺ៖ ១) គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន​ព្រមទទួលព្រះបុត្រមួយអង្គរបស់ សម្តេច សីហនុ ឈ្មោះ នរោត្តម ចក្រពង្ស អោយចូលក្នុងរដ្ឋាភិបាល​ហើយតែងតាំងជាឧប្បនាយករដ្ឋមន្រ្តី ដើម្បីជាការបញ្ជាក់ថាភាគីទាំងសងខាងទុកចិត្តគ្នា ។ ២) ក្រោយ​ពេលបោះឆ្នោតហើយ ប្រមុខនៃគណបក្សប្រជាជនកម្ពុជា ត្រូវឯកភាពលើសំណើរស្នើរសុំអោយ សម្តេច សីហនុ ឡើងគ្រងរាជ្យធ្វើជាស្តេចសាជាថ្មី ។ ៣) ព្រះរាជាវាំងរបស់សម្តេច សីហនុ ត្រូវថ្វាយគរមងាឋានៈ​ជា សម្តេច ដល់មេដឹកនាំនៃគណបក្សប្រជាជនទាំងបីនាក់គឺ ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ។ នៅ​ក្នុងករណីដែលអង្គការសហប្រជាជាតិមិនព្រមដកខ្លួនចេញពីកម្ពុជា សម្តេច​ សីហនុ ត្រូវប្រើប្រាស់តួនាទី​ជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា បណ្តេញអង្គភាពអន្តរជាតិនេះអោយចេញពីប្រទេសកម្ពុជា ចំណែក​ឯ នរោត្តម ចក្រពង្ស ត្រូវរៀបចមផែនការប្រជាភិថុរមួយ ដោយដឹកនាំកម្លាំងអប្បគមន៍ ក្នុងរកណីដែល​គណបក្សប្រជាជន ចាញ់ឆ្នោត ។ យកឈុតឆាកនេះធ្វើជាលេសបណ្តេញអង្គការសហប្រជាជាតិ អោយ​ចេញពីស្រុកខ្មែរផង និងយកលេសបិទបាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីចែកតួនាទីអោយមេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា ទុកជីវិតនយោបាយពួកកុំមុយនីស្ត ដើម្បីប្រើដៃពួកនេះអោយសម្លាប់ក្រុមអ្នក​សាធារណរដ្ឋនិយម ដែលប្រឆាំង សីហនុ ជាយូយាណាស់មកហើយផង ។

          ល្បិចនយោបាយដែលប្រទេសយួន ក្រុងហាណូយ និងប្រទេសចិន ក្រុងប៉េកាំង បានរៀបចំអោយ​សម្តេច​ សីហនុ និង ហ៊ុន សែន បានបានជួបគ្នាជាសម្ង៉ាត់ មុនកិច្ចព្រព្រៀងសន្តិភាព ទីក្រុងប៉ារីស បាន​អនុម័ត្តនាថ្ងៃទី ២៣ តុលា ១៩៩១ នេះហៅថា «យុទ្ធសាស្រ្តអោយ ឆ្មាខ្វាក់ ជួបនិង កណ្តុរ ងាប់» ។​

          មានន័យថា សម្តេច សីហនុ ប្រៀបបាននឹងសត្វ កណ្តុរ ងាប់មួយក្បាល ចំណែកឯ ហ៊ុន សែន គឹ​ប្រៀបបាននឹង ឆ្មាខ្វាក់ មួយក្បាល ដែលប្រទេសចិនត្រូវតែគ្រវែងចោលសត្វកណ្តុរងាប់មួយក្បាលនេះមក​អោយប្រទេសយួន ក្រុងហាណូយ យកទៅធ្វើជាចំណីរបស់ ឆ្មាខ្វាក់ មួយក្បាលដែលយួន ក្រុងហាណូយ​បានចិញ្ចឹមទុកតាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មក ។

          ដូចនេះក្រុមខ្មែរអ្នកជាតិនិយម ដែលដើរតាម និងខំទុកចិត្តអ្នកនយោបាយ កណ្តុរ ងាប់មួយក្បាល​នេះ នៅចុងបញ្ចប់គឺត្រូវក្លាយទៅជាចំណីរបស់ឆ្មាខ្វាក់ទាំងអស់ ។ ឆ្មាខ្វាក់មិនអាចចាប់កណ្តុរបានដោយ​ខ្លួនឯងមែន តែម្ចាស់ឆ្មាជាអ្នកបាញ់កណ្តុរអោយសត្វឆ្មា ដោយសារមានសត្វកណ្តុរងាប់មួយក្បាលទុកធ្វើ​ជានុយសម្រ៉ាប់អូសទាញ សត្វកណ្តុរផ្សេងទៀតដែលប្រាថ្នាចូលមកហែហម ជួយធ្វើបុណ្យ ។ ដូច្នោះ​ហើយ​បាន​ជាគ្រប់កាលៈទេសៈសំខាន់ ប្រទេសយួន ក្រុងហាណូយ​ តែងតែប្រើនុយ កណ្តុរ​ងាប់មួយក្បាល​នេះ ដើម្បីធ្វើជាធ្នាក់ទាក់ទាញ សម្លាប់ និងបំផ្លាញចលនានៃគណបក្សនយោបាយទាំង​អស់ដែលប្រឆាំង​ជា​មួយ​និង​​គណបក្ស​អាយ៉ងរបស់យួន​នៅភ្នំពេញ ។​

          ដូចនេះហើយបានជាយើងឃើញថា​ បើទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង​ប៉ារីស​២៣​ តុលា ១៩៩១ តែរដ្ឋាភិបាល ហ៊ុន សែន បានព្យាយាមសម្លាប់សមិទ្ធិផល នៃកិច្ចព្រមព្រៀងនេះ និង​បានបន្តផ្តល់ជីវិតអោយកិច្ចព្រមព្រៀងនានា​ដែលរដ្ឋាភិបាលយួន ក្រុងហាណូយ បានបង្ខំចុះហត្ថលេខាជា​មួយនិងរដ្ឋាភិបាលអាយ៉ង ក្រុងភ្នំពេញកាលពីចន្លោះឆ្នាំ ១៩៧៩ – ១៨៩៨៩ ។ ចំណែកឯជីវិតរបស់​ប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តស្លាប់ ហើយឈាមខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តហូរ ដាបលើ​ដី ព្រោះតែនយោបាយសហប្រតិបត្តិការ រវាងកុំមុយនីស្ត អាយ៉ងយួន និងរាជានិយមសក្តិភូមិ របស់ នរោត្តម សីហនុ ។

          គណបក្ស ហ៊្វុនស៊ិបប៉ិច រលាយដោយសាររូបមន្តសហនាយករដ្ឋមន្រ្តី របស់យួន ក្រុងហាណូយ ដោយប្រើប្រាស់ដៃ សម្តេច សីហនុ គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់លោក សឺន សាន រលាយគឹដោយសារ សឺន សាន ព្រមព្រៀងថ្វាយបាយមួយឆ្ពក់នេះទៅអោយ សម្តេច សីហនុ ជាអ្នកសម្រេចជោគវាសនានៅក្រោយបោះឆ្នោតឆ្នាំ ១៩៩៣ ។ មកដល់ពេលនេះ តើក្រុម​​គណបក្ស សម រង្ស៊ី និង ក្រុមគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ហ៊ានទទួលស្គាល់ចំណុចខ្លាំង​របស់សត្រូវ និងទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងដែរឬទេ?

ចំណុចខ្សោយរបស់ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា​នោះគឺ​ពេល​មានវិបត្តិរត់ទៅលន់តួរ សុំអង្វសម្តេច សីហនុ អោយជួយអន្តរគមន៍ដោះស្រាយ តែចំណុចខ្លាំង​របស់​គណបក្សប្រជាជនកម្ពុជា នោះគឺពេលគេត្រូវការ​ប្រើប្រាស់សម្តេច សីហនុ គឺគេសម្លុតអោយអោយ សីហនុ​ធ្វើកិច្ចការបម្រើបក្ស និងរដ្ឋរបស់គេ តាមការចង់បានរបស់ក្រុងហាណូយ ។

          យ៉ាងដូច្នោះ តើសម្តេច សីហនុ ជាសន្លឹកបៀរបស់អ្នកណា?​

Advertisements

កម្ពុជា ជាព្រះរាជាណាចក្រ ពុករលួយ

May 11, 2010

​​           ដោយសារមានសារជាតិជាជនប្រដាប់អាវុធនិយម និងមានកំណើតជាជនកុំមុយនីស្ត ក្រហម​ឆ្អឹនឆ្អៅ ចូលចិត្តប្រើអំណាចផ្តាច់ការ ដើម្បីដឹកនាំប្រទេសនោះ នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលក្រុងភ្នំពេញ​នាពេលបច្ចុប្បន្ន ដែលបានក្លាយខ្លួនជាបណ្ឌិតមិនបាច់ចូលសាលារៀន បាននឹងកំពុងមានមោទនៈភាព​ដឹកនាំប្រទេសប្រទេសខ្មែរ បែបជិះសេះលែងដៃតែម្នាក់ឯង នៅក្នុងរណ្តៅពុករលួយ ដែលមានពោពេញ​ទៅ​ដោយក្រុមមនុស្សដង្កូវ និងក្រុមមនុស្សឈ្លើង អង្គុយទះដៃ  ហែហម បញ្ចើចបញ្ជោរ ហោរកញ្ច្រៀវ​​​និងសើចសប្បាយនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ជាច្រើនលាននាក់ ដែលគ្មានដីធ្វើកសិកម្ម គ្មាន​ផ្ទះសំបែងសម្រ៉ាប់ជ្រក និងគ្មានអាហារអោយកូនឆី ។

          ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរចំនួនជាង៩០% កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលមាន​ប្រាក់ចំណូលទាបជាង១ដុល្លា ក្នុងមួយថ្ងៃនោះ បែជាក្រុមមន្រ្តីអ្នកមានអំណាច ក្រុមបញ្ជាការកងទ័ព​ដែល​ជិតស្និតនឹងអ្នកមានអំណាច និងក្រុមឈ្មួញអ្នករកស៊ីទុច្ចរិត ដែលមានខ្សែស្រឡាយហ្នឹងអ្នកធំ ប្រមាណជាង១០% នោះ ពួកគេកំពុងតែរស់នៅ​ក្នុងជីវភាពជាមហាសេដ្ឋី ដែលមានប្រាក់ចំណូលយ៉ាង​ខ្ពស់​រហូត​ដល់ទៅ ១០០០ ដុល្លា​​ក្នុងមួយថ្ងៃ ។​ គម្លាតខុសគ្នារវាងអ្នកក្រ និងអ្នកមានក្នុងប្រទេសកម្ពុជា​​ធៀបជាមួយនឹងប្រាក់ចំណូលប្រចាំថ្ងៃគឺមានភាពខុសគ្នារហូតដល់ទៅ ១០០០ ដង ។ ស្របពេលដែល​ប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេស រកប្រាក់ទិញខោរអាវជជុះ មកស្លៀកពាក់ដណ្តប់ខ្លួនមិនបាន បែជាកូន​ចៅពួកមន្រ្តីពុករលួយ ដែលមានអំណាច បានយកប្រាក់ដែលឳពុកម្តាយរបស់ពួកគេបានមកពីអំពើរ​ពុករលួយ កិបកេងថវិកាជាតិ និងបានមកពីអំពើរក្បត់លក់ជាតិ យកទៅដើរស៊ីចាយ ហ៊ឺហា និងទិញ​សម្លៀកបំពាក់ល្អនៅទីផ្សាទំនើបពីប្រទេសសៀម ពីប្រទេសសឹង្ហបូរី និងពីប្រទេសម៉ាឡេស៊ី យ៉ាង​សប្បាយដៃ ។ ប្រជាពលរដ្ឋមានជម្ងឺ គឺគ្មានមន្ទីពេទ្យពិនិត្យរោគ និងគ្មានថ្នាំសង្កូវ​ដើម្បី​ព្យាបាល​គ្រប់​គ្រាន់ទេ តែពួកកូនចៅ និងក្រុមគ្រួសាអ្នកមានអំណាច អាចមានលុយដែលបានមកពីអំពើរពុករលួយ ជិះយន្តហោះទៅពីនិត្យ និងព្យាបាលបាលរោគ នៅក្នុងប្រទេសយួន ប្រទេសសៀម ឬក៏នៅក្នុងប្រទេស​សឹង្ហបូរី ដោយមិនភ័យព្រួយ ។ ប្រជាពលរដ្ឋខ្មែរអ្នក្រ គ្មានម្ហូបអាហារទទួលទានគ្រប់គ្រាន់ តែឆ្កែរបស់​ពួកអ្នកមាននៅភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន បែជាមានសាច់គោអាហារ ។

          ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា មាននាមជាម្ចាស់ប្រទេស តែការពិត​ជីវិតរស់នៅពិតប្រាកដ គឺជាទាសកររបស់អ្នកដឹកនាំ និងមានតម្លៃមិនស្មើរនឹងសត្វឆ្កែមួយក្បាលដែលគេ​ចិញ្ចឹមទុកអោយព្រូសចាំផ្ទះផង ។

          តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលក្រុងភ្នំពេញបានប្រើប្រាស់ថវិកាចន្លោះពី ចំនួន ១,២០០,០០០,០០០.០០ (មួយពាន់ ពីររយ លាន ដុល្លា) ទៅ ២,០០០,០០០,០០០.០០ (ពីរ​ពាន់ លាន ដុល្លា) ដូច្នោះគិតជាមធ្យមរដ្ឋាភិបាលប្រើថវិកាចំនួន ១,៦០០,០០០,០០០.០០ (មួយពាន់​ប្រាំមួយរយ លាន ដុល្លា) ក្នុងមួយឆ្នាំៗ  ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះបាន​មកពីជំនួយ​ដើម្បី​របស់​សហគមន៍​អន្តរជាតិ ថវិការកំចីបរទេស​ ដែលរដ្ឋាភិបាលយកឈ្មោះប្រជាពលរដ្ឋទៅប្រើប្រាស់ ដើម្បីខ្ចី​បុល​​លុយគេ និងថវិកាជាតិបានមកពីវិស័យពន្ធដា និងទេសចារណ៍ ។ នេះនៅមិនទាន់រាប់បញ្ចូល​នូវ​ចំនួន​ទឹកប្រាក់​ដែលរដ្ឋាភិបាល ផ្តល់ព្រៃសម្បទានអោយក្រុមហ៊ុនកាប់ឈើ និងក្រុមហ៊ុនរុករករ៉ែក្នុង​ប្រទេសកម្ពុជា ដែលបានកាប់បំផ្លាញព្រៃឈើ និងជីករ៉ែត្បូង និងរ៉ែមាស ទៅលក់យកលុយចូល​ហោប៉ៅឯកជន និងបក្ខ​ពួកនាយទាហាន ព្រមទាំងមន្រ្តីពុករលួយ ដែលថវិកាបានមកពីផលព្រៃឈើ រ៉ែត្បូង និងរ៉ែមាស ទាំង​អស់នេះសរុបជាមធ្យមមានចំនួនជាង ១,០០០,០០០,០០០.០០ (មួយពាន់​លាន ដុល្លា) ក្នុងមួយឆ្នាំៗ ដែលមិនដែលចូលក្នុងខ្ទង់ថវិកាជាតិទាល់តែសោះ ។

          ការលើកឡើងដោយលោកស្រី អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលថា កម្ពុជា បាត់បង់​ថវិកា​ជាតិ​ចំនួន ៥០០,០០០,០០០.០០ (ប្រាំរយ លាន ដុល្លា) ក្នុងមួយឆ្នាំៗ ទៅក្នុងអំពើរ​ពុករលួយ នោះគ្រាន់តែជា​ការ​គណនាទៅលើតួរលេខជាក់ស្តែង ដែលបានបាត់បង់ ពីក្នុងកញ្ចប់ថវិកាជាតិ​ទាំង​មូល​ដែលមានចំនួន​ចន្លោះពី មួយពាន់ប្រាំរយលាន ដុល្លា ទៅ ពីរពាន់លាន ដុល្លា ក្នុងមួយឆ្នាំប៉ុណ្ណោះ តែ​គេនៅមិនទាន់បានបូកបញ្ចូលនូវទឹកប្រាក់ប្រមាណ មួយពាន់លាន ដុល្លា ថែមទៀតដែលបានមកពីការ​កាប់ព្រៃឈើ ជីករ៉ែត្បូង និងរ៉ែមាស យកទៅលក់ ហើយយកប្រាក់ចូលក្នុងបេឡាឯកជននៅឡើយទេ ។ ដូចនេះបើធ្វើការបូកសរុប យើងឃើញថា ថវិកាចំនួន មួយពាន់ប្រាំរយលាន ដុល្លា ត្រូវបានបាត់បង់​ជា​រៀង​រាល់ឆ្នាំ ដោយសារអំពើរពុករលួយ ដែលមានលក្ខណៈជាប្រព័ន្ធចាត់តាំង តាមខ្សែបណ្តោយនៃក្រុម​គ្រួសារ អ្នកមានអំណាច ជាមួយឈ្មួញរកស៊ីទុច្ចរឹត ក្នុងប្រទេសកម្ពុជា ។

          ថវិកាជាតិ ដែលបានបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្លាក់ចូលទៅក្នុងដៃរបស់ពួក​អ្នក​ដឹកនាំពុករលួយ ពួកឈ្មួញរកស៊ីទុច្ចរឹត និងក្រុមគ្រួសារអ្នកលួចជាតិ ដែលមានប្រមាណជា ១០% នៃ​ចំនួនប្រជាពលរដ្ឋសរុបក្នុងប្រទេសកម្ពុជា ។

          បើយកស្ថិតិ នៃចំនួនប្រជាពលរដ្ឋសរុប ដោយមិនបែងចែកថាជាប្រជាបលរដ្ឋខ្មែរ ឬយួន ដែល​មានតួរលេខជាផ្លូវការរបស់រដ្ឋភិបាលក្រុងភ្នំពេញនាពេលបច្ចុប្បន្នថា មានចំនួន ១៤,០០០,០០០.០០​(ដប់បួន លាន) នាក់ យកមកចែកជាមួយនិងចំនួននៃសមាជិកគ្រួសារខ្មែរ ដែលមានជាមធ្យមចំនួន ៥ នាក់ ក្នុងមួយគ្រួសារ នោះយើងឃើញថា គ្រួសារខ្មែរសរុបក្នុងប្រទេសមានចំនួន ២,៨០០,០០០.០០​(ពីរលាន និងប្រាំសែន) គ្រួសារ ហើយបន្ទាប់មកគិតអាយុកាលរដ្ឋាភិបាលតាំងពីបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១០ នេះគឺមានចំនួន ១៧ ឆ្នាំ ។ ដូច្នោះបើយើងយកចំនួនគ្រួសារសរុប​ក្នុងប្រទេសកម្ពុជា ដែលមានចំនួន ពីលាន ប្រាំបីសែន គ្រួសារ មកចែកនិងចំនួន ១៧ ឆ្នាំ នោះគឺមាន​ន័យថា រដ្ឋាភិបាលមានកាតព្វកិច្ចទទួលខុសត្រូវអភិវឌ្ឈន៍ ជីវភាពរបស់ប្រជាពលរដ្ឋចំនួន ១៦៤,៧០៦ (មួយសែន ប្រាំមួយម៉ឺន បួនពាន់ ប្រាំពីរយ ប្រាំមួយ) គ្រួសារ ក្នុងមួយឆ្នាំ ។

          ប៉ុន្ទែការពិតជាក់ស្តែង ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលបច្ចុប្បន្ននេះគ្មានសមត្ថភាពផ្តល់សេវ៉ាកម្ម និង​ការភិវឌ្ឈន៍ដល់​ប្រប្រជាពលរដ្ឋចំនួន មួយសែន ប្រាំមួយម៉ឺន បួនពាន់ ប្រាំពីរយ ប្រាំមួយ គ្រួសារនេះទេ ពោលគឺមានតែចំនួន ១០% ភាគរយនៃចំនួននេះប៉ុណ្ណោះក្នុងមួយឆ្នាំៗ ដែលបានទទួលប្រាក់ទាំងអស់​នេះពីអំពើរពុករលួយ កិបកេងប្រវ័ញ្ច និងលក់ជាតិ ។

          រដ្ឋាភិបាលភ្នំពេញកាន់អំណាចរយៈពេល ១៧ ​ឆ្នាំ តាំងពីឆ្នាំ១៩៩៣ មក ។ បើយកថវិកាមធ្យម​ក្នុងមួយឆ្នាំដែលបានចំណាយ ក្នុងរយៈពេល ១៧ ឆ្នាំ (១,៦០០.០០០.០០០.០០ x ១៧ ឆ្នាំ)  កន្លង​មក​នេះរដ្ឋាភិបាលបានចំណាយអស់ទឹក​ប្រាក់ចំនួន ២៧,២០០,០០០,០០០.០០ (ម្ភៃ ប្រាំពីរ ពាន់ ពីររយ លាន ដុល្លា) ។ ហើយបើយកចំនួនមធ្យមនៃថវិកាដែលបានចំណាយក្នុងមួយឆ្នាំៗ មកចែក​អោយចំ​នួន គ្រួសារជាមធ្យមដែលរដ្ឋាភិបាល​ត្រូវផ្តល់ការអភិវឌ្ឈន៍វិញនោះ យើងឃើញថាគ្រួសារខ្មែរ​និមួយៗត្រូវទទួលបានថវិការចំនួន ​៩,៧១៤.០០ (ប្រាំបួនពាន់ ប្រាំពីររយ ដប់បួន ដុល្លា) ជា​ថវិកា​ដែល​រដ្ឋាភិបាលត្រូវផ្តល់ការវិយោគដល់ប្រជាពលរដ្ឋមួយគ្រួសារ ក្នុងមួយឆ្នាំៗ ។

          ប្រសិនបើរដ្ឋាភិបាលនេះ មិនប្រព្រឹត្តិអំពើរពុករលួយ ហើយយកថវិកាទាំងអស់នេះទៅធ្វើការ​អភិវឌ្ឈន៍ចំទិសដៅ និងផ្តល់សេវ៉ាកម្មដល់ប្រជាពលរដ្ឋពិតប្រាកដ នោះថវិកាចំនួន ប្រាំបួនពាន់ ប្រាំពីរ​រយ ដប់បួន ដុល្លា សម្រ៉ាប់គ្រួសារនិមួយៗ ក្នុងមួយឆ្នាំៗ ជាថវិកាច្រើនសមល្មមអោយប្រជាពលរដ្ឋខ្មែរ​មានការងារធ្វើ មានកម្មសិទ្ធដីធ្លី និងផ្ទះសម្បែង មានមន្ទីពេទ្យព្យាបាលរោគ មានសាលារៀន ដែលមាន​គ្រូបង្រៀនត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងទៅជនបទ ដែលអាចផ្តល់សេវ៉ាកម្មបានល្អជាង​បច្ចុប្បន្ននេះចំនួន ១,០០០ (មួយពាន់)​ ដង ហើយក៏មិនចាំបាច់អោយប្រជាពលរដ្ឋខ្មែរចេញទៅធ្វើការ​ខុសច្បាប់នៅប្រទេសសៀម ឬសុំទានគេក្នុងប្រទេសសៀម និងក្នុងប្រទេសយួន ដូចសព្វថ្ងៃនេះដែរ ។

          នាពេលបច្ចុប្បន្ននេះ ព្រៃឈើខ្មែរ បានត្រូវបំផ្លាញអស់ រ៉ែត្បូង និងរ៉ែមាស ត្រូវវិនាសខ្ទេចខ្ទី និង​សហគមន៍អន្តរជាតិ ក៏បានយល់កាន់តែច្បាស់ពីចរិកដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិន​ខុសពី «រដ្ឋាភិបាល ស្រីកញ្ជើធ្លុះ» និងដែលដឹកនាំប្រទេសជារបៀប «រដ្ឋាភិបាល អាខ្វាក់អាខ្វឹន» ពោល​គឺដឹកនាំជាតិមិនទៅមុខ ពុករលួយកាន់តែច្រើន បក្ខពួកស៊ីកាន់តែធំ ព្រមទាំងពីមួយអាណត្តិទៅមួយ អាណត្តិ រដ្ឋាភិបាលនេះកាន់តែរីកក្បាលធំឡើងៗ ដែលមិនដែលមានក្នុងវិជ្ជាវិទ្យាសាស្រ្ត រដ្ឋបាល និង​នយោបាយ ដឹកនាំរដ្ឋទាល់តែសោះ ។

          សាច់ក្លែបចុងក្រោយរបស់ ក្រុមមន្រ្តីរដ្ឋាភិបាលពុករលួយនាពេលបច្ចុប្បន្ននេះ គឺកំណប់រ៉ែ​ប្រេង​កាត ដែលជាចានចុងក្រោយរបស់ពួកគេ ។ ដូច្នោះហើយបានជា មានការគំរាមដកហូតយកមកវិញនូវ​អាជ្ញាប័ណ្ណ រុករកប្រេងកាត ពីក្រុមហ៊ានណាដែលបានទទួលអាជ្ញាប័ណ្ណ ហើយ តែយឺតយ៉ាវមិនព្រមធ្វើ​ការរុករក និងបូមយកប្រេង ។ ចំណុចនេះវាហាក់ដូចជា រដ្ឋាភិបាលពុករលួយ មួយនេះឃ្លានជិតដាច់​ខ្យល់ទៅហើយ ដោយសារចង់ក្លែម សាច់ក្លែមមួយចានចុងក្រោយនេះ ។

          ព្រះរាជាណាចក្រ ដ៏ស្រស់បំព្រងមួយ និងដែលធ្លាប់មានវប្បធនម៌ អច្ឆរិយៈ កាលពីអតីតៈកាល នាសម័យកសាងប្រាសាទថ្ម បានកំពុងធ្លាក់ដំក្បាលចុះ ដោយសារតែពួកមនុស្សដង្កូវ និងមនុស្សឈ្លើង​ឡើងកាន់អំណាច ។ ខ្មែរ ដែលកាលពីអតីតៈគាល មានឈ្មោះថា ជាព្រះរាជាអាណាចក្រ អច្ឆរីយៈ ពេល​បច្ចុប្បន្ន បានប្រែក្លាយទៅជា ព្រះរាជាណាចក្រ ពុករលួយ ។

          មិនមែនតែបាត់បង់ត្រឹមតែថវិកាជាតិ ដែលបានមកពីការផ្តល់ជំនួយពី សហគមន៍អន្តរជាតិ និង​ដែលខ្ចីបុល ពីបរទេស នោះទេ សូម្បីតែធនធានធម្មជាតិរបស់ខ្មែរ មានព្រៃឈើ មានរ៉ែនៅក្នុងដី ក្នុងទឹក និងធនធានវប្បធម៌ជាតិខ្មែរក៏ត្រូវបានលួចលក់និងបំផ្លាញដោយសារតែគំនិតដឹកនាំពុករលួយនេះដែរ​ ។

ដូចនេះ ការតាំងចិត្ត ការសន្យា និងការប្រកាស់ទាំងឡាយណា ដែលមេដឹកនាំពុករលួយ ស្រែកឡើង​ដោយគ្មានកេរ្តិ៍ខ្មាស់ថា ខ្លួននឹងចាត់ការសំអាតអំពើរពុករលួយ វាមិនខុសពីសត្វគីងគក់ដើលក់ថ្នាំស្រែង​​​ក្នុងរឿងប្រជាប្រីយ៍ ដែលខ្មែរតែងដំណាលនោះទេ ។

          តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ ១៩៩៨ មកដល់ឆ្នាំ ២០០៣ មកដល់ឆ្នាំ ២០០៨ និងតរហូតមក​ដល់បច្ចុប្បន្ន តើមេដឹកនាំនៃរដ្ឋាភិបាលពុករលួយមួយនេះ បានធ្វើការសន្យាអ្វីខ្លះ ? ហើយការសន្យា​ទាំងអស់នោះដែលធ្វើបានសម្រេចទេ ?

          ករណីកុងត្រូលជជុះ ករណីការការពារព្រៃឈើ ដែលនាយករដ្ឋមន្រ្តីប្រកាស់កាត់ក្បាលខ្លួនឯង​ចោលបើទប់ស្កាត់ការកាប់ឈើមិនបាន ហើយពេលនេះប្រកាស់សង្គ្រាមប្រឆាំងអំពើរពុករលួយ ដែល​ខ្លួនឯង កូនចៅរបស់ខ្លួន គ្រួសាររបស់ខ្លួន បក្ខពួករបស់ខ្លួន និងជាពិសេសមាជិករដ្ឋាភិបាលរបស់ខ្លួន​ទាំងមូលរស់នៅក្នុងបង្គន់នៃ អំពើរពុករលួយ ហើយដែលពេលនេះ អំពើរពុករលួយបានក្លាយជា វីរុស​ចាក់ចូលក្នុងសរសៃរឈាមរបស់ខ្លួនទៅហើយ តើគេហ៊ានធ្វើអត្តឃាតខ្លួនឯងដើម្បីបង្ហូរឈាមពុករលួយ​នេះចេញពីរាងកាយទេ ?

          សមាជិកអ្នកដឹកនាំ និងក្រុមគ្រួសារ នៃអ្នកដឹកនាំរដ្ឋាភិបាល ដែលងុបងល់ និងជោគជាំស្រវ៉ឹង​ជាមួយនិងលុយកខ្វក់ ដែលបានមកពីអំពើរពុករលួយ គឺមានសភាពមិនខុសពីមនុស្សញ្ញាណអាភៀន​នោះទេ ។ ពោលគឺពួកគេលែងមានសតិ ជាមនុស្ស និងលែងដឹកនាំបញ្ជាខ្លួនឯងបានទៅហើយ ដូច្នោះ​ពួកមនុស្សញ្ញាណអាភៀនទាំងនេះ ក៏មិនអាចផ្តាច់អាភៀនបានដោយខ្លួនឯងដែរ ។

          ប្រការនេះគឺទាមទារអោយមានអ្នកដឹកនាំថ្មី ដែលប្រជាពលរដ្ឋ ត្រូវតែមានសេចក្តីក្លាហាន​ដក​យកអំណាចពីក្រុមនុស្ស ដែលកំពុងញ្ញាណអាភៀនទាំងនេះ ហើយប្រគល់អំណាចអោយអោយមនុស្ស​ថ្មី និងក្រុមថ្មី ជាអ្នកតំណាងវិញម្តង ។

          ការលាងសំអាត អំពើរពុករលួយ ក្នុងព្រះរាជាណាចក្រ ពុកករលួយ គឺជាកាតព្វកិច្ចរបស់ខ្មែរ​អ្នកជំនាន់ថ្មី ។ ការតាំងចិត្តសំអាតខ្លួនឯងជាមុន ហើយព្យាយាមគេចចេញពីអំពើរពុករលួយ ដែលអូស​ទាញដោយជនពុករលួយ គឺជាសុភវិនិច្ឆ័យរបស់មនុស្ស ចំណុចនេះមិនខុសអ្វីពីសុភាសិតខ្មែរមួយឃ្លា​ដែលបានពោលថា «សំអាតខ្លួនឯងជាមុន មុនហ្នឹងរិះគន់ពីចំណុចអាក្រក់របស់អ្នកដ៏ទៃ» ។

ប៉ុន្តែករណី​អំពើរពុករលួយ ដែលកំពុងស៊ីចាក់ឬស ក្នុងប្រទេសខ្មែរ មិនមែនមានត្រឹមតែក្នុងជួរ​រដ្ឋាភិបាល ដែលដឹង​គ្រាប់គ្នាហើយថា «រដ្ឋាភិបាលពុករលួយ» នោះទេ ។ នៅក្នុងរជួរអង្គការមិនមែន​រដ្ឋាភិបាល ដែលកំពុងរិះគន់រដ្ឋាភិបាល នាពេលបច្ចុប្បន្នក៏កើតមាននូវអំពើរពុករលួយ និងបក្ខពួកនិយម​យ៉ាងក្រាស់ក្រែលដែរ ។ នេះគឹជាគំរូអាក្រក់មួយ ដែលសត្វដង្កូវ និងសត្វឈ្លើព្យាយាមរស់ក្នុងត្របក​ផ្កា​ឈូក យកលំអងផ្កាឈូកមកលាបខ្លួន បន្លំក្លឹនខ្លួនជាមេអំបៅ តែមិនហ៊ានចេញមុខជាសាធារណៈ ។ ចំណុចនេះហើយដែល រដ្ឋាភិបាលពុករលួយ បច្ចុប្បន្ន មិនខ្លាចអង្គការសង្គមស៊ីវិលពុករលួយ ដែលបាន​កំពុងធ្វើការក្នុងប្រទេសខ្មែរនាពេលបច្ចុប្បន្ននោះ ព្រោះជនពុករលួយស្គាល់គ្នីគ្នាពុករលួយ និងស្គាល់​ក្លឹនពុករលួយដូចគ្នា ។​ ដូចនេះ ការរិះគន់បង្រ្គប់កិច្ច ទៅលើអំពើរពុករលួយ ដែលអង្គការមិនមែន​រដ្ឋាភិបាល បានកំពុងធ្វើបង្គ្របើកិច្ច នៅក្នុងប្រទេសកម្ពុជា វាហាក់ដូចជាល្បែងមួយ ដែលលេងដើម្បី​គ្រាន់ការសប្បាយតាមកាលវេលា តែប៉ុណ្ណោះ ។

ពេលមិនទាន់មានច្បាប់ប្រឆាំងអំពើរពុករលួយ​ នាំគ្នាចង់បានច្បាប់ប្រឆាំងអំពើរពុករលួយ តែ​មិនបានគិតថា តើជនពុករលួយ ដែលកំពុងដឹកនាំរដ្ឋាភិបាលពុករលួយ ហ្នឹងបង្កើតច្បាប់ប្រឆាំងអំពើពុក​រលួយ យ៉ាងដូចម្តេចឡើយ ។

សរុបសេចក្តីទៅ អង្គការដែល រិះគន់អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គ្រាន់តែជាជាងទង ដែលឆ្នៃកណ្តឹងមាស រួចយកទៅចងពាក់លំអរអោយសត្វក្របី តែប៉ុណ្ណោះ ។ ពោល​គឺ ព្រះរាជាណាចក្រមួយនេះ គឺជានៅតែជា អាណាចក្រពុករលួយ ៕


ជាតិនិយម

May 11, 2010

          ក្នុងសកម្មភាពរបស់អ្នកដឹកនាំរដ្ឋឯករាជ្យ ប្រកាន់នូវជំហរជាតិនិយម មេដឹកនាំនៃ ប្រទេសយួន និងមេដឹកនាំនៃប្រទេស​សៀម​ គឺគ្មានកំហុស ទាល់តែសោះចំពោះនយោបាយឈ្លានពាន នៃមេដឹកនាំរបស់​ ប្រទេសទាំងពីរនេះបានធ្វើមក​លើប្រទេសខ្មែរ ក៏ប៉ុន្តែ វាគឺជាកំហុស របស់ ស្តេចខ្មែរ និងមេដឹកនាំខ្មែរ ដែល​មិនបានបង្ហាញនូវភាព ជាអ្នកដឹកនាំនៃរដ្ឋឯករាជ្យ ដែលមានជំហរជាតិនិយមច្បាស់ លាស់ ដើម្បីរក្សា​និង​ការពារនូវ អធិបតេយ្យភាព និងបូរណភាព ទឹកដីដែលត្រូវគេរំលោភឈ្លានពាន ។

          ក្នុងន័យនេះចង់បញ្ជាក់ថា «សារជាតិជាចោរ គឺមានមុខរបរជាចោរ មានភារកិច្ចជាចោរ មានងារជា​ចោរ គឺត្រូវតែមានសកម្មភាពលួចប្លន់ តាមរបៀបរស់នៅជាចោរ» បើធ្វើជាចោរហើយមិនចេះលួចមិនចេះ​ប្លន់ នោះមេចោរមិនអាចមានលទ្ធភាពដឹកនាំក្រុមចោរ និងមិនអាចចិញ្ចឹមកូនចោរ បានទេ ។ ប៉ុន្តែនិយាយ​ពីប៉ូលីស ដែលមានភារកិច្ចបង្រ្កាបចោរវិញម្តង តើគេបានបំពេញភារកិច្ចអ្វីខ្លះ?

          ព្រឹត្តិការណ៍ក្នុងប្រទេសខ្មែរ នាពេលដែលចោរយួន និងចោរសៀម កំពុងលួចប្លន់ប្រទេស ពួកក្រុម​ដែលមានភារកិច្ចជាប៉ូលីស មិនត្រឹមតែមិនបានចាប់ចោរបញ្ចូនទៅតុលាការទេ តែបែជាលួចបាញ់សម្លាប់​ប៉ូលីសគ្នាឯង ដើម្បីបើកដៃអោយចោរ ហើយប៉ូលីសមួយក្រុមផ្សេងទៀតក៏បានស្ម័គ្រចិត្តធ្វើជាអាយ៉ងរបស់​ចោរ បង្កប់ខ្លួនធ្វើជាចារកម្មរបស់ចោរ ដើម្បីផ្តល់ព័ត៌មានអោយចោរ និងស្តាប់តាមការបង្គាប់បញ្ជារបស់​ចោរ ហើយបន្ទុចបង្អាក់សកម្មភាពរបស់ប៉ូលីសគ្នាឯង ឬក៏បង្កើររឿងរ៉ាវចោទប្រកាន់ប៉ូលីសគ្នាឯង ដើម្បី​ចាប់ប៉លីសល្អដាក់គុក ។

          មហិច្ឆតារបស់មេដឹកនាំយួន និងមេដឹកនាំសៀម ដែលព្យាយាមសម្រេចបំណងដូនតា ដើម្បីលេប​ត្របាក់ និងឈ្លានពានយកទឹកដីខ្មែរ នោះគឺជាជំហរជាតិនិយមដ៏ច្បាស់លាស់របស់ជនជាតិយួន និងជន​ជាតិសៀម ដែលគេមានគំរូវីរៈភាពល្អសម្រ៉ាប់ជាតិសាសន៍របស់គេ ។

          ជនជាតិយួន ដែលធ្លាប់ជាប្រជាជាតិរងគ្រោះរស់នៅក្រោមអាណានគមន៍របស់ចិនរយៈកាលជាង​១០០០ (មួយពាន់) ឆ្នាំ ទម្រាំតែរំដោះខ្លួនទទួលបានឯករាជ្យ ក្នុងសម័យអធិរាជ្យម៉ុងហ្គោលវាយដណ្តើម​កាន់កាប់អំណាចនៅប្រទេសចិននោះ ពួកនេះមិនដែលភ្លេចការឈឺចាប់ និងទុក្ខវេទនា ដែលខ្លួនធ្លាប់រស់​ជាជីវិតទាសកររបស់ចិនឡើយ ។ ដូច្នោះស្មារតីរបស់ដូនតាយួន ដែលបង្រៀនកូនយួនជំនាន់ក្រោយ គឺថា​ដាច់ខាត ជនជាតិយួនមិនត្រូវបណ្តែតបណ្តោយអោយប្រទេសជាតិរបស់គេធ្លាក់ខ្លួនក្លាយទៅជាប្រទេស​រណបរបស់ប្រទេសណាមួយទៀតបានឡើយ ពោលគឺថាពួកគេត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណា ឈរ​លើជំហរច្បាស់លាស់របស់ខ្លួន ដើម្បីធ្វើជាចៅហ្វាយគ្រប់គ្រងលើជនជាតិ ដែលគេអាចគ្រប់គ្រងបាន និង​យ៉ាងហោចណាស់ ប្រសិនបើមិនបានធ្វើជាចៅហ្វាយធំ ក៏ត្រូវតែខំយកអោយបាននូវឋានៈជាចៅហ្វាយរង​ឬក៏ឋានៈជាអ្នកម៉ៅការដែរ ។ ដូច្នោះហើយបានជានៅក្នុងសម័យបារាំងគ្រប់គ្រងឥណ្ឌូចិន មេដឹកនាំយួន​ប្រើប្រាស់គ្រប់វិធីសាស្រ្ត ដើម្បីអោយរដ្ឋការបារាំងពេញចិត្ត ប្រើប្រាស់ជនជាតិយួន អោយធ្វើជាចៅហ្វាយ​ម៉ៅការគ្រប់គ្រងលើជនជាតិខ្មែរនិងជនជាតិលាវ ហើយនៅក្រោយសម័យសង្គ្រាមឥណ្ឌូចិនលើកទី២ បាន​ត្រូវបញ្ចប់ មេដឹកនាំយួនបានចាប់យកឱកាស់ថ្មី គឺបន្តធ្វើជាអ្នកម៉ៅការរបស់រដ្ឋបាលក្រុងម៉ូស្គូ ដើម្បីយក​ឱកាស់គ្រប់គ្រងខ្មែរ និងលាវ ដដែល ។ ក្នុងឋានៈជាអ្នកម៉ៅការនយោបាយ នៅគ្រប់សម័យទាំងអស់ពួក​មេដឹកនាំយួនក៏មិនភ្លេចរៀបចំនិងដាក់ចេញនូវផែនការបង្កើតពូជន៍សុទ្ធ ឬក៏បង្កាត់ពូជន៍យួនមួយកំណាត់​ដើម្បីបន្សល់ទុកនូវតំណក់ឈាមយួន ក្នុងទឹកដីដែលគេមានបំណងលេបត្របាក់យកនៅថ្ងៃក្រោយ ។

          ចំណែកឯជនជាតិសៀមដែលធ្លាប់មានទឹកដី មាននគរ និងមានវប្បធម៌ភ្លឺថ្លាមួយរយៈ ដោយសារ​ការលួចប្លន់ជនជាតិដ៏ទៃ នាកាល​សម័យដែលមានឈ្មោះដើមថា «ណនចាវ» តែក្រោយមកត្រូវបាន​ជនជាតិចិន​វាយបង្រ្កាបដណ្តើមយក​ទឹកដី ហើយបានដាក់ឈ្មោះថាជាក្រុមចោរព្រៃនោះ ក៏សុទ្ធតែធ្លាប់​មាន​ប្រវត្តិសាស្រ្តឈឺចាប់​ រត់ភៀសសឹក​សង្រ្គាមតាំងពីទឹកដីចិន ធ្លាក់ចូលមកដល់តំបន់ដីសណ្តរទន្លេ​មេគង្គ នៃចក្រភពខ្មែរសម័យអង្គរ ។ ជនជាតិសៀម ឬ ណនចាវ ដែលពូកែធ្វើសង្រ្គាមលួចឆ្មក់របៀប​ចោរ​ព្រៃ ដែលមិនស្គាល់ច្បាប់ស្រុក ក៏មិនព្រមរស់នៅក្រោមការគ្រប់គ្រងដ៏មានមេត្តា និងករុណា ពីព្រះរាជាខ្មែរ​ដែលជាម្ចាស់ប្រទេសបានដែរ ។ ជនជាតិសៀមគេមានមោទនៈភាព ដោយសារវីរៈភាពរបស់ដូនតារបស់​ពួកគេ ដែលហ៊ានកាត់ក្បាលម្ចាស់ទឹកដី​ វាយដណ្តើមយកទឹកដី ហើយបង្កើតជានគរតាំងពីសតវត្សទី១៣ រហូតមកដល់បច្ចុប្បន្ននេះ ។

នយោបាយឱកាស់និយមរបស់មេដឹកនាំសៀម គឺមានលក្ខណៈមិនសូវគ្នាជា​មួយនិងនយោបាយ​ម៉ៅការរបស់មេដឹកនាំយួនទេ ។ ដោយសារជាតិសាសន៍ទាំងពីរនេះ គឺជាអ្នករងគ្រោះពីសំណាក់ជនជាតិ​ចិន​ តែមួយដូចគ្នា ដូច្នោះគំនិតឈ្លានពានអ្នកដ៏ទៃ ដើម្បីខ្លួនបានថ្កុំថ្កើងខ្លួនឯង គឺមានមហិច្ឆតាមិនខុស​គ្នាឡើយ ។ ​ក៏ប៉ុន្តែទោះជាយ៉ាងណា ជនជាតិដែលមានកំណើតជាទាសករចិន ទាំងពីរនេះមិនចង់អោយ​មាន​របងផ្ទះ​ជាប់គ្នាឡើយ ពោលគឺមិនចង់ទទួលយកលទ្ធិនយោបាយដូចគ្នាទេ ។

          នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិនលើកទី២ ពេលដែលមេដឹកនាំយួនមាននិន្នាការទៅរក​លទ្ធិនយោបាយកុំមុយនីស្ត ក្នុងគ្រានោះមេដឹកនាំសៀម បានប្រកាន់ភ្ជាប់នូវជំហរធ្វើជាសនាធិការ នៃក្រុម​ប្រទេសដែលប្រកាន់យកនូវលទ្ធិសេរី ។

ប្រជាជាតិនៅក្នុងតំបន់ដែលរងទុក្ខ គឺប្រទេសខ្មែរ និងប្រជាពលរដ្ឋខ្មែរ ។ ក្រុមស្តេច និងពួកមន្រ្តី​ដែលគ្មានជំហរជាតិនិយមពិតប្រាកដ មិនត្រឹមតែមិនបានការពារប្រយោជន៍ខ្មែរទេ តែថែមទាំងបានធ្វើកិច្ច​ការជាច្រើនបម្រើអោយផលប្រយោជន៍សត្រូវ ហើយបំផ្លាញជាតិរបស់ខ្លួនទៅវិញ ។

ក្រោយពេលដែលសន្និសិត ក្រុងហ្សឺនែវ ប្រកាស់ទទួលស្គាល់ឯករាជ្យខ្មែរ ទង់ជាតិនៃរដ្ឋាភិបាល​សង្គមរាស្រ្តនិយម របស់ សម្តេច នរោត្តម សីហនុ បានធ្វើជាអាវក្រោស បើកផ្លូវនាំមុខដឹកអាវុធយុទ្ធភ័ណ្ឌ​​ស្បៀងអាហារ និងថ្នាំពេទ្យ ផ្គត់ផ្គង់អោយពួកយួនយៀកមិញ ដែលទទួលបានបុព្វសិទ្ធិពិសេស ពី សម្តេច​ នរោត្តម សីហនុ អោយមកតាំងទី​នៅក្នុងទឹកដីខ្មែរ ។

ក្រោយសន្និសិតក្រុងបានដុង ប្រទេសលាវ នាថ្ងៃទី២៥ ខែមិនា ឆ្នាំ១៩៧០ ព្រះឆាយាលក្ចណ៍ (រូបថត) របស់ សម្តេច នរោត្តម សីហនុ បានក្លាយជាសញ្ញាសំគាល់ ដើម្បីអោយកងទ័ពយួនយៀកមិញ​ពាក់លើខ្លួន ជាការបញ្ជាក់ថាជាកងទ័ពរំដោះរបស់ សម្តេច នរោត្តម សីហនុ ហើយបើកយុទ្ធនាការប្រយុទ្ធ​វាយកំទេចរដ្ឋាភិបាលស្រោចស្រង់ជាតិ​របស់លោក លន់ នល់ ដែលក្រោយមមកក្លាយទៅជារដ្ឋាភិបាល​សាធារណរដ្ឋខ្មែរ ។

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ១៩៧៨ ឧត្តមសេនីយ៍យួន​ វ៉ាន ទៀង ដឹង អគ្គបញ្ជាការកងទ័ពយួន បានរៀប​កងទ័ពយួនចំនួន ២០០,០០០.០០ (ម្ភៃម៉ឺន) នាក់ នៅក្រោមផ្លាកកងទ័ពស្ម័គ្រចិត្តយួន​ ហើយចូលមក​វាយឈ្លានពានខ្មែរ និងព្រមទាំងបានលើកបន្តុបរដ្ឋាភិបាលអាយ៉ងអោយកាន់អំណាច នៅទីក្រុងភ្នំពេញ​ តាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មកទល់បច្ចុប្បន្ន ។

រង្វិលជុំនៃកាំប្រវត្តិសាស្រ្តជាច្រើន ក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះ បានធ្វើអោយប្រជា ពលរដ្ឋខ្មែរស្លាប់ចំនួន ៤,០០០,០០០.០០ (បួនលាន) នាក់ គឺ៖ ១,០០០,០០០.០០ (មួយលាន) នាក់បានស្លាប់ក្នុងសម័យសង្រ្គាមយួនឈ្លានពាននាកំឡុងមុនថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥​ ដែលជាថ្ងៃ​ជ័យជំនះរបស់បក្សកុំមុយនីស្ត ឥណ្ដូចិនដឹកនាំដោយយួន ក្រុងហាណូយ ។ ២,៥០០,០០០.០០ (ពីរ​លាន ប្រាំសែន) នាក់បានស្លាប់នាកំឡុងរបបខ្មែរក្រហមយួន និងខ្មែរក្រហមចិន កាន់កាប់អំណាចនៅ​ក្រោយ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី ០៧ មករា​១៩៧៩ ហើយនិង ៥០០.០០០.០០ (ប្រាំសែន) នាក់ទៀត​​បាន​ស្លាប់នា​កំឡុងរបបអាយ៉ងយួន ក្រុងហាណូយ កាន់កាប់អំណាចនៅក្រោយថ្ងៃ ០៧ មករា ១៩៧៩ ដែល​បាន​​កែន​ខ្មែរអោយទៅធ្វើជាពលករ «ក៥» និងចាប់ធ្វើកងទ័ពអោយ​វាយ​សម្លាប់​ខ្មែរ​និងខ្មែរ ។

ក្រោយពេលបោះឆ្នោតឆ្នាំ១៩៩៣ រដ្ឋប្រហារបង្ហូរឈាមមួយបានកើតរយៈពេលមួយចំអិនកំពិស​នៅកណ្តាលទីក្រុងភ្នំពេញគឺ ក្នុង ខែកក្កដា ឆ្នាំ១៩៩៧ ។ ការបន្តសម្លាប់រង្គាលទៅលើអតីតៈមេបញ្ជាការ​កងទ័ព កងទ័ព និងក្រុមគ្រួសារខ្មែរអ្នកជាតិនិយម ដែលមានអតីតៈភាពជាក្រុមអ្នកប្រយុទ្ធប្រឆាំងនិងការ​ឈ្លានពានរបស់យួន តាំងពីសម័យតស៊ូរនៅជាយដែនខ្មែរ-សៀមមកនោះ គឹបានត្រូវពួកក្រុមមេដឹកនាំ​អាយ៉ងយួន ក្រុងហាណូយ សម្លាប់ផ្តាច់ផ្តិលអស់ជីវិតអស់រាប់ម៉ឺននាក់ថែមទៀត ។

ថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ប្រទេសសៀមបានសម្រេចិត្តលើកទ័ពចូលមកឈ្លានពានអធិបតេយ្យ​ភាព របស់ខ្មែរនៅព្រំដែនភាគលិច ក្នុងតំបន់ប្រាសាទព្រះវិហារ ។ តាមពិតនេះមិនមែនជាលើកទីមួយទេ​​ដែលសៀមឈ្លានពានខ្មែរ និងរំលោភចូលយកទឹកដីខ្មែរភាគខាងលិចនោះ ។ អតីតៈប្រជាពលរដ្ឋ និងជា​អតីតៈកងទ័ពអ្នកតស៊ូរខ្មែរ ដែលរស់នៅក្នុងតំបន់ភាគខាងលិចរាប់សិបឆ្នាំមកហើយនោះ បានដឹងយ៉ាង​ច្បាស់ថា អតីតៈដីខ្មែរក្នុងជំរុំរំដោះនាសម័យប្រយុទ្ធប្រឆាំងយួន ឈ្លានពាន គឺបានត្រូវសៀមរំកិលព្រំដែន​យកអស់ជាយូរយាណាស់មកហើយ ។

មហិច្ឆតារបស់មេដឹកនាំយួន និងមេដឹកនាំសៀម គឺជាជំហរជាតិនិយមដ៏មុតមាំ ដែលគេធ្វើដើម្បី​ជាតិសាសន៍របស់ពួកគេ ។ ចំរៀកណាមួយនៃទឹកដីរបស់ខ្មែរ ដែលគេអាចឈ្លានពានយកបាន វាជាជ័យ​ជំនះ និងជាសមិទ្ធិផល ព្រមទាំងជាស្នាដៃរបស់ពួកគេ ដែលគេបានបន្សល់ទុកសម្រ៉ាប់កូនចៅរបស់ពួកគេ​ជំនាន់ក្រោយ ។ ក៏ប៉ុន្តែស្តេចខ្មែរ មេដឹកនាំខ្មែរ និងមន្រ្តីខ្មែរដែលលចោលម្សៀតពោលពាក្យ «ជាតិនិយម»​តែក្នុងមាត់ តែមិនបានធ្វើសកម្មភាពណាមួយ ដែលបង្ហាញពីគំរូជាតិនិយមពិតប្រាកដ ដើម្បីខ្មែរ ។

ស្តេចខ្មែរ មេដឹកនាំខ្មែរ មន្រ្តីខ្មែរ និងអ្នកនយោបាយខ្មែរ នាពេលបច្ចុប្បន្ននេះ កុំថាឡើយដល់ទៅ​ហ៊ានក្អក ឬហ៊ាននិយាយការពិតពីប្រវត្តិសាស្រ្ត ថា ដីកម្ពុជាក្រោម និងដីសុរិន្ទ ជារបស់ខ្មែរ សូម្បីតែការ​និយាយការពារទឹកដីខ្មែរបច្ចុប្បន្ន ដែលសត្រូវឈ្លានពាន ក៏មិនហ៊ានហើបមាត់ផង ។ ពិសេសមន្រ្តីរបស់​គណបក្សប្រជាជនកម្ពុជា ដែលភាគច្រើនមានកំណើតកើតនៅក្នុងខេត្តជាប់ព្រំប្រទល់ជាមួយនិងទឹកដីខ្មែរ​កម្ពុជាក្រោម ។ ពួកគេមានដូនតា ដែលមានដីស្រែចម្ការ ហើយដែលពេលនេះ យួនបានឈ្លានពានយកដី​កេរដូនតារបស់ពួកគេអស់ទៅហើយ ហើយគេបានមកចាប់យកដីថ្មី​និងចាប់យកផ្ទះថ្មីនៅទីក្រុងភ្នំពេញ នា​សម័យពួកយួន ក្រុងហាណូយ លើកបន្តុបពួកគេអោយកាន់អំណាចក្រោយ ០៧ មករា ១៩៧៩ តែពួក​អ្នកទាំងអស់នេះគ្មានគំនិត ឬគ្មានជំហរជាតិនិយម ហ៊ាមនិយាយពីការពិតទាំងនេះចេញមកទេ ។

នយោបាយដឹកនាំរបៀនខ្វាក់ភ្នែក ធ្វើជាមើលមិនឃើញពីការឈ្លានពាននៃសត្រូវយួន​ និងសត្រូវ​សៀម តែបែជាមើលឃើញការស្រែកតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដែលមានសេចក្តីក្លាហានហ៊ានស្រែកការ​ពារ ទឹកដី ថាជាក្រុមបង្ករអសន្តិសុខសង្គម និងចោទថាជាមនុស្សក្បត់ជាតិទៅវិញ ។ តើប្រជាពលរដ្ឋខ្មែរ​ដែលឈឺចាប់និងការឈ្លានពានរបស់យួន និងសៀម ហើយស្រែកតវ៉ាប្រឆាំងនិងការឈ្លានពាន គឺជាអ្នក​ក្បត់ជាតិខ្មែរ ឬជាអ្នកក្បត់ជាតិយួន ឬក៏ជាអ្នកក្បត់ជាតិសៀម?

នៅក្នុងប្រទេសសៀមឯណោះវិញ ជនជាតិសៀមដែលពាក់អាវពណ៌លឿង បានស្រែកប្រកាស់ថា ទឹក​ដីខ្មែរ គឺជាទឹកដីសៀម ហើយមិនតែប៉ុណ្ណោះ គេបានធ្វើបាតុកម្មទម្លាក់មេដឹកនាំរដ្ឋាភិបាលសៀមជា ច្រើននាក់ រហូតពេលថ្មីៗនេះក្រុមពលរដ្ឋសៀមទាំងនោះប្រកាស់ថា នឹងចូលមកដកបង្គោលព្រំដែនជាប់​ជាមួយនិងប្រទេសខ្មែរចោល ក៏រដ្ឋាភិបាលសៀម និងអ្នកដឹកនាំសៀម មិនដែលប្រកាស់ចោទប្រកាន់ ឬក៏​ដាក់កំហុសថា ប្រជាពលរដ្ឋសៀមទាំងអស់នោះជាជនក្បត់ជាតិដែរ ។

ដូចគ្នាកាលពី៤០ (សែសិប) ឆ្នាំមុន ពេលដែលយួនខាងជើងបញ្ចប់សង្គ្រាមជាមួយយួនខាងត្បូង​នៅថ្ងៃទី៣០ មេសា ១៩៧៥ គឺ ១៣ថ្ងៃ ក្រោយនៃជ័យជំនះរបស់បក្សកុំមុយនីស្ត ឥណ្ឌូចិន ដែលដឹកនាំ​ដោយយួន យកជ័យជំនះបានលើរបបសាធារណខ្មែរ នាថ្ងៃទី១៧ មេសា ១៩៧៥ នោះ មេដឹកនាំយួន​និង​ក្រុមអ្នកនយោបាយយួនខាងជើង ក៏គេមិនបានចោទប្រកាន់ ឬចាត់ទុកប្រជាពលរដ្ឋយួនខាងត្បូងថា ជន​ក្បត់ជាតិ​ ដែលត្រូវតែមានទោស ឬត្រូវដាក់ទោសអ្វីមួយនោះដែរ ។

មានតែស្តេចខ្មែរ និងមេដឹកនាំខ្មែរ ប៉ុណ្ណោះដែលមានប្រវត្តិជាអ្នកដាក់ទោសប្រជាពលរដ្ឋខ្លួនឯង​និងចោទប្រកាន់ប្រជាពរដ្ឋខ្លួនឯងថាជាជនក្បត់ជាតិ ។ សម័យសង្គមរាស្រ្តនិយម របស់សម្តេច នរោត្តម សីហនុ បានភ្ជាប់ជាតិទៅរាជបល្ល័ង ដែលជាកៅអីអង្គុយរបស់ខ្លួន ហើយចោទក្រុមខ្មែរសេរី ថាជាក្រុមអ្នក​ក្បត់រាជបល្ល័ង្គ រួចហើយចាប់យកទៅចងមុខបាញ់សម្លាប់ចោល ។ នៅក្នុងសម័យខ្មែរក្រមយួន និងខ្មែរ​ក្រហមចិនកាន់កាប់អំណាចដែលមានចំណែកនៃការទទួលខុសត្រូវរបស់ សម្តេច នរោត្តម សីហនុ ផងដែរ​នោះ បានចោទប្រកាន់និងដាក់ទោសប្រជាពលរដ្ឋខ្មែរថាជា សេអ៊ីអា (CIA) និងថាជាខ្មាំងរបស់អង្គការ​រួចហើយចាប់ចងយកទៅធ្វើទារុណ្ឌកម្មសម្លាប់ចោល ។ នៅក្នុងសម័យអាយ៉ងយួន ក្រោយថ្ងៃទី០៧ មករា​ឆ្នាំ១៩៧៩ របបនេះបានចោទប្រកាន់ប្រជាពលរដ្ឋខ្មែរថាជា «ខ្មាំង បដិវត្តន៍» ដែលមាននិន្នាការអាស៊ាន​ណាស៊ីស នឹងបានលាបពណ៌ថាក្រុមពួកប្រតិកិរិយា រួចហើយក៏ចាប់ចងបញ្ចូនទៅអោយអោយយួនដាក់​គុកនៅទីក្រុងហាណូយ និងមួយចំនួនក៏ត្រូវចាក់ថ្នាំសម្លាប់ចោល ។

នាពេលបច្ចុប្បន្ន គឺជាសម័យក្រឡាប់ចាក់ដែលក្រុមមេដឹកនាំក្បត់ជាតិ និងលក់ជាតិ ក្លាយខ្លួនទៅ​ជាវីរៈជន ចំណែកឯអ្នកស្នេហាជាតិ​ និងអ្នកជាតិនិយម បានត្រូវគេដាក់ទោសចោទប្រកាន់ថាជាអ្នកក្បត់​ជាតិ ទៅវិញ ។ សង្គមនយោបាយដ៏វឹកវរ​ដែលកំពុងដឹកនាំដោយជនវង្វេងអំណាច ពុលនិងអំពើរពុករលួយ​និងឈ្លក់ជាមួយនឹងវប្បធម៌ក្រអើតក្រទម បានធ្វើការបង្វិលអត្ថន័យន័យពាក្យ «ជាតិនិយម» អោយមាន​ន័យទៅតាមការចង់បានរបស់ខ្លួន ក្នុងគោលបំណងបិទបាំងនូវអំពើបាប និងភវតណ្ហា ដែលពួកខ្លួនបាន​ប្រព្រឹត្តិ ពោលគឺ «ជាតិនិយម» របស់ពួកអ្នកដឹកនាំសព្វថ្ងៃនេះ កំពុងតែធ្វើអោយ «ជាតិយំ» ។ សព្វថ្ងៃនេះ​របបដែល​ដឹកនាំដោយ មោឃបុគ្គល បានកំពុងបង្រៀនអោយកូនចៅរបស់ពួកគេចេះ ចង ចាំ និងអនុវត្តន៍ នូវអគតិទាំងបួន ដែលព្រះពុទ្ធជាព្រះបរមគ្រូនៃយើងបង្រៀនអោយមនុស្សជាតលាចាក និងចៀសវាង ។ អគតិទាំងបួននោះ ដែលរួមមាន ការលំអៀងព្រោះស្រលាញ់ ការលំអៀងព្រោះស្អប់ ការលំអៀងព្រោះ​ខ្លាច​និងការលំអៀងព្រោះអាណិត ត្រូវបានគេសាបព្រោះអោយខ្មែរគ្រប់គ្នាក្នុងសង្គមខ្មែរទទួលយកនូវឥទ្ធិពល​នៃអំពើរលំអៀងទាំងអស់នេះ ។

លំអៀងព្រោះស្រលាញ់ គឺការតែងតាំងកូនចៅរបស់ខ្លួនអោយឡើងធ្វើធំ និងដាក់បក្ខពួករបស់ខ្លួន​ក្នុងតួរនាទីដែលមានអំណាច ។ លំអៀងព្រោះស្អប់ គឺការចោទប្រកាន់អ្នកដ៏ទៃណា និងក្រុមណាដែល​ហ៊ានបញ្ចេញមតិរិះគន់នូវទង្វើលាមកនៃការដឹកនាំរបស់ខ្លួន ហើយរុញទៅរកការចាប់ចងដាក់គុក ដេញ​រត់​ចោលស្រុក ឬសម្លាប់ចោលតាមកំហឹង ។ លំអៀងព្រោះខ្លាច ការអនុវត្តន័នូវយុទ្ធសាស្រ្តដោយធ្វើយ៉ាង​ណា​អោយប្រជាពលរដ្ឋខ្មែរគ្មានការងារធ្វើ គ្មានមុខរបរ និងគ្មានចំណូល ដែលបង្កើតនូវភាពអត់ឃ្លាន រួច​ហើយសម្លុតអោយបាក់ខ្លប និងការសម្លាប់ព្រមានអោយខ្លាច ។ លំអៀងព្រោះអាណិត គឺជានយោបាយ​ប្រជាភិថុរ យកតថៈភាព មកបន្លំជាសច្ចៈភាព បោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋខ្មែរ ដោយការកុហក់ប្រជា​ពលរដ្ឋខ្មែរថាខ្លួនខិតខំធ្វើការងារដើម្បីខ្មែរ ដើម្បីប្រទេសជាតិ​ រហូតគ្មានពេលវេលាសម្រ៉ាប់ក្រុមគ្រួសារ​និងសម្រ៉ាប់ខ្លួនឯង ធ្វើជាយកចិត្ត និងធ្វើជាមានមេត្តាដោយចែកអំណោយបន្តិចបន្តួច តែចេតនាធំគឺបង្កប់​នូវចំណងចង ដើម្បីអោយប្រជាពលរដ្ឋអាណិត តែតាមពិតខ្លួន ក្រុមគ្រួសារខ្លួន និងបក្ខពួករបស់ខ្លួន គឺ​សុទ្ធតែជាក្រុមលក់ជាតិ បំផ្លាញជាតិ ក្បត់ជាតិ និងជាឃាតករ ដែលមានបាតដៃប្រលាក់ឈាមផង ។

សរុបសេចក្តីមក «ជាតិនិយម» ដែលខ្មែរត្រូវការ មិនមែនជា «ជាតិនិយម» តាមលទ្ធិរបស់បុគ្គល​និយម ឬតាមបែបពូជសណ្តាននិយមនោះទេ ។ «ជាតិនិយម» ដែលខ្មែរត្រូវការគឺជាគោលការណ៍របស់​ជាតិមួយ ដែលអាចផ្តល់ឱកាស់អោយខ្មែរគ្រប់គ្នា បម្រើអោយខ្មែរគ្រប់គ្នា លើកទឹកចិត្តខ្មែរគ្រប់គ្នា ការពារ​ខ្មែរគ្រប់គ្នា ​និងជាពិសេសការពលិកម្មដើម្បីបុព្វជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។ «ជាតិនិយម» គឺធ្វើ​យ៉ាងណាអោយជាតិរឹងមាំ អាចការពារខ្លួនឯងខ្លួនឯងបាន មិនពឹងពាក់បរទេស និងមិនធ្វើជា​កញ្ជាស់បរទេស ​​ហើយក៏មិនធ្វើអោយជាតិទន់ជ្រាយ និងមិនអោយបរទេសប្រមាថមើលងាយ ដែរ ពោល​គឺ «ជាតិនិយម» ពិតប្រាកដមិនមែនធ្វើអោយ «ជាតិយំ» ទេ ៕