កម្ពុជា ជាព្រះរាជាណាចក្រ ពុករលួយ

​​           ដោយសារមានសារជាតិជាជនប្រដាប់អាវុធនិយម និងមានកំណើតជាជនកុំមុយនីស្ត ក្រហម​ឆ្អឹនឆ្អៅ ចូលចិត្តប្រើអំណាចផ្តាច់ការ ដើម្បីដឹកនាំប្រទេសនោះ នាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលក្រុងភ្នំពេញ​នាពេលបច្ចុប្បន្ន ដែលបានក្លាយខ្លួនជាបណ្ឌិតមិនបាច់ចូលសាលារៀន បាននឹងកំពុងមានមោទនៈភាព​ដឹកនាំប្រទេសប្រទេសខ្មែរ បែបជិះសេះលែងដៃតែម្នាក់ឯង នៅក្នុងរណ្តៅពុករលួយ ដែលមានពោពេញ​ទៅ​ដោយក្រុមមនុស្សដង្កូវ និងក្រុមមនុស្សឈ្លើង អង្គុយទះដៃ  ហែហម បញ្ចើចបញ្ជោរ ហោរកញ្ច្រៀវ​​​និងសើចសប្បាយនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ជាច្រើនលាននាក់ ដែលគ្មានដីធ្វើកសិកម្ម គ្មាន​ផ្ទះសំបែងសម្រ៉ាប់ជ្រក និងគ្មានអាហារអោយកូនឆី ។

          ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរចំនួនជាង៩០% កំពុងរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ដែលមាន​ប្រាក់ចំណូលទាបជាង១ដុល្លា ក្នុងមួយថ្ងៃនោះ បែជាក្រុមមន្រ្តីអ្នកមានអំណាច ក្រុមបញ្ជាការកងទ័ព​ដែល​ជិតស្និតនឹងអ្នកមានអំណាច និងក្រុមឈ្មួញអ្នករកស៊ីទុច្ចរិត ដែលមានខ្សែស្រឡាយហ្នឹងអ្នកធំ ប្រមាណជាង១០% នោះ ពួកគេកំពុងតែរស់នៅ​ក្នុងជីវភាពជាមហាសេដ្ឋី ដែលមានប្រាក់ចំណូលយ៉ាង​ខ្ពស់​រហូត​ដល់ទៅ ១០០០ ដុល្លា​​ក្នុងមួយថ្ងៃ ។​ គម្លាតខុសគ្នារវាងអ្នកក្រ និងអ្នកមានក្នុងប្រទេសកម្ពុជា​​ធៀបជាមួយនឹងប្រាក់ចំណូលប្រចាំថ្ងៃគឺមានភាពខុសគ្នារហូតដល់ទៅ ១០០០ ដង ។ ស្របពេលដែល​ប្រជាពលរដ្ឋខ្មែរម្ចាស់ប្រទេស រកប្រាក់ទិញខោរអាវជជុះ មកស្លៀកពាក់ដណ្តប់ខ្លួនមិនបាន បែជាកូន​ចៅពួកមន្រ្តីពុករលួយ ដែលមានអំណាច បានយកប្រាក់ដែលឳពុកម្តាយរបស់ពួកគេបានមកពីអំពើរ​ពុករលួយ កិបកេងថវិកាជាតិ និងបានមកពីអំពើរក្បត់លក់ជាតិ យកទៅដើរស៊ីចាយ ហ៊ឺហា និងទិញ​សម្លៀកបំពាក់ល្អនៅទីផ្សាទំនើបពីប្រទេសសៀម ពីប្រទេសសឹង្ហបូរី និងពីប្រទេសម៉ាឡេស៊ី យ៉ាង​សប្បាយដៃ ។ ប្រជាពលរដ្ឋមានជម្ងឺ គឺគ្មានមន្ទីពេទ្យពិនិត្យរោគ និងគ្មានថ្នាំសង្កូវ​ដើម្បី​ព្យាបាល​គ្រប់​គ្រាន់ទេ តែពួកកូនចៅ និងក្រុមគ្រួសាអ្នកមានអំណាច អាចមានលុយដែលបានមកពីអំពើរពុករលួយ ជិះយន្តហោះទៅពីនិត្យ និងព្យាបាលបាលរោគ នៅក្នុងប្រទេសយួន ប្រទេសសៀម ឬក៏នៅក្នុងប្រទេស​សឹង្ហបូរី ដោយមិនភ័យព្រួយ ។ ប្រជាពលរដ្ឋខ្មែរអ្នក្រ គ្មានម្ហូបអាហារទទួលទានគ្រប់គ្រាន់ តែឆ្កែរបស់​ពួកអ្នកមាននៅភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន បែជាមានសាច់គោអាហារ ។

          ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជា មាននាមជាម្ចាស់ប្រទេស តែការពិត​ជីវិតរស់នៅពិតប្រាកដ គឺជាទាសកររបស់អ្នកដឹកនាំ និងមានតម្លៃមិនស្មើរនឹងសត្វឆ្កែមួយក្បាលដែលគេ​ចិញ្ចឹមទុកអោយព្រូសចាំផ្ទះផង ។

          តាំងពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលក្រុងភ្នំពេញបានប្រើប្រាស់ថវិកាចន្លោះពី ចំនួន ១,២០០,០០០,០០០.០០ (មួយពាន់ ពីររយ លាន ដុល្លា) ទៅ ២,០០០,០០០,០០០.០០ (ពីរ​ពាន់ លាន ដុល្លា) ដូច្នោះគិតជាមធ្យមរដ្ឋាភិបាលប្រើថវិកាចំនួន ១,៦០០,០០០,០០០.០០ (មួយពាន់​ប្រាំមួយរយ លាន ដុល្លា) ក្នុងមួយឆ្នាំៗ  ។ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះបាន​មកពីជំនួយ​ដើម្បី​របស់​សហគមន៍​អន្តរជាតិ ថវិការកំចីបរទេស​ ដែលរដ្ឋាភិបាលយកឈ្មោះប្រជាពលរដ្ឋទៅប្រើប្រាស់ ដើម្បីខ្ចី​បុល​​លុយគេ និងថវិកាជាតិបានមកពីវិស័យពន្ធដា និងទេសចារណ៍ ។ នេះនៅមិនទាន់រាប់បញ្ចូល​នូវ​ចំនួន​ទឹកប្រាក់​ដែលរដ្ឋាភិបាល ផ្តល់ព្រៃសម្បទានអោយក្រុមហ៊ុនកាប់ឈើ និងក្រុមហ៊ុនរុករករ៉ែក្នុង​ប្រទេសកម្ពុជា ដែលបានកាប់បំផ្លាញព្រៃឈើ និងជីករ៉ែត្បូង និងរ៉ែមាស ទៅលក់យកលុយចូល​ហោប៉ៅឯកជន និងបក្ខ​ពួកនាយទាហាន ព្រមទាំងមន្រ្តីពុករលួយ ដែលថវិកាបានមកពីផលព្រៃឈើ រ៉ែត្បូង និងរ៉ែមាស ទាំង​អស់នេះសរុបជាមធ្យមមានចំនួនជាង ១,០០០,០០០,០០០.០០ (មួយពាន់​លាន ដុល្លា) ក្នុងមួយឆ្នាំៗ ដែលមិនដែលចូលក្នុងខ្ទង់ថវិកាជាតិទាល់តែសោះ ។

          ការលើកឡើងដោយលោកស្រី អគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលថា កម្ពុជា បាត់បង់​ថវិកា​ជាតិ​ចំនួន ៥០០,០០០,០០០.០០ (ប្រាំរយ លាន ដុល្លា) ក្នុងមួយឆ្នាំៗ ទៅក្នុងអំពើរ​ពុករលួយ នោះគ្រាន់តែជា​ការ​គណនាទៅលើតួរលេខជាក់ស្តែង ដែលបានបាត់បង់ ពីក្នុងកញ្ចប់ថវិកាជាតិ​ទាំង​មូល​ដែលមានចំនួន​ចន្លោះពី មួយពាន់ប្រាំរយលាន ដុល្លា ទៅ ពីរពាន់លាន ដុល្លា ក្នុងមួយឆ្នាំប៉ុណ្ណោះ តែ​គេនៅមិនទាន់បានបូកបញ្ចូលនូវទឹកប្រាក់ប្រមាណ មួយពាន់លាន ដុល្លា ថែមទៀតដែលបានមកពីការ​កាប់ព្រៃឈើ ជីករ៉ែត្បូង និងរ៉ែមាស យកទៅលក់ ហើយយកប្រាក់ចូលក្នុងបេឡាឯកជននៅឡើយទេ ។ ដូចនេះបើធ្វើការបូកសរុប យើងឃើញថា ថវិកាចំនួន មួយពាន់ប្រាំរយលាន ដុល្លា ត្រូវបានបាត់បង់​ជា​រៀង​រាល់ឆ្នាំ ដោយសារអំពើរពុករលួយ ដែលមានលក្ខណៈជាប្រព័ន្ធចាត់តាំង តាមខ្សែបណ្តោយនៃក្រុម​គ្រួសារ អ្នកមានអំណាច ជាមួយឈ្មួញរកស៊ីទុច្ចរឹត ក្នុងប្រទេសកម្ពុជា ។

          ថវិកាជាតិ ដែលបានបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានធ្លាក់ចូលទៅក្នុងដៃរបស់ពួក​អ្នក​ដឹកនាំពុករលួយ ពួកឈ្មួញរកស៊ីទុច្ចរឹត និងក្រុមគ្រួសារអ្នកលួចជាតិ ដែលមានប្រមាណជា ១០% នៃ​ចំនួនប្រជាពលរដ្ឋសរុបក្នុងប្រទេសកម្ពុជា ។

          បើយកស្ថិតិ នៃចំនួនប្រជាពលរដ្ឋសរុប ដោយមិនបែងចែកថាជាប្រជាបលរដ្ឋខ្មែរ ឬយួន ដែល​មានតួរលេខជាផ្លូវការរបស់រដ្ឋភិបាលក្រុងភ្នំពេញនាពេលបច្ចុប្បន្នថា មានចំនួន ១៤,០០០,០០០.០០​(ដប់បួន លាន) នាក់ យកមកចែកជាមួយនិងចំនួននៃសមាជិកគ្រួសារខ្មែរ ដែលមានជាមធ្យមចំនួន ៥ នាក់ ក្នុងមួយគ្រួសារ នោះយើងឃើញថា គ្រួសារខ្មែរសរុបក្នុងប្រទេសមានចំនួន ២,៨០០,០០០.០០​(ពីរលាន និងប្រាំសែន) គ្រួសារ ហើយបន្ទាប់មកគិតអាយុកាលរដ្ឋាភិបាលតាំងពីបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១០ នេះគឺមានចំនួន ១៧ ឆ្នាំ ។ ដូច្នោះបើយើងយកចំនួនគ្រួសារសរុប​ក្នុងប្រទេសកម្ពុជា ដែលមានចំនួន ពីលាន ប្រាំបីសែន គ្រួសារ មកចែកនិងចំនួន ១៧ ឆ្នាំ នោះគឺមាន​ន័យថា រដ្ឋាភិបាលមានកាតព្វកិច្ចទទួលខុសត្រូវអភិវឌ្ឈន៍ ជីវភាពរបស់ប្រជាពលរដ្ឋចំនួន ១៦៤,៧០៦ (មួយសែន ប្រាំមួយម៉ឺន បួនពាន់ ប្រាំពីរយ ប្រាំមួយ) គ្រួសារ ក្នុងមួយឆ្នាំ ។

          ប៉ុន្ទែការពិតជាក់ស្តែង ក្នុងមួយឆ្នាំៗ រដ្ឋាភិបាលបច្ចុប្បន្ននេះគ្មានសមត្ថភាពផ្តល់សេវ៉ាកម្ម និង​ការភិវឌ្ឈន៍ដល់​ប្រប្រជាពលរដ្ឋចំនួន មួយសែន ប្រាំមួយម៉ឺន បួនពាន់ ប្រាំពីរយ ប្រាំមួយ គ្រួសារនេះទេ ពោលគឺមានតែចំនួន ១០% ភាគរយនៃចំនួននេះប៉ុណ្ណោះក្នុងមួយឆ្នាំៗ ដែលបានទទួលប្រាក់ទាំងអស់​នេះពីអំពើរពុករលួយ កិបកេងប្រវ័ញ្ច និងលក់ជាតិ ។

          រដ្ឋាភិបាលភ្នំពេញកាន់អំណាចរយៈពេល ១៧ ​ឆ្នាំ តាំងពីឆ្នាំ១៩៩៣ មក ។ បើយកថវិកាមធ្យម​ក្នុងមួយឆ្នាំដែលបានចំណាយ ក្នុងរយៈពេល ១៧ ឆ្នាំ (១,៦០០.០០០.០០០.០០ x ១៧ ឆ្នាំ)  កន្លង​មក​នេះរដ្ឋាភិបាលបានចំណាយអស់ទឹក​ប្រាក់ចំនួន ២៧,២០០,០០០,០០០.០០ (ម្ភៃ ប្រាំពីរ ពាន់ ពីររយ លាន ដុល្លា) ។ ហើយបើយកចំនួនមធ្យមនៃថវិកាដែលបានចំណាយក្នុងមួយឆ្នាំៗ មកចែក​អោយចំ​នួន គ្រួសារជាមធ្យមដែលរដ្ឋាភិបាល​ត្រូវផ្តល់ការអភិវឌ្ឈន៍វិញនោះ យើងឃើញថាគ្រួសារខ្មែរ​និមួយៗត្រូវទទួលបានថវិការចំនួន ​៩,៧១៤.០០ (ប្រាំបួនពាន់ ប្រាំពីររយ ដប់បួន ដុល្លា) ជា​ថវិកា​ដែល​រដ្ឋាភិបាលត្រូវផ្តល់ការវិយោគដល់ប្រជាពលរដ្ឋមួយគ្រួសារ ក្នុងមួយឆ្នាំៗ ។

          ប្រសិនបើរដ្ឋាភិបាលនេះ មិនប្រព្រឹត្តិអំពើរពុករលួយ ហើយយកថវិកាទាំងអស់នេះទៅធ្វើការ​អភិវឌ្ឈន៍ចំទិសដៅ និងផ្តល់សេវ៉ាកម្មដល់ប្រជាពលរដ្ឋពិតប្រាកដ នោះថវិកាចំនួន ប្រាំបួនពាន់ ប្រាំពីរ​រយ ដប់បួន ដុល្លា សម្រ៉ាប់គ្រួសារនិមួយៗ ក្នុងមួយឆ្នាំៗ ជាថវិកាច្រើនសមល្មមអោយប្រជាពលរដ្ឋខ្មែរ​មានការងារធ្វើ មានកម្មសិទ្ធដីធ្លី និងផ្ទះសម្បែង មានមន្ទីពេទ្យព្យាបាលរោគ មានសាលារៀន ដែលមាន​គ្រូបង្រៀនត្រឹមត្រូវ និងមានហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងទៅជនបទ ដែលអាចផ្តល់សេវ៉ាកម្មបានល្អជាង​បច្ចុប្បន្ននេះចំនួន ១,០០០ (មួយពាន់)​ ដង ហើយក៏មិនចាំបាច់អោយប្រជាពលរដ្ឋខ្មែរចេញទៅធ្វើការ​ខុសច្បាប់នៅប្រទេសសៀម ឬសុំទានគេក្នុងប្រទេសសៀម និងក្នុងប្រទេសយួន ដូចសព្វថ្ងៃនេះដែរ ។

          នាពេលបច្ចុប្បន្ននេះ ព្រៃឈើខ្មែរ បានត្រូវបំផ្លាញអស់ រ៉ែត្បូង និងរ៉ែមាស ត្រូវវិនាសខ្ទេចខ្ទី និង​សហគមន៍អន្តរជាតិ ក៏បានយល់កាន់តែច្បាស់ពីចរិកដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិន​ខុសពី «រដ្ឋាភិបាល ស្រីកញ្ជើធ្លុះ» និងដែលដឹកនាំប្រទេសជារបៀប «រដ្ឋាភិបាល អាខ្វាក់អាខ្វឹន» ពោល​គឺដឹកនាំជាតិមិនទៅមុខ ពុករលួយកាន់តែច្រើន បក្ខពួកស៊ីកាន់តែធំ ព្រមទាំងពីមួយអាណត្តិទៅមួយ អាណត្តិ រដ្ឋាភិបាលនេះកាន់តែរីកក្បាលធំឡើងៗ ដែលមិនដែលមានក្នុងវិជ្ជាវិទ្យាសាស្រ្ត រដ្ឋបាល និង​នយោបាយ ដឹកនាំរដ្ឋទាល់តែសោះ ។

          សាច់ក្លែបចុងក្រោយរបស់ ក្រុមមន្រ្តីរដ្ឋាភិបាលពុករលួយនាពេលបច្ចុប្បន្ននេះ គឺកំណប់រ៉ែ​ប្រេង​កាត ដែលជាចានចុងក្រោយរបស់ពួកគេ ។ ដូច្នោះហើយបានជា មានការគំរាមដកហូតយកមកវិញនូវ​អាជ្ញាប័ណ្ណ រុករកប្រេងកាត ពីក្រុមហ៊ានណាដែលបានទទួលអាជ្ញាប័ណ្ណ ហើយ តែយឺតយ៉ាវមិនព្រមធ្វើ​ការរុករក និងបូមយកប្រេង ។ ចំណុចនេះវាហាក់ដូចជា រដ្ឋាភិបាលពុករលួយ មួយនេះឃ្លានជិតដាច់​ខ្យល់ទៅហើយ ដោយសារចង់ក្លែម សាច់ក្លែមមួយចានចុងក្រោយនេះ ។

          ព្រះរាជាណាចក្រ ដ៏ស្រស់បំព្រងមួយ និងដែលធ្លាប់មានវប្បធនម៌ អច្ឆរិយៈ កាលពីអតីតៈកាល នាសម័យកសាងប្រាសាទថ្ម បានកំពុងធ្លាក់ដំក្បាលចុះ ដោយសារតែពួកមនុស្សដង្កូវ និងមនុស្សឈ្លើង​ឡើងកាន់អំណាច ។ ខ្មែរ ដែលកាលពីអតីតៈគាល មានឈ្មោះថា ជាព្រះរាជាអាណាចក្រ អច្ឆរីយៈ ពេល​បច្ចុប្បន្ន បានប្រែក្លាយទៅជា ព្រះរាជាណាចក្រ ពុករលួយ ។

          មិនមែនតែបាត់បង់ត្រឹមតែថវិកាជាតិ ដែលបានមកពីការផ្តល់ជំនួយពី សហគមន៍អន្តរជាតិ និង​ដែលខ្ចីបុល ពីបរទេស នោះទេ សូម្បីតែធនធានធម្មជាតិរបស់ខ្មែរ មានព្រៃឈើ មានរ៉ែនៅក្នុងដី ក្នុងទឹក និងធនធានវប្បធម៌ជាតិខ្មែរក៏ត្រូវបានលួចលក់និងបំផ្លាញដោយសារតែគំនិតដឹកនាំពុករលួយនេះដែរ​ ។

ដូចនេះ ការតាំងចិត្ត ការសន្យា និងការប្រកាស់ទាំងឡាយណា ដែលមេដឹកនាំពុករលួយ ស្រែកឡើង​ដោយគ្មានកេរ្តិ៍ខ្មាស់ថា ខ្លួននឹងចាត់ការសំអាតអំពើរពុករលួយ វាមិនខុសពីសត្វគីងគក់ដើលក់ថ្នាំស្រែង​​​ក្នុងរឿងប្រជាប្រីយ៍ ដែលខ្មែរតែងដំណាលនោះទេ ។

          តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ ១៩៩៨ មកដល់ឆ្នាំ ២០០៣ មកដល់ឆ្នាំ ២០០៨ និងតរហូតមក​ដល់បច្ចុប្បន្ន តើមេដឹកនាំនៃរដ្ឋាភិបាលពុករលួយមួយនេះ បានធ្វើការសន្យាអ្វីខ្លះ ? ហើយការសន្យា​ទាំងអស់នោះដែលធ្វើបានសម្រេចទេ ?

          ករណីកុងត្រូលជជុះ ករណីការការពារព្រៃឈើ ដែលនាយករដ្ឋមន្រ្តីប្រកាស់កាត់ក្បាលខ្លួនឯង​ចោលបើទប់ស្កាត់ការកាប់ឈើមិនបាន ហើយពេលនេះប្រកាស់សង្គ្រាមប្រឆាំងអំពើរពុករលួយ ដែល​ខ្លួនឯង កូនចៅរបស់ខ្លួន គ្រួសាររបស់ខ្លួន បក្ខពួករបស់ខ្លួន និងជាពិសេសមាជិករដ្ឋាភិបាលរបស់ខ្លួន​ទាំងមូលរស់នៅក្នុងបង្គន់នៃ អំពើរពុករលួយ ហើយដែលពេលនេះ អំពើរពុករលួយបានក្លាយជា វីរុស​ចាក់ចូលក្នុងសរសៃរឈាមរបស់ខ្លួនទៅហើយ តើគេហ៊ានធ្វើអត្តឃាតខ្លួនឯងដើម្បីបង្ហូរឈាមពុករលួយ​នេះចេញពីរាងកាយទេ ?

          សមាជិកអ្នកដឹកនាំ និងក្រុមគ្រួសារ នៃអ្នកដឹកនាំរដ្ឋាភិបាល ដែលងុបងល់ និងជោគជាំស្រវ៉ឹង​ជាមួយនិងលុយកខ្វក់ ដែលបានមកពីអំពើរពុករលួយ គឺមានសភាពមិនខុសពីមនុស្សញ្ញាណអាភៀន​នោះទេ ។ ពោលគឺពួកគេលែងមានសតិ ជាមនុស្ស និងលែងដឹកនាំបញ្ជាខ្លួនឯងបានទៅហើយ ដូច្នោះ​ពួកមនុស្សញ្ញាណអាភៀនទាំងនេះ ក៏មិនអាចផ្តាច់អាភៀនបានដោយខ្លួនឯងដែរ ។

          ប្រការនេះគឺទាមទារអោយមានអ្នកដឹកនាំថ្មី ដែលប្រជាពលរដ្ឋ ត្រូវតែមានសេចក្តីក្លាហាន​ដក​យកអំណាចពីក្រុមនុស្ស ដែលកំពុងញ្ញាណអាភៀនទាំងនេះ ហើយប្រគល់អំណាចអោយអោយមនុស្ស​ថ្មី និងក្រុមថ្មី ជាអ្នកតំណាងវិញម្តង ។

          ការលាងសំអាត អំពើរពុករលួយ ក្នុងព្រះរាជាណាចក្រ ពុកករលួយ គឺជាកាតព្វកិច្ចរបស់ខ្មែរ​អ្នកជំនាន់ថ្មី ។ ការតាំងចិត្តសំអាតខ្លួនឯងជាមុន ហើយព្យាយាមគេចចេញពីអំពើរពុករលួយ ដែលអូស​ទាញដោយជនពុករលួយ គឺជាសុភវិនិច្ឆ័យរបស់មនុស្ស ចំណុចនេះមិនខុសអ្វីពីសុភាសិតខ្មែរមួយឃ្លា​ដែលបានពោលថា «សំអាតខ្លួនឯងជាមុន មុនហ្នឹងរិះគន់ពីចំណុចអាក្រក់របស់អ្នកដ៏ទៃ» ។

ប៉ុន្តែករណី​អំពើរពុករលួយ ដែលកំពុងស៊ីចាក់ឬស ក្នុងប្រទេសខ្មែរ មិនមែនមានត្រឹមតែក្នុងជួរ​រដ្ឋាភិបាល ដែលដឹង​គ្រាប់គ្នាហើយថា «រដ្ឋាភិបាលពុករលួយ» នោះទេ ។ នៅក្នុងរជួរអង្គការមិនមែន​រដ្ឋាភិបាល ដែលកំពុងរិះគន់រដ្ឋាភិបាល នាពេលបច្ចុប្បន្នក៏កើតមាននូវអំពើរពុករលួយ និងបក្ខពួកនិយម​យ៉ាងក្រាស់ក្រែលដែរ ។ នេះគឹជាគំរូអាក្រក់មួយ ដែលសត្វដង្កូវ និងសត្វឈ្លើព្យាយាមរស់ក្នុងត្របក​ផ្កា​ឈូក យកលំអងផ្កាឈូកមកលាបខ្លួន បន្លំក្លឹនខ្លួនជាមេអំបៅ តែមិនហ៊ានចេញមុខជាសាធារណៈ ។ ចំណុចនេះហើយដែល រដ្ឋាភិបាលពុករលួយ បច្ចុប្បន្ន មិនខ្លាចអង្គការសង្គមស៊ីវិលពុករលួយ ដែលបាន​កំពុងធ្វើការក្នុងប្រទេសខ្មែរនាពេលបច្ចុប្បន្ននោះ ព្រោះជនពុករលួយស្គាល់គ្នីគ្នាពុករលួយ និងស្គាល់​ក្លឹនពុករលួយដូចគ្នា ។​ ដូចនេះ ការរិះគន់បង្រ្គប់កិច្ច ទៅលើអំពើរពុករលួយ ដែលអង្គការមិនមែន​រដ្ឋាភិបាល បានកំពុងធ្វើបង្គ្របើកិច្ច នៅក្នុងប្រទេសកម្ពុជា វាហាក់ដូចជាល្បែងមួយ ដែលលេងដើម្បី​គ្រាន់ការសប្បាយតាមកាលវេលា តែប៉ុណ្ណោះ ។

ពេលមិនទាន់មានច្បាប់ប្រឆាំងអំពើរពុករលួយ​ នាំគ្នាចង់បានច្បាប់ប្រឆាំងអំពើរពុករលួយ តែ​មិនបានគិតថា តើជនពុករលួយ ដែលកំពុងដឹកនាំរដ្ឋាភិបាលពុករលួយ ហ្នឹងបង្កើតច្បាប់ប្រឆាំងអំពើពុក​រលួយ យ៉ាងដូចម្តេចឡើយ ។

សរុបសេចក្តីទៅ អង្គការដែល រិះគន់អំពើពុករលួយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គ្រាន់តែជាជាងទង ដែលឆ្នៃកណ្តឹងមាស រួចយកទៅចងពាក់លំអរអោយសត្វក្របី តែប៉ុណ្ណោះ ។ ពោល​គឺ ព្រះរាជាណាចក្រមួយនេះ គឺជានៅតែជា អាណាចក្រពុករលួយ ៕

2 Responses to កម្ពុជា ជាព្រះរាជាណាចក្រ ពុករលួយ

  1. តារា says:

    កម្ពុជា ជាព្រះរាជាណាចក្រ ពុករលួយ​​ វាមិនត្រឺមត្រូវទេព្រោះអង្គការសង្គមស៊ីវិលសព្វថ្ងៃកំពុងពុករលួយប្រាក់ពីបរទេសខ្លាំងណាស់ លោកត្រូវក្រឡេកមើលផង។។។។

  2. Khmer says:

    លោកទើប​តែ​ភ្ញាក់​ពី​យល់សប្តិ​ឬ? លោក​​បាន​ទិន្នន័យ​ពី​ណា ថា ប្រជាជន​ខ្មែរ ៩០% រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: