តើ នរោត្តម សីហនុ ជាសន្លឹកបៀរបស់អ្នកណា?

            និយាយពីក្រុមខ្មែរកុំមុយនីស្ត គឺមានតែពីរក្រុមប៉ុណ្ណោះ គឹម្ខាងកុំមុយនីស្ត និយមយួន ដែលបង្កើត​ឡើងប្រទេសយួន ក្រុងហាណូយ និងម្ឋាងទៀតជាកុំមុយនីស្ត និយមចិនដែលមានភាគច្រើនជាក្រុម​រាជានិយមរបស់ សម្តេច នរោត្តម សីហនុ ដែលគាំទ្រប្រទេចិន ក្រុងប៉េកាំង ។ ប៉ុន្តែប្រសិនបើ​និយាយ​ពី​ក្រុម​ខ្មែរអ្នកប្រជាធិបតេយ្យវិញគឹមានច្រើនបក្ស ច្រើនក្រុមរាប់ភ្លេចតាំងពី​ឆ្នាំ១៩៤១ មក ។ តែទោះយ៉ាង​ណាក៏សមាសភាពនៃក្រុមខ្មែរអ្នកជាតិនិយម តែងមានបង្កប់នៅក្នុងក្រុមខ្មែរកុំមុយនីស្ត និងក្រុមខ្មែរអ្នក​ប្រជាធិបតេយ្យ នាគ្រប់ជំនាន់ ។

          អ្នកតស៊ូរដើម្បីសេរីភាព ឬក្រុមអ្នកប្រយុទ្ធដើម្បីបុព្វហេតុជាតិ មិនមែនជាអ្នកនយោបាយទេ តែជា​ក្រុមចលនាអ្នកជាតិនិយម ដែលតែងតែចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមចលនាបក្សនយោបាយនានា​ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវបរទេសឈ្លានពានទឹកដី ។ នៅក្នុងសម័យ សម្តេច នរោត្តម សីហនុ តស៊ូរ​ទានទារឯករាជ្យពីបារាំង ក៏មានក្រុមអ្នកខ្មែរជាតិនិយមចូលរួមគាំទ្រ សម្តេច សីហនុ ដើម្បីបង្ហាញជំហរ​តស៊ូរប្រឆាំងបារាំង ។ នៅក្នុងសម័យដែល​យួនយៀកកុងឈ្លានពានខ្មែរ ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូល​រួមជាមួយទាំងខាង សម្តេច សីហនុ និងទាំងខាង លោក លន់ នល់ ហើយនៅក្នុងសម័យតស៊ូរនៃចលនា​ត្រីភាគី ដែលធ្វើសង្រ្គាមប្រឆាំងយួនឈ្លានពាន ក៏មានក្រុមខ្មែរអ្នកជាតិនិយមចូលរួមក្នុងចលនានីមួយៗ ទាំងបីភាគី និងក៏មានក្រុមខ្មែរអ្នកជាតិនិយម ចូលរួមជាមួយនិងក្រុមខ្មែរកុំមុយនីស្ត អាយ៉ាងយួន ចូលរួម​ប្រយុទ្ធ វាយខ្មែរអ្នកជាតិនិយមគ្នាឯងផងដែរ ។

          ខ្មែរអ្នកជាតិនិយម ប្រៀបបាននឹងគ្រាប់ពពាលខែ ដែលទុំជ្រុះហើយហើររសាត់អណ្តែតទៅធ្លាក់​នៅគ្រប់ទិសទី តាមតែកម្លាំងខ្យល់បក់ ។ គ្រាប់ពពាលខែ មានទម្ងន់ស្រាល និងមានស្លាបចាក់ស្រដៀង​និងស្លាបកង្ហារ គឺងាយរងទទួលនូវកម្លាំងខ្យល់បាក់ផាត់ និងកួចបញ្ជូនអោយរសាត់បែកខ្ញែកចាកឆ្ងាយពី​ដើមពពាលខែណាស់ ។ ចំណែកឯកម្លាំងខ្យល់ ដែលបក់កួច គឺប្រៀបបានទៅនឹងកម្លាំងមនោគមន៍វិជ្ជា​នោយបាយ របស់ក្រុមបក្ស នៃចលនានយោបាយ ទាំងខាងកុំមុយនីស្ត និងទាំងខាងសេរី ដែលព្យាយាម​ខិតខំប្រើប្រាស់គ្រប់មធ្យោយដើម្បីអូសទាញកម្លាំងអ្នកជាតិនិយម អោយចូលរួមធ្វើជាអ្នកប្រយុទ្ធរបស់​ក្រុមខ្លួន និងធ្វើការប្រយុទ្ធ ពលីកម្មដើម្បីផលប្រយោជន៍របស់ខ្លួន ។

          សង្រ្គាមខ្មែរនិងខ្មែរ ដែលឆាបឆេះក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះបានធ្វើអោយជីវិត​ខ្មែរ​អ្នកជាតិនិយម ស្លាប់រាប់សែននាក់ និងបានធ្វើអោយឈាមអ្នកជាតិនិយម ដែលហូរចេញពីរាងកាយអ្នក​ជាតិនិយម ស្ទើរ​តែ​ក្លាយទៅជាបឹងលោហិត ចំណែកឯកំនរឆ្អឹងរបស់ខ្មែរអ្នកជាតិនិយម បើយកមកផ្តុំគ្នា​ទុកមួយអន្លើ គឺស្ទើរតែក្លាយទៅជា មហាគីរី ។ ប៉ុន្តែសួរថា ជីវិតខ្មែរអ្នកជាតិនិយមដែលបានពលីកម្ម និង​ឈាមខ្មែរអ្នកជាតិនិយម ដែលបានហូរ ក្នុងរយៈកាលកន្លះសតវត្សមកនេះ បានត្រូវមេដឹកនាំនយោបាយ ទាំងនោះគោរព លើកដំកើង អោយតម្លៃ និងកម្កល់ទុកជាគំរូវីរៈភាពសម្រ៉ាប់ខ្មែរទេ?

          ស្តេចបានចូលវាំង ពាក់ម្កុដ សោយសុខស្រណុកខ្លួន លែងវិលវៃ មេទ័ព សេនា គ្រួសារមន្រ្តី បាន​ទទួលបុណ្យសក្តិ ខ្វាក់វិចារណញ្ញាណ អ្នកក្រកាន់តែក្រ ប្រទេសនៅតែក្ញុំគេ ដីកេរដូនតា នៅតែត្រូវ​បរទេស​​កំពុងឈ្លានពាន អ្នកមាន មានលើសលុប អ្នកធំមានអំណាច ងុលងុប លុបសម្លាប់តែជាតិខ្មែរ ។

          មូលហេតុអ្វីទើបមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១?

          បើគ្មានសង្រ្គាមក៏គ្មានការចចារ ហើយបើគ្មានការចចារក៏គ្មានសន្ធិសញ្ញាសញ្ញាសន្តិភាព ។ នៅ​ក្នុង​ប្រវត្តិសាស្រ្ត គ្មានសង្គ្រាមណាអាចបញ្ចប់ជម្លោះនយោបាយបានទេ មានតែសន្ធិសញ្ញាសន្តិភាព ប៉ុណ្ណោះ​ដែលអាចបញ្ចប់សង្រ្គាមបាន ។ សហគមន៍អន្តរជាតិ ដែលមានប្រទេសសហរដ្ឋអាមេរិក ជាអ្នកដឹកនាំផ្តល់​នូវជំនួយយោធាសម្រ៉ាប់ប្រយុទ្ធ ដើម្បីសេរីភាព និងដើម្បីរំដោះ នាពេលនោះបានមើលឃើញថា នៅក្នុង​ចលនា​ត្រី​ភាគី ដែលកំពុងប្រយុទ្ធជាមួយរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពនៃប្រទេសយួន​ក្រុងហាណូយ នាពេលនោះមានពីក្រុមបានចាញ់កុំមុយនីស្តបាត់ទៅហើយ នោះគឺក្រុមចលនាដែលដឹកនាំ​ដោយ សម្តេច នរោត្តម សីហនុ និងក្រុមចលនាដែលដឹកនាំដោយលោក សឺន សាន ហើយមាននៅសល់​តែក្រុមកម្ពុជាប្រជាធិបតេយ្យមួយប៉ុណ្ណោះ ដែលផ្គត់ផ្គង់ដោយប្រទេសចិន ដែលមានកម្លាំងអ្នកប្រយុទ្ធ​ពិត​ប្រាកដ ។ របាយការណ៍សម្ង៉ាត់របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាល របស់អាមេរិក បានប្រាប់រដ្ឋបាល​ក្រុងវ៉ាស៊ីងតោនថា «ស្ថានភាពនៃចលនាអ្នកតស៊ូរខ្មែរនៅជាយដែនខ្មែរ-ថៃ ដែលកំពុងប្រយុទ្ធជាមួយនិង​កងទ័ពយួនកុំមុយនីស្ត និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺមានលទ្ធផលមិនខុសគ្នាជាមួយនិង​សង្រ្កាមដែលរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ប្រយុទ្ធគ្នាជាមួយនិងកុំមុយនីស្ត យួនយៀកកុង​កាលពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ ទេ» ។ របាយការណ៍ដដែលនេះបានបន្តថា «នៅក្នុងចលនារបស់ សីហនុ និងនៅក្នុងចលនារបស់ សឺន សាន គឹមានអំពើរពុករលួយកើតឡើង ដែលអ្នកដឹកនាំនយោបាយ​ទាំងពីក្រុមនេះបានបង្កបក្សពួក កិបកេងជំនួយយោធា ដែលធ្វើអោយជំនួយយោធាជាច្រើនមិនបានធ្លាក់​ដល់ដៃកងទ័ពអ្នកប្រយុទ្ធទេ​ តែត្រូវបានពួកអ្នកដឹកនាំនយោបាយទាំងពីរក្រុមនេះលួចដោះដូរលក់អោយ​ប្រទេសថៃ ដើម្បីយកប្រាក់ចូលក្នុងហោប៉ៅរៀងៗខ្លួន» ។ ក្នុងរបាយការណ៍នោះក៏បានបញ្ជាក់បន្ថែមទៀត​ថា «ជំនួយយោធារបស់អាមេរិក និងក្រុមប្រទេសសម្ព័ន្ធមិត្ត ដែលមានលក្ខខ័ណ្ឌដាច់ខាតមិនជួយដល់​កង​ទ័ពខ្មែរក្រហម ដែលមិនមែនជាចលនាសេរីនោះ ឥឡូវនេះមួយភាគតូចបានទៅដល់ដៃកងទ័ពរបស់ខ្មែរ​ក្រហមហើយ តាមរយៈល្បិចជួលកងទ័ពធ្វើសឹកសង្រ្គាម ដែលក្រុមរបស់ សម្តេច សីហនុ និងក្រុមរបស់​សឺន សាន យកសម្ភារៈនិងជំនួយមួយចំនួននេះទៅជួលកងទ័ពខ្មែរក្រហមធ្វើសង្រ្គាមវាយកងទ័ពយួន​អោយពួកខ្លួន ដោយសារពួកគេគ្មានកងទ័ពប្រយុទ្ធ និងគ្មានមេទ័ពខ្លាំងពូកែ ដែលចេះយុទ្ធសាស្រ្តដឹកនាំ​កងទ័ពប្រយុទ្ធ» ។

          នៅក្នុងឆ្នាំ១៩៨៤ មួយឆ្នាំកន្លះមុនចចាររកសន្តិភាពអោយកម្ពុជា សមាជិកទីភ្នាក់ងារសារព័ត៌មាន​កណ្តាលរបស់អាមេរិក បានជួបសម្ង៉ាត់ជាមួយមេទ័ពនៃចលនាតស៊ូរ ក្នុងក្រុមដែលដឹកនាំដោយ សម្តេច សីហនុ និងក្នុងក្រុមដែលដឹកនាំដោយលោក សឺន សាន ហើយបានឲ្យឱវ៉ាទថា «បើចង់បន្តការប្រយុទ្ធ​អោយឈ្នះកុំមុយនីស្ត នៅក្នុងស្រុកខ្មែរ អ្នកត្រូវហ៊ានសម្លាប់ សម្តេច សីហនុ និង សឺន សាន​ ចោល ។ ពុំនោះទេ សហគមន៍អន្តរជាតិ និងមិនផ្តល់ជំនួយយោធាអ្វីទៀតដល់ក្រុមនេះឡើយ ហើយយើងនឹង​រក​មធ្យោបាយ​ផ្សេងមកបញ្ចប់សង្រ្គាមនេះ ។ ព្រោះបើ សម្តេច សីហនុ និង សឺន​ សាន​ នៅដឹកនាំចលនានៃ​តស៊ូរនេះទៅទៀត នោះអំពើរពុករលួយ ដែលកិបកេងលួចបន្លំ ជំនួយកងទ័ពគឹកាន់តែរីកធំឡើងៗ ហើយ​សង្រ្គាមនេះមិនអាចឈ្នះកុំមុយនីស្ត ដាច់ខាត ។

          បើទោះបីជាមានភ្លើងខៀវយ៉ាងនេះក៏ដោយ ក៏គ្មានមេទ័ពណាម្នាក់ហ៊ាន ហើយដាច់ចិត្ត សម្លាប់ សម្តេច សីហនុ និងសម្លាប់លោក សឺន សាន ចោលដែរ​ ។

          សេចក្តីសម្រេចិត្តរបស់អន្តរជាតិបានប្រែប្រួល សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលី បានយកសេចក្តីសម្រចចិត្តរួមថា ត្រូវតែបញ្ចប់សង្រ្គាមនេះដោយបង្កើតអោយបាននូវសន្ធិសញ្ញាសន្តិភាព​មួយ ដើម្បីនាំយកកម្លាំងសន្តិអន្តរជាតិចូលទៅខាងក្នុងប្រទេសកម្ពុជា ជាប្រយោជន៍ការពារប្រជាពលរដ្ឋ​ខ្មែរដែលស្រលាញ់នូវលទ្ធិប្រជាធិបតេយ្យ ដើម្បីអោយបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញ​ចិត្ត​ហើយដែលងាចការពារសន្តិសុខរបស់ពលរដ្ឋបាន ។

          នេះគឺរឿងរ៉ាវដើមនិងជាលទ្ធផលដែលនាំអោយមានការចចារ និងបង្កើតអោយមានកិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣ តុលា​១៩៩១ ។

          នៅឆ្នាំ១៩៨៩ រដ្ឋមន្រ្តីការបទេសយួន ង្វៀន កឺថាច់​ បានអោយឱវ៉ាទទៅ ជា សុទ្ធ ដែលកាលនោះ​ជាអនុប្រធានប្រឹក្សារដ្ឋមន្រ្តីនៃរដ្ឋាភិបាលអាយ៉ងយួនភ្នំពេញថា «ពួកក្រុមចលនាត្រីភាគី ប្រៀបដូចជាពស់​អត់ក្បាល ម្តងយកក្រុងប៉ារីសធ្វើជាក្បាល និងម្តងយកក្រុងប៉េកាំងធ្វើជាក្បាល ចំណែកឯកន្ទុយគឺនៅឯ​ក្រុងព្យុយ៉ាងប្រទេសកូរ៉េខាងជើង» ។ កាលណោះប្រទេសយួនដឹងយ៉ាងច្បាស់ថា សម្តេច សីហនុ ដែល​បានដើរតួនាទីសំខាន់ក្នុងកិច្ចចចារជាមួយរបបក្រុងភ្នំពេញគឺគ្មានជំហរខ្លួនឯងពិតប្រាកដទេ ក្បាលរបស់​ក្រុង​ប៉ារីស និងក្បាលរបស់ក្រុងប៉េកាំង ដែលសម្តេច សីហនុ ពាក់បន្លំសហគមន៍អន្តរជាតិ និងបិទបាំង​ជាមួយ​សម្ព័ន្ធមិត្តក្នុងចលនាតស៊ូរ គឺជាលេសនយោបាយមួយ ដើម្បីស្វែងរកផ្ទះពិតប្រាកដដែល​មាន​ស្រាឆ្ងាញ់ និងគ្រឿងក្លែមដែល សម្តេច សីហនុ ខ្លួនចូលចិត្តតែប៉ុណ្ណោះ ។ ចំណែកនៅឯដំណាក់នាទី​ក្រុង​ព្យុង​យ៉ាង​ប្រទេសកូរ៉េ ខាងជើង នាងម៉ូនិក​ដែលជាប្រពន្ធបដិវត្តន៍ របស់ សម្តេច សីហនុ គឺសូម្បីផ្លែប៉ោម​ស្អុយ​ក៏គ្មាន​នៅលើចានសម្រ់ាប់ឆីផង ។ ដូច្នោះហើយបានជា ង្វៀន កឺថាច់ បានបញ្ជាក់ប្រាប់ ជា សុទ្ធ នៅ​ក្នុងជំនួប​នោះថា «យើងមានបក្ស និងរដ្ឋ ដែលបក្សជាអ្នកដឹកនាំរដ្ឋ ហើយរដ្ឋជាអ្នកបម្រើបក្ស ចំណែក​ចលនា​ត្រី​ភាគីដែលមាន សីហនុ ជាអ្នកតំណាងហើយក្បាលនោះ គឺមានកន្ទុយបក់ចុះបក់ឡើងនៅឯ​ទីក្រុង​ព្យុងយ៉ាង​ឯណោះទេ ។ ដូចនេះពោះដែលគ្មានក្បាលបែបនេះមិនបាច់រកចាប់ក្បាលទេ តែត្រូវចាប់​កន្ទុយអោយជាប់​ធ្វើយ៉ាងណាត្រូវយក សម្តេច សីហនុ អោយមកបម្រើបក្ស និងរដ្ឋ របស់យើង ហើយ​ដើម្បី​ចាប់ សីហនុ បានគឹត្រូវចាប់កន្ទុយពោះ ពោលគឺត្រូវតែចាប់នាង ម៉ូនិក អោយជាប់» ។

          ដូច្នោះហើយបានជាមុនពេលសម្រេចកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ជំនួបសម្ង៉ាត់មួយបានកើតឡើងរវាង សម្តេច​ សីហនុ ហ៊ុន សែន និងអគ្គរដ្ឋទូតយួនក្រុងហាណូយ ប្រចាំ​នៅ​ទីក្រុងប៉ារីស​នៅចំពោះមុខវត្តមានរបស់ នាងម៉ូនិក និង ដែលមានក្រុមគ្រួសាររបស់ ពុង ប៉េងចេង (ក្រុម​គ្រួសារឳពុក​របស់លោកស្រី ពុង ឈីវ ហ្គេច ឬ ហ្គេច ហ្គាឡាប៊្រូ ប្រធានអង្គការ លីកាដូ នៅទីក្រុងភ្នំពេញសព្វថ្ងៃនេះ) ធ្វើជាអ្នកសម្របសម្រួលជំនួបសម្ង៉ាត់នោះ ។ នៅក្នុងជំនួបសម្ង៉ាត់នោះកិច្ច​ព្រមព្រៀងចំនួនបីចំណុចដែល សម្តេច សីហនុ អគ្គរដ្ឋទូតយួនប្រចាំទីក្រុងប៉ារីស តំណាងរដ្ឋាភិបាលយួន​ក្រុងហាណូយ និង ហ៊ុន សែន បានព្រមព្រងគ្នាគឺ៖ ១) គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន​ព្រមទទួលព្រះបុត្រមួយអង្គរបស់ សម្តេច សីហនុ ឈ្មោះ នរោត្តម ចក្រពង្ស អោយចូលក្នុងរដ្ឋាភិបាល​ហើយតែងតាំងជាឧប្បនាយករដ្ឋមន្រ្តី ដើម្បីជាការបញ្ជាក់ថាភាគីទាំងសងខាងទុកចិត្តគ្នា ។ ២) ក្រោយ​ពេលបោះឆ្នោតហើយ ប្រមុខនៃគណបក្សប្រជាជនកម្ពុជា ត្រូវឯកភាពលើសំណើរស្នើរសុំអោយ សម្តេច សីហនុ ឡើងគ្រងរាជ្យធ្វើជាស្តេចសាជាថ្មី ។ ៣) ព្រះរាជាវាំងរបស់សម្តេច សីហនុ ត្រូវថ្វាយគរមងាឋានៈ​ជា សម្តេច ដល់មេដឹកនាំនៃគណបក្សប្រជាជនទាំងបីនាក់គឺ ជា ស៊ីម ហេង សំរិន និង ហ៊ុន សែន ។ នៅ​ក្នុងករណីដែលអង្គការសហប្រជាជាតិមិនព្រមដកខ្លួនចេញពីកម្ពុជា សម្តេច​ សីហនុ ត្រូវប្រើប្រាស់តួនាទី​ជាប្រធានឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា បណ្តេញអង្គភាពអន្តរជាតិនេះអោយចេញពីប្រទេសកម្ពុជា ចំណែក​ឯ នរោត្តម ចក្រពង្ស ត្រូវរៀបចមផែនការប្រជាភិថុរមួយ ដោយដឹកនាំកម្លាំងអប្បគមន៍ ក្នុងរកណីដែល​គណបក្សប្រជាជន ចាញ់ឆ្នោត ។ យកឈុតឆាកនេះធ្វើជាលេសបណ្តេញអង្គការសហប្រជាជាតិ អោយ​ចេញពីស្រុកខ្មែរផង និងយកលេសបិទបាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីចែកតួនាទីអោយមេដឹកនាំ​គណបក្សប្រជាជន​កម្ពុជា ទុកជីវិតនយោបាយពួកកុំមុយនីស្ត ដើម្បីប្រើដៃពួកនេះអោយសម្លាប់ក្រុមអ្នក​សាធារណរដ្ឋនិយម ដែលប្រឆាំង សីហនុ ជាយូយាណាស់មកហើយផង ។

          ល្បិចនយោបាយដែលប្រទេសយួន ក្រុងហាណូយ និងប្រទេសចិន ក្រុងប៉េកាំង បានរៀបចំអោយ​សម្តេច​ សីហនុ និង ហ៊ុន សែន បានបានជួបគ្នាជាសម្ង៉ាត់ មុនកិច្ចព្រព្រៀងសន្តិភាព ទីក្រុងប៉ារីស បាន​អនុម័ត្តនាថ្ងៃទី ២៣ តុលា ១៩៩១ នេះហៅថា «យុទ្ធសាស្រ្តអោយ ឆ្មាខ្វាក់ ជួបនិង កណ្តុរ ងាប់» ។​

          មានន័យថា សម្តេច សីហនុ ប្រៀបបាននឹងសត្វ កណ្តុរ ងាប់មួយក្បាល ចំណែកឯ ហ៊ុន សែន គឹ​ប្រៀបបាននឹង ឆ្មាខ្វាក់ មួយក្បាល ដែលប្រទេសចិនត្រូវតែគ្រវែងចោលសត្វកណ្តុរងាប់មួយក្បាលនេះមក​អោយប្រទេសយួន ក្រុងហាណូយ យកទៅធ្វើជាចំណីរបស់ ឆ្មាខ្វាក់ មួយក្បាលដែលយួន ក្រុងហាណូយ​បានចិញ្ចឹមទុកតាំងពីក្រោយថ្ងៃ ០៧ មករា ១៩៧៩ មក ។

          ដូចនេះក្រុមខ្មែរអ្នកជាតិនិយម ដែលដើរតាម និងខំទុកចិត្តអ្នកនយោបាយ កណ្តុរ ងាប់មួយក្បាល​នេះ នៅចុងបញ្ចប់គឺត្រូវក្លាយទៅជាចំណីរបស់ឆ្មាខ្វាក់ទាំងអស់ ។ ឆ្មាខ្វាក់មិនអាចចាប់កណ្តុរបានដោយ​ខ្លួនឯងមែន តែម្ចាស់ឆ្មាជាអ្នកបាញ់កណ្តុរអោយសត្វឆ្មា ដោយសារមានសត្វកណ្តុរងាប់មួយក្បាលទុកធ្វើ​ជានុយសម្រ៉ាប់អូសទាញ សត្វកណ្តុរផ្សេងទៀតដែលប្រាថ្នាចូលមកហែហម ជួយធ្វើបុណ្យ ។ ដូច្នោះ​ហើយ​បាន​ជាគ្រប់កាលៈទេសៈសំខាន់ ប្រទេសយួន ក្រុងហាណូយ​ តែងតែប្រើនុយ កណ្តុរ​ងាប់មួយក្បាល​នេះ ដើម្បីធ្វើជាធ្នាក់ទាក់ទាញ សម្លាប់ និងបំផ្លាញចលនានៃគណបក្សនយោបាយទាំង​អស់ដែលប្រឆាំង​ជា​មួយ​និង​​គណបក្ស​អាយ៉ងរបស់យួន​នៅភ្នំពេញ ។​

          ដូចនេះហើយបានជាយើងឃើញថា​ បើទោះបីជាកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង​ប៉ារីស​២៣​ តុលា ១៩៩១ តែរដ្ឋាភិបាល ហ៊ុន សែន បានព្យាយាមសម្លាប់សមិទ្ធិផល នៃកិច្ចព្រមព្រៀងនេះ និង​បានបន្តផ្តល់ជីវិតអោយកិច្ចព្រមព្រៀងនានា​ដែលរដ្ឋាភិបាលយួន ក្រុងហាណូយ បានបង្ខំចុះហត្ថលេខាជា​មួយនិងរដ្ឋាភិបាលអាយ៉ង ក្រុងភ្នំពេញកាលពីចន្លោះឆ្នាំ ១៩៧៩ – ១៨៩៨៩ ។ ចំណែកឯជីវិតរបស់​ប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តស្លាប់ ហើយឈាមខ្មែរអ្នកជាតិនិយម ក៏នៅតែបន្តហូរ ដាបលើ​ដី ព្រោះតែនយោបាយសហប្រតិបត្តិការ រវាងកុំមុយនីស្ត អាយ៉ងយួន និងរាជានិយមសក្តិភូមិ របស់ នរោត្តម សីហនុ ។

          គណបក្ស ហ៊្វុនស៊ិបប៉ិច រលាយដោយសាររូបមន្តសហនាយករដ្ឋមន្រ្តី របស់យួន ក្រុងហាណូយ ដោយប្រើប្រាស់ដៃ សម្តេច សីហនុ គណបក្សប្រជាធិបតេយ្យ សេរីនិយម ព្រះពុទ្ធសាសនា របស់លោក សឺន សាន រលាយគឹដោយសារ សឺន សាន ព្រមព្រៀងថ្វាយបាយមួយឆ្ពក់នេះទៅអោយ សម្តេច សីហនុ ជាអ្នកសម្រេចជោគវាសនានៅក្រោយបោះឆ្នោតឆ្នាំ ១៩៩៣ ។ មកដល់ពេលនេះ តើក្រុម​​គណបក្ស សម រង្ស៊ី និង ក្រុមគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ហ៊ានទទួលស្គាល់ចំណុចខ្លាំង​របស់សត្រូវ និងទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឯងដែរឬទេ?

ចំណុចខ្សោយរបស់ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា​នោះគឺ​ពេល​មានវិបត្តិរត់ទៅលន់តួរ សុំអង្វសម្តេច សីហនុ អោយជួយអន្តរគមន៍ដោះស្រាយ តែចំណុចខ្លាំង​របស់​គណបក្សប្រជាជនកម្ពុជា នោះគឺពេលគេត្រូវការ​ប្រើប្រាស់សម្តេច សីហនុ គឺគេសម្លុតអោយអោយ សីហនុ​ធ្វើកិច្ចការបម្រើបក្ស និងរដ្ឋរបស់គេ តាមការចង់បានរបស់ក្រុងហាណូយ ។

          យ៉ាងដូច្នោះ តើសម្តេច សីហនុ ជាសន្លឹកបៀរបស់អ្នកណា?​

One Response to តើ នរោត្តម សីហនុ ជាសន្លឹកបៀរបស់អ្នកណា?

  1. um savan says:

    បើយើងនិយាយ និងពិចារាណាព្រមទាំងប្រៀបធៀបព្រះមហាក្សត្រមួយ
    ព្រះអង្គទៅជាសន្លឹកបៀរវាហាក់បីដូចជាយើកំពុងតែប្រមាណមើលងាយ
    ព្រះមហាក្សត្រ ដែលមានវង្សត្រកូលជាក្សត្រផែនដី ។ ចុះបើយើងយក រូបព្រះប្រដូចនិងអ្វីផ្សេងបានដែរឬទេ? យើងត្រូវចាំថាយើងទាំងអស់គា្ន
    ជាកូនខ្មែរ យើងគួរតែរួបរួមគ្នាស្វែងរកគំនិតណាដែលល្អហើយមានប្រ
    យោជន៏និងគំនិតណាដែលមានលក្ខណៈពិរសសមទៅនិងប្រភេទឋានៈ
    និងតួរនាទីរបស់មនុស្សផង ព្រោះមនុស្សយើងត្រូវមានគតិបណ្ឌិតក្នុង ការគិត និងចេះស្វែងយលនូវអ្វីដែលល្អញ្ញែកឱ្យដាច់ពីគ្នារវាងអាក្រកនិង
    ល្អ ខ្មៅ និងសរ ខុស និងត្រូវ ។ ព្រោះយើងជាកូនខ្មែរនិងត្រូវរៀននិយាយ
    ឱ្យល្អដើម្បីឱ្យកូនខ្មែរទាំងឡាយដែលបានអានទាំងអស់យកគំរូតាម ។
    ដូចមានសុភាសិតមួយបាននិយាយថា ( កុមាជាទំពាំងស្នងឬស្សី ) តែបើ
    គ្មានឬស្សីនៅឈរអមជាមួយទំពាំងទេទំពាំងមិនអាចក្លាយជាឬស្សីបានល្អឡើយ ។ ខ្ញុំសោកស្តាយណាស់ដែលកូនខ្មែរទាំងឡាយចូលចិត្តគិត
    នូវគំនិតអាត្មានិយម មិនដែលយល់ពីអារម្មណ៏របស់អ្នកដ៏ទៃ ហើយព្រម
    ទាំងមិនរួបទួមសាមគ្គីគ្នាក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់ខ្លួនឯទេ គឺគិតតែរិះរកកលល្បិចដើម្បីសម្លាប់និងបំបាក់គ្នាទៅវិញទៅមក​។
    ហើយយើងដឹងទេថាការធ្វើបែបនេះគឺវាបានធ្វើឱ្យប្រទេសជិតខាងនិង
    ជនបរទេសគេមើលងាយដល់ប្រទេសរបស់យើង និងធ្វើឱ្យជនបរទេស
    មានឪកាសក្នុងការឆ្លានពានចូលមកក្នុងប្រទេសរបស់យើងបានយ៉ាង
    ងាយស្រួលបំផុត ។ ខ្ញុំគិតថាកូនខ្មែរទាំងអស់គ្នាគួរនាំគ្នាគិតឡើងវិញ
    ហើយនាំគ្នារួបរួមគ្នាជាមនុស្សតែមួយដើម្បីជួយស្តារប្រទេសរបស់យើង
    ឡើងវិញណា បើយើងជាខ្មែរយើងគួរនាំគ្នាជួយខ្មែរគ្នាឯងស្រលាញខ្មែរ
    គ្នាឯងនិងនាំគ្នាធ្វើដើម្បីខ្មែរកុំឱ្យប្រទេសរបស់ធ្លាក់ចូលក្នុងកណ្តាប់ដៃ
    របស់ជនបរទេសជាមិនខានឡើយ បើយើងមិននាំគ្នារួបរួមជាមួយគ្នាទេ
    កូនខ្មែរទាំងឡាយដឹងទេថានៅពេលដែលខ្ញុំបាទនឹកដល់រឿងទឹកដីខ្មែរ
    ខ្ញុំសែនសង្វែក ព្រោះខ្ញុំជាកូនខ្មែរខ្ញុំស្រលាញ់ទឹកដីខ្មែរណាស់ ខ្ញុំគោរព
    ខ្មែរណាស់គឺដោយសារខ្ញុំជាកូនខ្មែរ។ ជាចុងក្រោយខ្ញុំអំពាវនាវដល់កូន
    ខ្មែរថាកូនខ្មែរទាំងអស់គិតឡើងវិញណា ហើយរួបរួមគ្នាទៅណាកូនខ្មែរ
    ណា ។ ហើយក្នុងនាមយើងជាកូនខ្មែរយើងត្រូវនិយាយភាសារខ្មែរ និង
    ប្រើប្រាស់ភាសារឱ្យបានសមរម្យណា ។ (​ ខ្មែរកុំមើលងាយខ្មែរ )
    (​ ខ្មែរត្រូវចេះស្រលាញ់ខ្មែរ )​ ( ខ្មែរត្រូវចេះជួយខ្មែរ ) (​ កូនខ្មែរត្រូវរួបរួមគ្នា ដើម្បីទឹកដីខ្មែរ និងដើម្បីកូនខ្មែរ ) ។ ( សាវ៉ាន់ UK )​ ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: